ដោយ .វុត្ថា
តូក្យូ ៖ លោក MAEDA Ryuhei ទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការអន្តរជាតិរបស់ក្រុមហ៊ុន ANA បានបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ក្រុមហ៊ុនANA មិនទាន់អាចហោះហើរធម្មតាឡើងវិញបានទេ តែអាចមានការហោះហើរពិសេស (Charter flight) ក្នុងករណីមានការស្នើសុំរបស់អ្នកដំណើរជាក្រុម ។

លោក MAEDA Ryuhei ឱ្យដឹងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅក្នុងប្រទេសជប៉ុន និង TAKAHASHI Fumiaki ប្រធានសមាគមជប៉ុនកម្ពុជាកាលពីថ្ងៃទី ៧ ខែកញ្ញា ម្សិលមិញនេះ អំពីលទ្ធភាពនៃការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ ANA ណារីតា-ភ្នំពេញ-ណារីតា ឡើងវិញក្នុងពេលខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងជំនួបពិភាក្សាជាមួយ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនដែលមកពេញទស្សនកិច្ចនៅកម្ពុជា កាលពីចុងខែសីហាឆ្នាំ ២០២០កន្លងមកនេះ បានស្នើភាគីជប៉ុនសម្របសម្រួលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនអាកាសចរណ៍បើកដំណើរការហោះហើរឡើងវិញ ដើម្បីបង្កើនទំហំពាណិជ្ជកម្ម។

សម្តេចតេជោថ្លែងថា “ការហោះហើរឡើងវិញនេះ នឹងអាចនាំអោយការធ្វើដំណើររវាងប្រទេសទាំងពីរមានសភាពការណ៍ធម្មតាឡើងវិញ ជាពិសេសត្រូវអនុវត្តនូវវិធានការមួយចំនួនផងដែរ។ សម្តេចតេជោបន្តថា “ការហោះហើរឡើងវិញនេះ នាំអោយមានការកើនឡើងក្នុងទំហំពាណិជ្ជកម្មការ និងវិនិយោគផងដែរ”។
សម្ដេចតេជោបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ កម្ពុជា- ជប៉ុនមានទំហំពាណិជ្ជកម្មប្រមាណ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុន១,២ ពាន់លានដុល្លារហើយជប៉ុននាំចូលមកកម្ពុជាវិញ០,៨ ពាន់លានដុល្លារ ។ ដោយឡែកនៅក្នុងឆ្នាំ២០២០ នេះ រយៈពេល៩ខែ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានប្រមាណ៨០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនប្រមាណ៥០០លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជាប្រមាណ៣០០លានដុល្លារ៕






