ដោយ ៖ វុត្ថា
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យមានការយកចិត្តទុកដាក់ទៅលើការបង្កើនសុវត្ថិភាពការងារនៅក្នុងការដ្ឋានសំណង់នានានៅទូទាំងប្រទេស ដើម្បីបញ្ចៀសហានិភ័យដែលអាចកើតមានជាយថាហេតុ។

រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហ៊ុយ ហានសុង នៅក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្ដីពីការការកែលម្អរបៀបធ្វើការងារនៅតាមការដ្ឋានសំណង់ខ្នាតតូច (WISCON) នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះបានជំរុញឱ្យមន្ត្រីពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចពង្រឹងលទ្ធភាពក្នុងការតាមដានទៅលើសុវត្ថិភាពការងារនៅក្នុងការដ្ឋានសំណង់ ជាពិសេសបញ្ហាសុខភាពរបស់កម្មករសំណង់។
ពាក់ព័ន្ធទៅនឹងការបង្កើនសុវត្ថិភាពការងារនៅក្នុងការដ្ឋានសំណង់នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយគម្រោងលើកកម្ពស់ស្តងដារសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ នៃអង្គការអន្តរជាតិខាងការងារ (ILO/OSH Project) នៃមូលនិធិរាជរដ្ឋាភិបាលជប៉ុន បើកវគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្គោលស្តីពីការកែលម្អរបៀបធ្វើការងារនៅតាមការដ្ឋានសំណង់ខ្នាតតូច (WISCON) និងចំណេះដឹងជាមូលដ្ឋាន សារធាតុអាបេសស្តុស មានរយៈពេល២ថ្ងៃ។

ជាមួយគ្នានេះ លោក ហ៊ុយ ហានសុង បានស្នើដល់មន្ត្រីទាំងអស់ឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការបំពេញការងារស្តីពីសុខភាព និងសុវត្ថិភាពការងារក្នុងការដ្ឋានសំណង់ និងយកចំណេះដឹងទាំងនេះ ទៅប្រើប្រាស់ក្នុងការចុះអធិការកិច្ចតាមការដ្ឋានសំណង់ និង ធ្វើការផ្សព្វផ្សាយបន្តទៅដល់បងប្អូនកម្មករនិយោជិតដែលបំរើការងារក្នុងវិស័យសំណង់ ដែលស្ថិតក្នុងដែនអនុវត្តរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន៕






