ដោយៈប៊ី
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានិងអាល្លឺម៉ង់ បានឯកភាពផ្តោតចម្បង លើការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព ដោយប្តូរពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានបែបលក្ខណៈគ្រួសារ។ នេះបើយោងតាមការលើកឡើង របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ។

ការសម្រេចបែបនេះ បានធ្វើឡើងក្នុងកិច្ចពិគ្រោះយោបល់កម្រិតវិស័យ រវាងរាជរ ដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ដែលមានការចូលរួមពី លោកឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈ កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) និងលោក Sascha Reebs លេខាទី១ ទទួលបន្ទុកផ្នែកកិច្ចសហប្រតិបត្តិកា រនៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា គោលដៅចម្បងនៃកិច្ចពិគ្រោះយោបល់នាថ្ងៃនេះ គឺដើម្បីពិនិត្យ វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា -អាល្លឺម៉ង់ ក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច មូលដ្ឋាននាឆ្នាំកន្លងមក ព្រមទាំងកំណត់ទិសដៅ និងអាទិភាពសម្រាប់ពេលអនាគត ដើម្បីឆ្ពោះទៅសម្រេចបានការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងចីរភាពនៅកម្ពុជា។
ជាមួយគ្នានេះភាគីទាំងពីរក៏បានពិភាក្សា និងកំណត់ទិសដៅ និងអាទិភាពសម្រាប់កម្មវិធីស្តីពីការលើក កម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា។ ជាលទ្ធផល ភាគីទាំងបានឯកភាព ដោយផ្តោតចម្បងលើការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងចីរភាព ដោយប្តូរពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន បែបលក្ខណៈគ្រួសារ ដែល ផ្តោតលើតែវិស័យកសិកម្ម ទៅជាការធ្វើពិពិធកម្ម និងទំនើបកម្មសេដ្ឋកិច្ច ដែលផ្តោតការគាំទ្រដល់សហគ្រាសធុន តូច និងមធ្យមនៅកម្ពុជា ក្នុងវិស័យឧស្សាហកម្ម កសិ-ឧស្សាហកម្ម ការកែច្នៃចំណីអាហារ និងការបណ្តុះបណ្តាល បច្ចេកទេស ដោយបញ្ចូលនូវការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសពីវិស័យឯកជន។
ភាគីអាល្លឺម៉ង់បានផ្តល់បរិញ្ញប្បទាន ឥតសំណងចំនួន៨លានអឺរ៉ូ ដល់កម្មវិធីនេះសម្រាប់ រយៈពេល៣ឆ្នាំ (២០២០-២០២២) ដែលគ្រោងនឹងអនុវត្តនៅក្នុងរាជធានី -ខេត្តគោលដៅចំនួន ៥រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងរាជធានីភ្នំពេញ ។

ជាមួយគ្នានេះកម្ពុជា និងអាល្លឺម៉ង់ កិច្ចពិគ្រោះយោបល់កម្រិតនយោបាយស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីពិនិត្យជារួមលើវឌ្ឍនភាពនៃការអនុវត្តគម្រោងគ្រប់វិស័យ និងទិដ្ឋភាពនានា នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៏កម្ពុជា-អាល្លឺម៉ង់នាពេលបច្ចុប្បន្ន និងនាពេលអនាគត ក៏ដូចជា ពិនិត្យលើសំណើគម្រោងថ្មី និងគម្រោងអនុវត្តបន្តក្នុងបណ្តាឆ្នាំខាងមុខ សម្រាប់ភាគីអាល្លឺម៉ង់ពិចារណាបន្តផ្តល់ការគាំទ្រក្នុងឆ្នាំ២០២១ខាងមុខ៕






