ដោយគង់ សូរិយា
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសាធារណៈការបានអះអាងថា បច្ចុប្បន្នអ្នកជំនាញកូរ៉េកំពុងសិក្សាលើលទ្ឋភាពសាងសង់ស្ពាន តភ្ជាប់រវាងតំបន់ជជ្រោយចង្វារ ទៅកាន់តំបន់ស្វាយជ្រុំ ក្នុងស្រុកល្វាឯមហើយ។

លោកវ៉ាស៊ីមសូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១០កញ្ញានេះថាបច្ចុប្បន្នអ្នកជំនាញការមកពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការនៃសាធារណៈរដ្ឋកូរ៉េ(KOICA) បាននិងកំពុងសិក្សាពីលទ្ឋភាពសាងសង់ស្ពាននេះហើយ ប៉ុន្តែលទ្ឋភាពសាងសង់នាពេលណា និងបញ្ចប់ការសិក្សានៅពេលណា កូរ៉េមិនទាន់បានដាក់របាយការណ៍ជូនក្រសួងនៅឡើយទេ។
លោកបន្តថា“យើងមិនទាន់ដឹងថា ការសិក្សានឹងបញ្ចប់នៅពេលណាទេ ហើយនឹងចាប់ផ្តើមសាងសង់នៅពេលណានោះដែរ”។លោកបន្តថា “ស្ពាននេះអាចមានប្រវែងវែងជាងស្ពានជ្រោយចង្វារសព្វថ្ងៃ”។

លោកវ៉ាស៊ីមសូរិយាបានបន្តឲ្យដឹងទៀតថាតាមធម្មតាសិក្សាតែងតែធ្វើនៅទីតាំងពីរឬបីដើម្បីមានជម្រើសច្រើនក្នុងការស្ថាបនាហេតុនេះយើងមិនទាន់ដឹងច្បាស់ថាស្ពាននេះនឹងតភ្ជាប់ចេញពីតំបន់ណានៅឡើយទេ។
ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាធ្លាប់បានលើកសំណើរសុំជំនួយស្ពាននេះពីសមភាគីរបស់លោកគឺលោកប្រធានាធិបតីម៉ូនជេអ៊ីនប៉ុន្តែសំណើរខាងលើមិនទាន់សម្រេចបែបណាជាក់លាក់នៅឡើយទេ៕






