ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្ថានឯកអគ្គរាជទូតនៃកម្ពុជា ប្រចាំប្រទេសជប៉ុនបានឱ្យដឹងថា ដោយសារការរីករាលដាលជំងឺCovid-19 ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសជប៉ុន ALL NIPPON AIRWAYS (ANA) បានប្រកាសផ្អាកជើងហោះហើរណារីតា–ភ្នំពេញ–ណារីតា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះបានឱ្យដឹងថា ដោយសារតែបញ្ហាដែលកើតមានឡើងក្រោមវិបត្តិនៃជំងឺ Covid-19 ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA បានសម្រេចបន្តការពន្យាពេលហោះហើររបស់ខ្លួនមកកាន់កម្ពុជារហូតដល់ថ្ងៃទី៣១ខែតុលាហើយអាចនឹងចាប់ដំណើរការឡើងវិញនៅក្នុងដំណាក់កាលសមស្របនៅដើមខែវិច្ចិការឆ្នាំ២០២០ខាងមុខនេះ។
កាលពីពេលកន្លងទៅថ្មីៗនេះ សមាគមធុរកិច្ចជប៉ុននៅកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា គ្រោងចុះញ្ញាតិរួមគ្នា ដើម្បីស្នើសុំឱ្យក្រុមហ៊ុនអាកាសចរណ៍ ANA របស់ជប៉ុន បន្តប្រតិបត្តិការនៃជើងហោះហើរត្រង់មកកាន់កម្ពុជា ដែលនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់វិស័យទេសចរណ៍ វប្បធម៌ និងធុរកិច្ចរវាងប្រទេសកម្ពុជា–ជប៉ុន។ ជាមួយគ្នានេះ សមាគមធុរកិច្ចជប៉ុននៅកម្ពុជា ក៏បានចេញសេចក្តីអំពាវនាវ និងសំណូមពរសុំការគាំទ្រ ពីសំណាក់សមាជិករបស់ខ្លួននៅកម្ពុជា ស្នើដល់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA បន្តធ្វើការហោះហើរត្រង់រវាងភ្នំពេញ –ណារីតាឡើងវិញ មុនពេលកំណត់ បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានប្រកាសផ្អាកដំណើរការ។
ក្រុមហ៊ុន ANA បានប្រកាសកាត់បន្ថយទិសដៅហោះហើរ មួយចំនួនដែលមិនសូវទទួលបានផលចំណេញ និងគុណប្រយោជន៍ ដែលតម្រូវការមានការថយចុះយ៉ាងគំហុក ដោយសារការជះឥទ្ធិពលអវិជ្ជមាននៃជំងឺប្រភេទថ្មី COVID-19 ។
នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេធ្លាប់បានឱ្យដឹងថា ជប៉ុនមានបំណងចាប់ផ្តើមពិភាក្សាលើការបន្តអាជីវកម្មជើងហោះហើរ ជាមួយប្រទេសចំនួន១០បន្ថែមទៀត រួមមាន ចិនដីគោក កូរ៉េខាងត្បូង នតៃវ៉ាន់ សិង្ហបុរី ម៉ាឡេស៊ី ព្រុយណេ មីយ៉ាន់ម៉ា កម្ពុជា ឡាវ និងម៉ុងហ្គោលីផងដែរ។
ប្រទេសជប៉ុន បានបើកកិច្ចពិភាក្សាស្រដៀងគ្នានេះរួចហើយ ជាមួយប្រទេសវៀតណាម ថៃ អូស្រ្តាលី និងនូវែលហ្សេឡង់ ហើយបានទទួលអ្នកដំណើរជាអ្នកជំនួញជនជាតិជប៉ុនប្រមាណ៤៤០នាក់នៅចុងខែមិថុនា។ ផែនការរបស់ទីក្រុងតូក្យូ សម្រាប់ការបើកឡើងវិញ នូវការធ្វើដំណើរតាមជើងហោះហើរទៅកាន់ប្រទេស ដែលមានទំនាក់ទំនងយ៉ាងល្អជាមួយប្រទេសជប៉ុន ហើយមានការគ្រប់គ្រងបានល្អ ចំពោះការរីករាលដាលនៃជំងឺ Covid-19 ៕