ដោយ ហ្សូលី
ភ្នំពេញ៖ ខេត្តកំពតមានលក្ខណៈពិសេសជាច្រើនចំនុច ដែលបណ្តាលឱ្យក្រុមហ៊ុនអន្តរជាតិទាំងក្នុងស្រុកនិងក្រៅស្រុក សម្រេចចិត្តមកបោះទុនវិនិយោគលើវិស័យចំនួន ២ ផ្សេងគ្នា ដែលជាកាតាលិករជម្រុញឱ្យខេត្តកំពតកាន់តែមានភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

ក្រុមហ៊ុនអន្តរជាតិមួយចំនួនបានបោះទុនជាច្រើនលានដុល្លារក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារកម្រិតផ្កាយ៤ អាគារផ្សារទំនើប មណ្ឌលកំសាន្ត ខុនដូរ និងសេវាទេសចរណ៍នៅជាប់មាត់សមុទ្រ។ ការអភិវឌ្ឍទាំងនេះ ជាឱកាសក្នុងការជ្រោមជ្រែងដល់ទីផ្សារអចលនទ្រព្យក្នុងខេត្តទាំងមូល និងចូលរួមបង្កើនសក្តានុពលទេសចរណ៍យ៉ាងខ្លាំងក្លា។
ជាក់ស្តែង វិនិយោគិនចាប់អារម្មណ៍ទៅលើការវិនិយោគក្នុងវិស័យបដីសណ្ឋារកិច្ចធំៗ ជាហេតុបណ្តាលឱ្យខេត្តកំពតទទួលបានគម្រោងអភិវឌ្ឍលើការសាងសង់សណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ និងផ្ទះលម្ហែកាយ។ ដើម្បីឆ្លើយតបទៅនឹងសក្តានុពលទេសចរណ៍ ភូមិសាស្រ្ត និងតម្រូវការរបស់ប្រជានជនកម្ពុជា រួមទាំងភ្ញៀវទេសចរអន្តរជាតិ ខេត្តកំពតបច្ចុប្បន្នមានគម្រោងបង្កើតរមណីយដ្ឋានកែច្នៃជាច្រើនទីតាំងផងដែរ។
ក្រឡេកទៅវិស័យហេដ្ឋារចនាសម្ព័ន្ធដែលជាបណ្តាញទ្រទ្រង់សេដ្ឋកិច្ច និងសក្តានុពលរបស់ខេត្ត ក៏មានការអភិវឌ្ឍឆាប់រហ័ស និងកំពុងដំណើរការសាងសង់ជាច្រើនគម្រោងដូចជា កំពង់ផែទឹកជ្រៅ គម្រោងអភិវឌ្ឍតំបន់ឆ្នេរ ស្ពានឆ្លងកាត់ កំពង់ផែទេសចរណ៍ជាដើម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍកំពង់ផែទឹកជ្រៅគឺជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្រ្តដ៏សំខាន់មួយមានគោលដៅតភ្ជាប់ការដឹកជញ្ជូនតាមរបៀងមាត់សមុទ្រក្នុងតំបន់ គឺតភ្ជាប់ពីប្រទេសវៀតណាម ទៅកាន់ប្រទេសថៃ ដោយឆ្លងកាត់ខេត្តចំនួន ៣ របស់កម្ពុជា ក្នុងនោះមានខេត្តកំពត។
កាលពីថ្មីៗនេះ រដ្ឋបាលខេត្តកំពតបានគោរពអនុវត្តតាមគម្រោងនិងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍខេត្តកំពតឱ្យក្លាយទៅជាតំបន់ទេសចរណ៍ប្រណីតបែបធម្មជាតិ និងរិះរកមធ្យោបាយក្នុងការបង្កើនកំណើនទេសចរឱ្យបាន ២.៥ លាននាក់ នៅឆ្នាំ ២០២៣៕






