ការសាងសង់ច្រកទ្វារអន្តរជាតិព្រំដែនកម្ពុជា-វៀតណាម ម៉ឺនជ័យ សម្រេចបានជាង៩០ភាគរយ

0

ដោយ ៖ រ៉ាណេត

ព្រៃវែង ៖ ដំណើរការនៃការសាងសង់ច្រកទ្វារអន្តរជាតិព្រំដែនកម្ពុជា-វៀតណាម ម៉ឺនជ័យ ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង ដែលជាប់នឹងច្រកទ្វារតំបន់ព្រំដែន តឺនណា ខេត្តតៃនិញ ប្រទេសវៀតណាម រហូតមកដល់ពេលនេះសម្រេចលទ្ធផលបានជាង៩០ភាគរយ។

អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក គៀត ច័ន្ទថារិទ្ធ នៅក្នុងដំណើរចុះត្រួតពិនិត្យការសាងសង់នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ បានជំរុញដល់ក្រុមហ៊ុនទទួលម៉ៅការសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ កម្ពុជា-វៀតណាម ពន្លឿននូវការសាងសង់នេះឱ្យឆាប់រួចរាល់ ព្រោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំ២០២០នេះហើយ។

លោកបានបញ្ជាក់ថា រដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃបានសម្រេចដំឡើងកម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ (កម្ពុជា-វៀតណាម) និងត្រៀមដាក់ឱ្យដំណើរការជាផ្លូវការនាពេលខាងមុខដ៏ខ្លី ដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម និង សម្រួលដល់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ ព្រមទាំងដឹកជញ្ជូនទំនិញ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានឯកភាពគ្នាដំឡើងច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារអន្ដរជាតិ ដើម្បីបង្កើនកិច្ចសហការជាមួយប្រទេសជិតខាង និងសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការធ្វើពាណិជ្ជកម្មរវាងប្រជាជននៃប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរលើគ្រប់វិស័យ។

លោកបន្ដថា ដើម្បីធានាដល់ការសម្ពោធច្រកទ្វារព្រំដែន ម៉ឺនជ័យ នាពេលខាងមុខនេះ ក្រសួមហាផ្ទៃ ក៏បានចាត់ឱ្យមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូ ចុះទៅជួបពិភាក្សាការងារជាមួយភាគីវៀតណាមជាច្រើនលើករួចមកហើយផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here