ការសាងសង់ផ្លូវជាតិលេខ៣ភ្ជាប់ភ្នំពេញ-កំពតសម្រេចបាន៨០ភាគរយហើយ

0

ដោយៈរ៉ាណេត

កំពតៈ គម្រោងសាងសង់ និងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ រហូតមកដល់ពេលនេះ ជាលទ្ធផលសម្រេចបានប្រមាណ៨០ភាគរយហើយ និងកំពុងបន្តសម្រុកសាងសង់សួនច្បារចែកទ្រូងផ្លូវ ដើម្បីបញ្ចប់ទៅតាមគម្រោង និងផែនការដែលបានកំណត់។

រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនលោកខាន់ម៉ាណេតបានមានប្រសាសន៍នៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០កន្លងមកថាគម្រោងសាងសង់ផ្លូវជាតិលេខ៣សម្រេចបាន៨០ភាគរយហើយហើយពេលនេះក្រុមហ៊ុនកំពុងសាងសង់សួនចែកទ្រូងផ្លូវនិងស្ពានរំលងផ្លូវ។

ផ្លូវជាតិមួយនេះ ត្រូវបានសាងសង់ឡើងតាមបទដ្ឋានអន្តរជាតិ សម្រាប់ល្បឿនអតិបរមា៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

លោកខាន់ ម៉ាណេបានបញ្ជាក់ថាការសាងសង់សួនច្បារខណ្ឌទ្រូងផ្លូវនេះ មានសារសំខាន់ណាស់ ក្នុងការកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបានរំលេចនូវសោភណ្ឌភាពដងផ្លូវផងដែរ ហើយតាមលក្ខណៈបច្ចេកទេសការសាងសង់សួនច្បារចែកទ្រូងផ្លូវ គឺត្រូវរក្សាចន្លោះទ្រូងផ្លូវ ត្រង់ចំណុចដែលមានផ្លូវធំឆ្លងកាត់ និងទីតាំងដែលមានការឆ្លងកាត់ច្រើន តែត្រូវរក្សាគម្លាតពីចន្លោះមួយ ទៅចន្លោះមួយទៀតពី១,៥គីឡូម៉ែត្រ ទៅ២គីឡូម៉ែត្រនៅក្រៅទីប្រជុំជន និងចន្លោះពី៤០០ម៉ែត្រ ទៅ៧០០ម៉ែត្រនៅក្នុងទីប្រជុំជន

លោកបានសង្កត់ធ្ងន់ថា ការសាងសង់សួនច្បារខណ្ឌទ្រូងផ្លូវ មិនស្របតាមលក្ខណៈបច្ចេកទេស គឺជាបច្ច័យនាំឱ្យល្បឿននៃការបើកបរថយចុះ បង្កការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យខាតបង់ទ្រព្យសម្បតិ្ត ពិការ ឬបាត់បង់មនុស្សជាទីស្រឡាញ់របស់គ្រួសារ និងងាយធ្លាក់ចូលទៅក្នុងអន្ទាក់នៃភាពក្រីក្រជាដើម។

បច្ចុប្បន្ន ផ្លូវជាតិលេខ៣ ជាពិសេសកំណាត់ផ្លូវពីចោមចៅ ទៅបែកគុស គឺជាភូមិសាស្ត្រមានការអភិវឌ្ឍខ្លាំង បច្ចុប្បន្នកំណាត់ផ្លូវនេះ អមដោយឧស្សាហកម្មរោងចក្រ សហគ្រាសតូចៗ និងមធ្យម ទីផ្សារ សាលារៀន និងវត្តអារាម ធ្វើឱ្យមានចរាចរណ៍មមាញឹកជារៀងរាល់ថ្ងៃ។

តាមរយៈកំណើនសេដ្ឋកិច្ច និងកំណើនប្រជាពលរដ្ឋ នៅថ្ងៃអនាគតតំបន់នេះនឹងក្លាយទៅជាទីប្រជុំជនដ៏ធំមួយ ដែលរាជរដ្ឋាភិបាល ត្រូវតែយកចិត្តទុកដាក់សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឱ្យស្របតាមលក្ខណៈបច្ចេកទេស កំណើនយានយន្ត និងកំណើនប្រជាពលរដ្ឋ និងចក្ខុវិស័យរបស់ខ្លួន ជៀសវាងផលវិបាកនានា ដែលអាចកើតមាននៅពេលកំណើនប្រជាពលរដ្ឋកាន់តែកើនឡើងនៅតំបន់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here