ដោយៈ រ៉ាណេត
ភ្នំពេញៈ កម្ពុជាមានឱកាសទទួលបានកញ្ចប់ថវិកា ពីធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB ចំនួន៥៧១លានដុល្លារ សម្រាប់អនុវត្តគម្រោងភាពធន់អាកាសធាតុ ខណៈមានការព្យាករណ៍ថា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ នឹងធ្វើឱ្យ GDPនៅកម្ពុជាធ្លាក់ចុះ០,៤ភាគរយនៅត្រឹមឆ្នាំ២០២០នេះ។
ហិរញ្ញប្បទាននេះ បាននិងកំពុងវិនិយោគ លើគម្រោងចំនួន៧សំខាន់ៗមាន ដូចជា ការកសាងសមត្ថភាពដល់ស្រ្តី ឱ្យមានជំនាញវិជ្ជាជីវៈអាចទទួល បានចំណូលទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ វិស័យកសិកម្ម ប្រព័ន្ធ ធារាសាស្ត្រ ការអភិវឌ្ឍ ជនបទ វិស័យសុខាភិបាល វិស័យសាធារណការ និងការបង្កើតមុខរបរដល់ស្ត្រី។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សាបូ អូហ្សាណូ បានមានប្រសាសន៍នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០កន្លងមកថា កម្ពុជានឹងមានសមត្ថភាពកាន់តែប្រសើរឡើង ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ សត្វល្អិតចង្រៃ ការកើនឡើងកម្តៅដែលបង្កផលប៉ះពាល់ និងខូចខាតធ្ងន់ធ្ងរដល់សង្គមជាតិ សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី បានមានប្រសាសន៍ថា ក្រសួងកិច្ចការនារី បានទទួលថវិកាមួយផ្នែកនៃកញ្ចប់ថវិកាពីADBនេះសម្រាប់អនុវត្តលើគម្រោងដែលជួយដល់ស្ត្រីនិងក្រុមងាយរងគ្រោះទទួលបានចំណេះដឹងនិងមានសមត្ថភាពគ្រប់គ្រងជីវភាពពីការប្រែប្រួលអាកាសធាតុ។
លោកស្រីបានបញ្ជាក់ថា “ស្ត្រីត្រូវបានចាត់ទុកជាក្រុមងាយរងគ្រោះជាងគេ ដោយហេតុថា ស្ត្រីនៅតាមជនបទភាគច្រើន ពឹងផ្អែកលើធនធានធម្មជា តិសម្រាប់ជីវភាពរស់នៅ និងមិនចេះនូវជំនាញ ឬវិធីសាស្រ្តក្នុងការសង្គ្រោះជីវិត ក្នុងពេលមានគ្រោះមហន្តរាយ”៕