ADB៖ តំបន់អាស៊ីនិងប៉ាស៊ីហ្វិកបានក្លាយជាតំបន់ចូលរួមធំបំផុតដល់GDPរបស់ពិភពលោក

0

ដោយ៖ ប៊ី

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ថា តំបន់អាស៊ីនិងប៉ាស៊ីហ្វិក បានក្លាយជាតំបន់ចូលរួមធំបំផុត ដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក ហើយក៏បានលើកកម្ពស់ជីវភាពប្រជាជនរាប់លាននាក់ចេញពីភាពក្រីក្រ។

ការបញ្ជាក់របស់ ADB បានធ្វើឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងការចេញផ្សាយរបាយការណ៍ស្ថិតិប្រចាំឆ្នាំចុងក្រោយបង្អស់របស់ខ្លួន សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ដែលរួមមាន សូចនាករ តំបន់សំខាន់ៗក្នុងឆ្នាំ២០២០) និងការធ្វើបច្ចុប្បន្នភាពលើមូលដ្ឋានទិន្នន័យអនឡាញ ដែលជាមូលដ្ឋានទិន្នន័យសូចនាករសំខាន់ៗ។

សូចនាករសំខាន់ៗឆ្នាំ២០២០ បង្ហាញសូចនាករ សេដ្ឋកិច្ច, ហិរញ្ញវត្ថុ, សង្គម, និងបរិស្ថាន ដែលមានបញ្ចូលគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សម្រាប់សមាជិកក្នុងតំបន់ របស់ធនាគារអភិវឌ្ឍន៍ អាស៊ី ចំនួន៤៩ ដែលឆ្លុះបញ្ចាំងពី ឆ្នាំ២០០០ ដល់ឆ្នាំ២០១៩។ ស្ថិតិសំខាន់មួយនៅក្នុងរបាយការណ៍នេះ បង្ហាញពីរបៀបដែល តំបន់អាស៊ី និងប៉ាស៊ីហ្វិក បានក្លាយជាតំបន់ដែលចូលរួមធំបំផុត ដល់ផលិតផលក្នុងស្រុកសរុប (GDP) ពិភពលោកពោលគឺ ៣៤.៩% ក្នុងឆ្នាំ២០១៩ ពី ២៦.៣% ក្នុងឆ្នាំ២០០០។

លោក Yasuyuki Sawada ប្រធានក្រុមអ្នកសេដ្ឋកិច្ចរបស់ADB បានថ្លែងថា “តំបន់អាស៊ីនិងប៉ាស៊ីហ្វិក មានវឌ្ឍនភាពការអភិវឌ្ឍយ៉ាងខ្លាំង ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ ដោយបានក្លាយ ជាតំបន់ចូលរួមធំបំផុត ដល់ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ហើយក៏បានលើកកម្ពស់ជីវភាពប្រជាជនរាប់លាននាក់ចេញពីភាពក្រីក្រ។ ទិន្នន័យទាន់ពេលវេលា និងត្រឹមត្រូវអាចឲ្យយើងតាមដានវឌ្ឍនភាពនេះនិងពិនិត្យមើលផ្នែកដែលត្រូវការការកែលំអបន្ថែមទៀត”។

លោកបន្ដថា “ការទទួលបានទិន្នន័យកាន់តែទូលំទូលាយ ជាពិសេស នៅពេលដែលមានជំងឺរាតត្បាត (COVID-19) នឹងបន្តចូលរួមចំណែកដល់ វឌ្ឍនភាព ក្នុងតំបន់លើមាគ៌ាឆ្ពោះ ទៅរកការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងចីរភាព។ សូចនាករសំខាន់ៗឆ្នាំ២០២០ រំលេចឥទ្ធិពលដែលកំពុងកើនឡើង នៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងការ វិនិយោគ និងពាណិជ្ជកម្មសកល”។

សេដ្ឋកិច្ចតំបន់ទទួលបានជាងមួយភាគបី នៃការវិនិយោគដោយផ្ទាល់ជាសកលសរុប នៅឆ្នាំ២០១៩ ខណៈដែលការនាំចេញពិភពលោក ក្នុងតំបន់កើនឡើងដល់ ៣៦.៥% ក្នុងឆ្នាំ២០១៩ ពី២៨.៤% ក្នុងឆ្នាំ២០០០។ ជាងពាក់កណ្តាលនៃសេដ្ឋកិច្ចក្នុងតំបន់ដែលបានរាយការណ៍ បានបង្ហាញអត្រាកំណើនផលិតផលក្នុងស្រុកសរុប ៤% ឬខ្ពស់ជាងនេះ ក្នុងឆ្នាំ២០១៩។

ទោះយ៉ាងណាក្តី ការកើនឡើងទាំងនេះ ត្រូវបានគំរាមកំហែង ដោយការរីករាលដាលនៃជំងឺ COVID-19 បង្ករឲ្យភាពអត់ការងារធ្វើកើនឡើង ហើយប្រាក់ចំណូលធ្លាក់ចុះដោយសារការបិទដំណើរការនានាបណ្តាលឲ្យមានការកាត់បន្ថយយ៉ាងខ្លាំងនូវប្រតិបត្តិការអាជីវកម្ម និងសកម្មភាពរបស់ប្រជាជនជាទូទៅ។

របាយការណ៍នេះក៏រួមបញ្ចូលទិន្នន័យបន្ថែមពិសេសបង្ហាញពីរបៀបដែលការប៉ាន់ប្រមាណភាពក្រីក្រ អាចត្រូវបានពង្រឹងតាមរយៈការរួមបញ្ចូលការស្ទង់មតិ និងជំរឿនគ្រួសារជាមួយនឹងទិន្នន័យដែលបាន ដកស្រង់ចេញពីរូបភាពផ្កាយរណប។

របាយការណ៍នេះកំណត់នូវការពិចារណាជាក់ស្តែង និងតំរូវការបច្ចេកទេសសម្រាប់វិធីសាស្រ្តថ្មីនៃការធ្វើផែនទីបែងចែកភាពក្រីក្រនេះ ហើយក៏គូសបញ្ជាក់ការកែលម្អចាំបាច់សម្រាប់ការិយាល័យស្ថិតិជាតិ ដើម្បីទាញយកអត្ថប្រយោជន៍ពេញលេញពីការបញ្ចូលប្រភពទិន្នន័យ ប្រកបដោយភាពច្នៃប្រឌិតទៅក្នុងកម្មវិធីការងារធម្មតា។

សូចនាករសំខាន់ៗឆ្នាំ២០២០ ក៏បង្ហាញផងដែរនូវ៖

* ព័ត៌មានថ្មីៗស្តីពីសូចនាករ SDG នៅអាស៊ីនិងប៉ាស៊ីហ្វិក

* និន្នាការតំបន់ និងតារាង ដែលរួមបញ្ចូលសូចនាករលើប្រធានបទចំនួន ៨ រួមមាន ប្រជាជន, សេដ្ឋកិច្ចនិងលទ្ធផល, លុយកាក់ ហិរញ្ញវត្ថុនិងតម្លៃ, សាកលភាវូបនីយកម្ម, ការដឹកជញ្ជូននិងការទំនាក់ទំនង, ថាមពលនិងអគ្គិសនី, បរិស្ថាន, ព្រមទាំងរដ្ឋាភិបាលនិងអភិបាលកិច្ច។

* ការវិភាគថ្មីស្តីពីនិន្នាការនៃការផ្លាស់ប្តូរនៅក្នុងការប្រកួតប្រជែងជាសកលរបស់អាស៊ីក្នុងការផ្គត់ផ្គង់ផលិតផលផ្សេងៗ និងទិន្នន័យថ្មីៗស្តីពីខ្សែសង្វាក់តម្លៃពិភពលោក។

* និង ការធ្វើបច្ចុប្បន្នភាពតារាងប្រទេសនីមួយៗសម្រាប់សមាជិកក្នុងតំបន់ចំនួន៤៩ របស់ ADB។
មូលដ្ឋានទិន្នន័យសូចនាករសំខាន់ៗ ដែលបានចាប់ផ្តើមដំបូងនៅ ខែកញ្ញា ឆ្នាំ២០១៩ ផ្តល់ព័ត៌មានងាយស្រួលយល់ អំពីសូចនាករស្ថិតិជាង ១,១០០ ចាប់ពីឆ្នាំ ២០០០។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចបាននូវ វិបុលភាព, បរិយាប័ន្ន, ភាពធន់, និង និរន្តរភាពសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក រួមជាមួយនិង ការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រ។ បង្កើតឡើងនៅឆ្នាំ ១៩៦៦ ធនាគារអភិវឌ្ឍន៍អាស៊ីគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ហើយមាន៤៩ប្រទេស មកពីតំបន់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here