សម្តេចតេជោៈកម្ពុជា-ឥណ្ឌាមានកិច្ចសហប្រតិបត្តិការស្ទើតែគ្រប់វិស័យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

0

ដោយវុត្ថា

ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថាកម្ពុជានិងឥណ្ឌាមានកិច្ចសហប្រតិបត្តិការស្ទើតែគ្រប់វិស័យទៅហើយហើយវិស័យនីមួយៗសុទ្ធតែវិស័យសំខាន់ៗក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវManika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ដែលចប់អាណត្តិបេសកកម្មការទូតនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា កម្ពុជាឥណ្ឌាគប្បីណាលើកកម្ពស់អនុស្សារណៈដែលយើងបានចុះហត្ថលេខារួចមកឱ្យទៅជាកិច្ចព្រមព្រៀងហើយកិច្ចព្រមព្រៀងដែលបានចុះជាមួយគ្នាគប្បីណាជំរុញការអនុវត្តដើម្បីឈានឆ្ពោះទៅការជោគជ័យលើរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាហើយនោះ។

សម្តេតេជោថា អ្វីដែលយើងបានចុះហត្ថលេខា យើងគប្បីណាពិនិត្យមើលបន្ថែមទៀត ក្នុងការពង្រឹងតួនាទី សហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ដើម្បីទៅពង្រីកវិសាលភាពទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេសឲ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត

លោកជំទាវManika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ដែលចប់អាណត្តិបេសកកម្មការទូតបានថ្លែងថា កម្ពុជាបានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ដែលរហូតមកដល់ថ្ងៃនេះអ្នកជំងឺកូវីដ១៩នៅកម្ពុជា បានជាសះស្បើយទាំងស្រុង ។

លោកជំទាវបានបន្តថា  លើសពីនេះទៅទៀត ក៏មានការធ្វើដំណើរមកប្រទេសកម្ពុជារបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា រដ្ឋមន្ត្រីការពារជាតិឥណ្ឌាផងដែរ ដែលសកម្មភាពទាំងអស់នេះ ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកដុះដាលប្រសើរឡើងជាលំដាប់។

លោកជំទាវបន្តទៀតថា ក្នុងដំណើរទស្សនកិច្ចនីមួយៗ មានការចុះហត្ថលេខាលើអនុស្សារណៈ កិច្ចព្រមព្រៀងលើការអភិវឌ្ឍគម្រោងផ្សេងៗផងដែរ ដែលជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរអោយកាន់តែល្អបន្ថែមទៀត។

លោកជំទាវបានបន្ថែមថា ជាសាក្ខីភាពទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរបានកើនឡើងជាលំដាប់ ក្នុងន័យនេះដែរលោកជំទាវ ក៏បានគោរពជម្រាបជូនសម្ដេចតេជោថា តាមអ្វីដែលលោកជំទាវបានកត់សម្គាល់ គឺក្នុងរយៈពេលជាង២ឆ្នាំកន្លះនេះ កម្ពុជា និងឥណ្ឌាបានធ្វើសហប្រតិបត្តិការរវាងគ្នា និងគ្នាស្ទើរតែគ្រប់វិស័យទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here