ដោយ ហ្សូលី
ប៉េកាំងៈ ក្រុមអ្នកវិភាគបាននិយាយថា បន្ទាប់ពីមានការលូតលាស់យ៉ាងលឿនអស់រយៈពេលជាច្រើនឆ្នាំ ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន កំពុងឈានចូលដល់ដំណាក់កាល នៃការអភិវឌ្ឍប្រកបដោយស្ថេរភាព និងចីរភាព ហើយនឹងបន្តជំរុញសេដ្ឋកិច្ច។
ទិន្នន័យចុងក្រោយពីការិយាល័យស្ថិតិជាតិបានបង្ហាញថា ទីផ្សារលំនៅដ្ឋាននៅប្រទេសចិនបន្តមានស្ថេរភាព។ ជាទូទៅតម្លៃផ្ទះនៅក្នុងទីក្រុងធំៗ ចំនួន៧០បានចុះបញ្ជីកំណើនពីមួយខែទៅមួយខែ។
ទិន្នន័យបានបង្ហាញថាតម្លៃផ្ទះថ្មី នៅក្នុងទីក្រុងលំដាប់ចំនួនបួន គឺទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ និងស៊ិនជិន បានកើនឡើង០,៥ភាគរយ ពោលគឺទាបជាងខែមុន០,១ ភាគរយ។
លោក Guo Shuqing ប្រធានគណៈកម្មាធិការធានារ៉ាប់រងចិន បាននិយាយនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា ប្រទេសចិនបានស្តារឡើងវិញ ដោយជោគជ័យនូវសក្តានុពលនៃទីផ្សារអចលនទ្រព្យ។
វិស័យអចលនទ្រព្យនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលការវិនិយោគអចលនទ្រព្យកើនឡើង៣,៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
របាយការណ៍ស្រាវជ្រាវមួយផ្សេងទៀតបាននិយាយថា វិស័យអចលនទ្រព្យនៅតែមានចន្លោះ គ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍន៍ ខណៈដែលរដ្ឋាភិបាល កំពុងជំរុញនូវនគរូបនីយកម្មប្រភេទថ្មី។
តាមការប៉ាន់ស្មានរបស់អ្នកជំនាញបានឲ្យដឹងថា ប្រជាជនចិនត្រូវការផ្ទះចំនួន១,១៧ពាន់លានម៉ែត្រក្រឡា សម្រាប់ការរស់នៅជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០៣០ ៕