ដោយ ៖ រ៉ាណេត
កំពង់ស្ពឺ ៖ ក្រុមហ៊ុនឯកទេស និងជំនាញក្នុងការផលិតគ្រឿងបង្គុំ និងតម្លើងរថយន្តធុនធំថ្មីមួយទៀត នឹងបង្ហាញវត្តមានរបស់ខ្លួនជាមួយនឹងការបង្កើតរោងចក្រផ្ទាល់ខ្លួនចំនួន២សម្រាប់បម្រើដល់ដំណើរការនៃសង្វាក់ផលិតកម្មស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤៤ នៃទឹកដីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

គិតមកដល់ត្រឹមថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០ ចុងសប្ដាហ៍នេះ តំណាងក្រុមហ៊ុន និងមន្ត្រីជំនាញរបស់រដ្ឋបាលខេត្តបានចុះធ្វើការសិក្សារួចរាល់ និងឈានទៅរៀបចំរបាយការណ៍វាយតម្លៃទៅលើផលប៉ះពាល់នានាដែលអាចកើតមានដោយសារគម្រោងវិនិយោគ និងអភិវឌ្ឍន៍បង្កើតរោងចក្រផលិតគ្រឿងបង្គុំ និងតម្លើងរថយន្តធុនធំមួយនេះ។
ក្រុមហ៊ុនដែលកំពុងត្រៀមខ្លួនបង្ហាញវត្តជាលើកដំបូងនៅកម្ពុជាមួយនេះមានឈ្មោះថា ហ្សុង ណាន បូ យូ (ខេមបូឌា) អូតូម៉ូបាល មេនូហ្វេកឆឺរីង ឯ.ក បានបណ្តាក់ទុនវិនិយោគសរុបប្រមាណជាង ៣១លានដុល្លារសហរដ្ឋអាមេរិក ហើយបង្កើតឱកាសការងារសរុបជាង៧០០កន្លែង។ វត្តមាននៃគម្រោងទាំង២នេះ បានសរបញ្ជាក់ឱ្យឃើញថា ខេត្តកំពង់ស្ពឺនៅតែទីកន្លែងដ៏ទាក់ទាញមួយរបស់កម្ពុជា នៃការវិនយោគមកពីក្រៅប្រទេស។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានបង្ហាញពីក្ដីសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនវិនិយោគ ដែលជ្រើសរើសយកប្រទេសកម្ពុជាធ្វើជាទីតាំងអភិវឌ្ឍន៍របស់ខ្លួន។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា “ស្ទើរតែគ្រប់សប្ដាហ៍ គឺតែងមានការទទួលជួបតំណាងធុរៈកិច្ចជន ជាពិសេសជនជាតិចិន។ ជាក់ស្ដែងនៅថ្ងៃចុងសប្ដាហ៍នេះ ក្រៅពីមានក្រុមហ៊ុនវិនិយោគលើការបង្កើតរោងចក្រផលិតគ្រឿងបង្គុំ និងតម្លើងរថយន្តធុនធំខាងលើនេះ ក៏មានតំណាងក្រុមហ៊ុនចិនដែលវិនិយោគ ក្នុងវិស័យឧស្សាហកម្មផងដែរ”។
លោកបានបញ្ជាក់ថា អ្នកតំណាងក្រុមហ៊ុនជំនាញផ្នែកសាងសង់នៅក្នុងប្រទេសចិនមួយចំនួនក៏បានមកជួបពិភាក្សា និងបង្ហាញពីគម្រោងអភិវឌ្ឍន៍ក្នុងវិស័យសំណង់ និងអចលនទ្រព្យរបស់ខ្លួនចូលមកវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ដោយសារតែពួគគេបានឃើញពីសន្ទុះនៃភាពរីកចម្រើន ជាពិសេសជាតំបន់ដែលប្រមូលផ្តុំទៅដោយរោងចក្រ សហគ្រាសធំៗ ហើយពួកគេជឿជាក់ថា នៅថ្ងៃអនាគតកំពង់ស្ពឺនឹងក្លាយទៅជាខេត្តពាណិជ្ជកម្មដ៏ធំនៅកម្ពុជាបន្ទាប់ពីរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ៕






