កម្ពុជាស្នើឱ្យក្រុមហ៊ុនអាមេរិកមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបានស្នើ និងលើកទឹកចិត្តឱ្យមានការចូលរួមវិនិយោគពីក្រុមហ៊ុនសាងសង់របស់អាមេរិក ក្នុងគម្រោងសាងសង់ហេដ្ឋារចនា សម្ព័ន្ធនានានៅកម្ពុជា ខណៈកម្ពុជាកំពុងមានតម្រូវការសាងសង់ហេដ្ឋារសម្ព័ន្ធនៅទូទាំងប្រទេស។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាកាលពីម្សិលមិញនេះក៏លើកឡើងអំពីកំណាត់ផ្លូវជាតិលេខ៤ ដែលបានសាង សង់ក្នុងអំឡុងទសវត្សរ៍ទី៦០ ដែលមានសភាពរឹងមាំជាប់បានល្អដល់សព្វថ្ងៃ និងបានស្នើសុំឱ្យបញ្ជូនជំនាញការមកជួយបណ្តុះបណ្តាលផ្នែកវិស្វកម្មសំណង់ស៊ីវិលនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រីក៏បានអំពីសកម្មភាពការងារថ្មីៗរបស់ក្រសួងដែលបានអនុវត្តកន្លងមក រួមមានការចុះពិនិត្យ និងពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយជាមួយក្រសួងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅច្រកទ្វារព្រំដែន “ព្រៃវល្លិ៍” និងការបើកការចរចាជាមួយសឹង្ហបុរី ដែលមានក្រុមហ៊ុនពីរបានចូលរួម គឺ YCH និង Infrastructure Asia (IA) ដើម្បីសិក្សា និងអភិវឌ្ឍន៍គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ។

លោកទេសរដ្ឋមន្ត្រីថ្លែងថា ទោះបីក្នុងស្ថានភាពដែលពិភពលោកកំពុងរាតត្បាតដោយ Covid-19 ក៏ក្រសួងនៅតែបន្តអនុវត្តនូវការងាររបស់ខ្លួនយ៉ាងសស្រាក់សស្រាំគ្មានបង្អង់ដៃ ជាក់ស្តែងសកម្មភាពនៃការសាងសង់ផ្លូវ ស្ពាន និងប្រព័ន្ធចម្រោះទឹកកខ្វក់ ជាដើម នៅទូទាំងប្រទេស។

លោកPatrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានធ្វើការកត់សម្គាល់ និងស្ងើចសរសើរចំពោះសមិទ្ធិផលនានារបស់ក្រសួង និងទទួលយកទៅពិចារណាសំណើដែលបានលើកឡើង ដើម្បីឈានទៅដល់ការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទាំងនេះ។

លោកបន្តថា ខែកញ្ញានេះ ត្រូវនឹងប្រធានបទពាណិជ្ជកម្មនិងវិនិយោគ ដែលនឹងមានការធ្វើទស្សនកិច្ចការងារនៅកម្ពុជាពីក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិកនៅថ្ងៃទី២១ ខែកញ្ញានេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ចំពោះក្រុមប្រឹក្សាធុរកិច្ច និងត្រៀមផ្តល់ នូវកិច្ចសហការដើម្បីឱ្យទស្សនកិច្ចការងារនេះប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កា៕

LEAVE A REPLY

Please enter your comment!
Please enter your name here