លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ស្នើឱ្យកម្ពុជា-ជប៉ុនបង្កើនទំហំពាណិជ្ជកម្ម

0

ដោយវុត្ថា

ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាស្នើឱ្យមានការពង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ជប៉ុន ឱ្យកាន់តែមានទំហំធំធេងថែមទៀត ឲ្យសមស្របនឹងសក្ដានុពលសេដ្ឋកិច្ចនៃប្រទេសទាំង២ ព្រមទាំងវិនិយោគជប៉ុននៅកម្ពុជា។

លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើបែបនេះនៅក្នុងឱកាសជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជានៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០នេះ ។

ឧបនាយករដ្ឋមន្ត្រីថ្លែងថា ទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងជប៉ុនតាំងពីថ្ងៃ០៩ មករា ១៩៥៣ គឺ១០ខែមុនកម្ពុជាបានទទួលឯករាជ្យពីបារាំង ហើយកម្ពុជា និងជប៉ុនបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនៅឆ្នាំ១៩៥៥។ នៅឆ្នាំ១៩៥៩ កម្ពុជា និងជប៉ុន ក៏បានចុះហត្ថលេខាកិច្ចព្រមប្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស។

លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ក្នុងឋានៈជារដ្ឋមន្រ្តីការបរទេសរយៈពេល២១ឆ្នាំ លោកឧបនាយករដ្ឋមន្ត្រី បានចុះហត្ថលេខាយ៉ាងច្រើនលើកិច្ចព្រមព្រៀងអំពីជំនួយរបស់ជប៉ុនដល់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា រហូតមកដល់សព្វថ្ងៃនេះប្រទេសយើងទាំងពីរមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ហើយរដ្ឋាភិបាលជប៉ុនតែងតែផ្ដល់ការគាំទ្រ និងជំនួយដល់កម្ពុជាលើគ្រប់វិស័យដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថាទោះជានាយករដ្ឋមន្ត្រីថ្មីណាក៏ដោយដែលនឹងចូលកាន់តំណែងក្នុងពេលឆាប់ៗខាងមុខនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និតរវាងកម្ពុជានិងជប៉ុនក៏នៅតែបន្ដរីកចម្រើនលើគ្រប់វិស័យ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន តែងតែផ្ដល់ជំនួយដល់កម្ពុជា ដូចជា៖ ជំនួយឥតសំណង និងកម្ចីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ផ្ដល់អាហាររូបករណ៍ដល់មន្ត្រី និងនិសិត្សកម្ពុជាយ៉ាងច្រើនទៅសិក្សានៅប្រទេសជប៉ុន ផ្ដល់ជំនួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19។

លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ថ្លែងថា ក្នុងរយៈពេលមួយឆ្នាំដែល បានមកបំពេញការងារនៅកម្ពុជា បានកត់សម្គាល់ និងកោតសរសើរទៅលើការទប់ស្កាត់នឹងជម្ងឺCovid-19 ក្រោមការដឹកនាំផ្ទាល់របស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបបាលកម្ពុជា ។

ជាពិសេសលោកឯកអគ្គរាជទូត ក៏បានកោតសរសើរកម្ពុជាដែលមានសន្ដិភាពនិងស្ថេរភាពនយោបាយ ធ្វើអោយមានការរីកចម្រើនសេដ្ឋកិច្ចនិងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here