គម្រោងកែលំអរផ្លូវជាតិលេខ៧ តម្លៃ៣៦លានដុល្លារអាមេរិកសាងសង់សម្រេចបាន៨០ភាគរយហើយ

0

ដោយវុត្ថា

ក្រចេះ៖  គម្រោងផ្លូវជាតិលេខ៧ មានប្រវែងសរុប១៦៤គីឡូម៉ែត្រ ដោយលើកកម្ពស់គុណភាពផ្លូវពី DBST ទៅជាACដែលចំណាយថវិកាសរុបប្រមាណ៣៦លានដុល្លារអាមេរិកបានសាងសង់សម្រេចបានប្រមាណ៨០%ហើយ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ាស៊ីម សូរិយាបានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២០នេះ ថា  គម្រោងនេះត្រូវបានបែងចែកជាបីការដ្ឋានធំៗ ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៨ខែ និងរយៈពេលថែទាំចំនួន៣៦ ខែ សាងសង់ដោយក្រុមហ៊ុនចិន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនកូរ៉េ ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិចុះត្រួតពិនិត្យកាលពីកន្លងមកនេះ  បានសម្រេចមិនទាន់ចេញវិញ្ញាបនបត្របញ្ជាក់ឱ្យក្រុមហ៊ុនសាងសង់ឡើយ ដោយសារមានបញ្ហាបច្ចេកទេសមួយចំនួន ទាក់ទងនឹងការសាងសង់។ 

លោករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេទេស និងភាគីពាក់ព័ន្ធសហការគ្នា កែសម្រួលលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវអនុវត្តតាមកិច្ចសន្យា និងសៀវភៅបន្ទុកឱ្យបាន១០០%

លោកស៊ុន ចាន់ថុលបានបន្តថា បើផ្លូវនោះពិនិត្យ មិនមានគុណភាពស្របតាមលក្ខណៈបច្ចេកទេសទេ ក្រសួងនឹងមិនទទួលយកផ្លូវនោះឡើយ ព្រោះក្រសួងឈរលើគោលការណ៍ សាងសង់ផ្លូវឱ្យមានគុណភាព រឹងមាំ ជាប់បានយូរអង្វែង ហើយក្រសួងនឹងធ្វើការត្រួតពិនិត្យជាប្រចាំ តាមការដ្ឋានសាងសង់ទាំងអស់ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងនៅកម្ពុជា។

បច្ចុប្បន្ន ក្រុមហ៊ុនម៉ៅការសាងសង់កំពុង កែលម្អលក្ខណៈបច្ចេកទេស ត្រង់ចំណុចទាំងឡាយណា ដែលមិនសមស្របតាមលក្ខណៈបច្ចេកទេស នៅលើកំណាត់ផ្លូវនេះ។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងដែរថា គម្រោងសាងសង់ផ្លូវពីក្រចេះទៅទល់ដែនប្រទេសឡាវ (ត្រពាំងក្រៀល) និងស្ពានឆ្លងកាត់ទន្លេមេង្គនៅក្នុងខេត្តក្រចេះ បានសិក្សារួចរាល់ និងកំពុងតែរង់ចាំភាគីចិនសម្រេចតែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here