វិភាគ៖ តើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋជារឿងចាំបាច់សំរាប់កម្ពុជាបែបណា?

0

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាន និងកំពុងបង្ហាញសកម្មភាពយ៉ាងសកម្ម ចំពោះការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស រួមទាំងគម្រោងកែលម្អគម្រោងហេដ្ឋរចនាសម្ព័ន្ធផេងៗនៅតាមបណ្តាខេត្ត និងជនបទជាដើម ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងវិស័យដឹកជញ្ជួន។

ការកែលម្អនឹងត្រូវធ្វើទៅលើផ្នែកជាច្រើន នៃតាមផ្លូវជាតិ និងផ្លូវខេត្ត ដែលជាលទ្ធផល ពិតជាបានជួយកាត់បន្ថយថ្លៃចំណាយលើការដឹកជញ្ជូន និងហានិភ័យគ្រោះថ្នាក់ ដោយសារតែផ្លូវខូច និងជួយសម្រួលដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។

ការចំណាយលើការដឹកជញ្ជូននៅប្រទេសកម្ពុជា នៅតែមានកម្រិតខ្ពស់នៅឡើយ ទោះបីជាមានភាពប្រសើរច្រើន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះហើយក្តី។ ផ្លូវថ្នល់ជាមធ្យោបាយដឹកជញ្ជូននាំមុខគេនៅក្នុងប្រទេស ហើយចាំបាច់ត្រូវមានការវិនិយោគច្រើន ជាពិសេសនៅតាមតំបន់ជនបទ។ផ្លូវជនបទមានជាង៧៥ភាគរយនៃបណ្តាញផ្លូវសរុបទូទាំងប្រទេសប៉ុន្តែមានតែ៥ភាគរយប៉ុណ្ណោះដែលជាផ្លូវក្រាលកៅស៊ូ។

ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យមានភ្លៀងនិងទឹកជំនន់ធំៗ បង្កហានិភ័យខូចខាតកាន់តែខ្លាំងដល់ប្រព័ន្ធផ្លូវនៅជនបទ។

ការវិភាគអំពីស្ថានភាពប្រើប្រាស់របស់ផ្លូវជនបទ បានបង្ហាញថា ក្នុងរដូវទឹកជំនន់ជាង២៦ភាគរយ នៃប្រជាជនរស់នៅក្នុងតំបន់របស់គម្រោង ប្រឈមនឹងហានិភ័យគ្មានផ្លូវប្រើប្រាស់ សម្រាប់ទៅរកសេវាបន្ទាន់ផ្នែកសុខភិបាល និងសាលារៀន។ នេះបើយោងតាមការស្រាវជ្រាវរបស់ World Bank

ក្រៅពីនោះប្រជាជន១៨ភាគរយទៀតត្រូវចំណាយពេល៣០នាទីឬច្រើនជាងនេះសម្រាប់ធ្វើដំណើរទម្រាំទៅដល់មន្ទីរពេទ្យដែលជាស្ថានប្រឈមនឹងភាពស្លាប់រស់មួយ។

ដូចដែលយើងដឹងហើយថា ការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ គឺដើម្បីពង្រីកសសៃឈាមសេដ្ឋកិច្ច ក៏ដូចជាការចូលរួមចំណែកកាត់ថ្លៃ ធ្វើដំណើររបស់ប្រជាពលរដ្ឋ និងវិស័យដឹកជញ្ជួន ដើម្បីឈានដល់ការប្រកួតប្រជែងក្នុងតំបន់ទៀតផង។

ជាមួយគា្ននេះដែរ កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗចំនួន៤ លើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងត្រីមាស១ ឆ្នាំ២០២០ ខណៈកម្ពុជាបានចំណាយប្រាក់៥០០,៣៦លានដុល្លារ លើគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។

គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៤ មានដូចជា ទី១ ផ្លូវជាតិលេខ៥៥ ទី២ ផ្លូវជាតិលេខ១០ ទី៣ ផ្លូវជាតិលេខ៥៨ និងទី៤ ផ្លូវជាតិលេខ២ និងលេខ២២។

នៅក្នុងពេលចុះទៅពិនិត្យ ការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ «ព្រៃវល្លិ» ស្ថិតក្នុងខេត្តស្វាយរៀងព្រំដែនកម្ពុជាវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ទី ១០ ខែកញ្ញា នេះលោក ស៊ុន ចាន់ថុល បាននិយាយថា បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជា កំពុងប្រឹងប្រែងក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នៅគ្រប់ទីកន្លែង ព្រមជាមួយនឹងការបន្តរៀបចំបើកច្រកទ្វារព្រំដែនជាបន្តបន្ទាប់។

លោកបន្តថា នៅពេលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងកន្លែងឆ្លងកាត់ទំនិញមានភាពងាយស្រួល វានឹងរួមចំណែកជួយលើកកម្ពស់ កំណើនសេដ្ឋកិច្ចជាតិកម្ពុជាបានមួយចំណែកបន្ថែមទៀត

លោកប្រាប់ទៀតថា ក្នុងមហិច្ឆតាប្រែក្លាយមុខមាត់ ប្រទេសលើឆាកអន្តរជាតិ ព្រមទាំងបង្កើនកម្រិតប្រាក់ចំណូល ក្នុងសេដ្ឋកិច្ចជាតិនោះ គម្រោងសាងសង់ហេដ្ឋារចនាស ម្ព័ន្ធថ្មីៗបានលេចឡើងជាបន្តបន្ទាប់ ទោះបីសេដ្ឋកិច្ចពិភពលោក កំពុងធ្លាក់ក្នុងបរិបទនៃការឆ្លងរាលដាលកូវីដ១៩ ក៏ដោយ។

លោកស៊ុន ចាន់ថុលបានថ្លែងថា ទោះបីជំងឺកូវីដ ១៩ កំពុងបន្តការរីករាលដាលក៏រដ្ឋាភិបាលមិនបានផ្អាក ឬលុបចោលគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធថ្មីៗណាមួយនោះទេ។ លោកបន្តថា រដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលជាកត្តាដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ឲ្យមានការរីកចម្រើន»

លោកច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ការដាក់ចេញអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ របស់រដ្ឋាភិបាលនាពេលកន្លងមកនេះ គឺសញ្ញាមួយល្អ ដែលជំរុញឱ្យមានស័យនានាឱ្យមានការរីកចំរើន រួមជាមួយនឹងវិស័យអចលនទ្រព្យផងដែរ ។

លោកបន្តថា ចំពោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏វានឹងជួយជំរុញឱ្យវិស័យអលចនទ្រព្យរីកចំរើនផងដែរ ជាពិសេសអចលនទ្រព្យប្រភេទសណ្ឋាគារ ផ្ទះសំណាក់ និងបឹងហ្គាឡូងផងដែរ

ទោះពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ចសកលកម្ពុជានៅតែផ្តោតលើអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

គម្រោងវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធទាំងអស់ របស់រដ្ឋាភិបាល និងវិស័យឯកជននៅតែប្រព្រឹត្តិទៅតាមផែនការ និងនការគ្រោងទុក ពោលគឺមានបញ្ហាអ្វីដែលជំរុញឱ្យមានការរះស្ទះនោះទេ។

លោកវ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រ Propertyarea.asia ថា មកដល់ពេលនេះ បើទោះបីមានវិបត្តិជំងឺ Covid-19 ក៏គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដែលបានអនុវត្តកាលពីកន្លមកនេះ នៅតែដំណើរការធម្មតា។

លោកបន្តថា គម្រោងទាំងនោះ ដូចជាគ្មានអ្វីប្រែប្រួលទេ ពោលគឺអាចនិយាយថា ប្រព្រឹត្តិទៅតាមផែនការ

តែយ៉ាងណាលោកថា វាក៏មានភាពរអាក់រអ៊ួលខ្លះ ទៅលើកម្មកំលាំងពលករខ្មែរ និងកម្មករចិនមួយចំនួនតិចតួចបំផុតដែរ។ លោកបន្តថា ម្យ៉ាងទៀត ក៏មានបញ្ហាលើការចចារកញ្ចប់គម្រោងវិនិយោគថ្មី ជាមួយដៃគូអភិវឌ្ឍន៍ផងដែរ ព្រោះរាល់កិច្ចប្រជុំធ្វើឡើងតាមរយៈអនឡាញ ដែលពិបាកក្នុងការសម្រេចិត្តដូចជាការជួបប្រជុំដោយផ្ទាល់

លោកបន្ថែមថា និយាយរួមកញ្ចប់គម្រោងវិនិយោគថ្មីៗ ហាក់ដូចជាមានភាពយឺតយ៉ាវបន្តិច ព្រោះយើងពិភាក្សា និងទាក់ទងទៅគ្នាតាមរយៈវីដេអូខនហ្វ្រេន និងអ៊ីម៉ែល។ លោកបញ្ជាក់ថា គម្រោងវិនិយោគថ្មីៗ ដែលមានបញ្ហាយ៉ឺតយ៉ាវនេះ ជាគម្រោងវិនិយោគសម្រាប់ឆ្នាំក្រោយៗទៀត។

គម្រោងវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធភាគច្រើននៅកម្ពុជា ត្រូវបានវិនិយោគតាមរយៈកម្ចីហិរញ្ញប្បទាន និងសម្បទាន ដោយប្រទេសជាដៃគូអភិវឌ្ឍន៍របស់កម្ពុជា តាមរយៈការបញ្ជូនក្រុមហ៊ុនសាងសង់របស់ខ្លួនមកកាន់កម្ពុជា ដូចជាចិន ជប៉ុន កូរ៉េ និងប្រទេសមួយចំនួនទៀត។

សេដ្ឋវិទូកម្ពុជាក៏បានលើកឡើងពីបញ្ហាប្រឈមនេះ ដោយវាជាបញ្ហាដែលត្រូវដោះស្រាយបន្ទាន់មួយរបស់រដ្ឋាភិបាល។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ឋជាបញ្ហាប្រឈមធំមួយ ក្នុងចំណោមបញ្ហាប្រឈមជាច្រើនទៀត ដែលរដ្ឋាភិបាលត្រូវដោះស្រាយ និងវិនិយោគក្នុងរយៈពេលវែង ព្រោះវាជាផ្នែកមួយនៃការប្រកួតប្រជែងរបស់កម្ពុជាជាមួយខ្លួនឯងផងនិងជាមួយបណ្តាប្រទេសក្នុងតំបន់ផង។

លោកបន្តថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋត្រូវចំណាយប្រាក់ច្រើន ប៉ុន្តែវាជារឿងចាំបាច់ត្រូវតែដោះស្រាយ ដើម្បីរុញសេដ្ឋកិច្ចកម្ពុជាទៅកាន់កម្រិតថ្មីមួយទៀត

LEAVE A REPLY

Please enter your comment!
Please enter your name here