ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ២ ចាប់ផ្តើមហោះហើរទៅកាន់ប្រទេសចិន

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ២ បានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការហោះហើរទៅកាន់ប្រទេសចិនឡើងវិញ បន្ទាប់ពីទទួលបានការអនុញ្ញាត និង គោរពបាននូវស្តង់ដារវិធានការពារនៃជំងឺកូវីដCovid-19 ។

ក្រុមហ៊ុន Cambodia Airport នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា ក្រុមហ៊ុនកំពុងតែបន្ថែមជើងហោះហើរពីភ្នំពេញទៅហ្វូចូវនៅថ្ងៃព្រហស្បតិ៍ ខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍ JC Airlines កំពុងបើកជើងហោះហើរទៅកាន់ គុនមីង នៅថ្ងៃពុធនេះ។

ក្រុមហ៊ុន Cambodia Airport ពន្យល់ថា បញ្ជីនេះគឺជាការបង្ហាញអំពីជើងហោះហើរបច្ចុប្បន្នដែលអាចនឹងមានការប្រែប្រួលដោយសារតែការកែប្រែកម្មវិធីហោះហើរពីដៃគូក្រុមហ៊ុនអាកាសចរណ៍។ ដោយឡែក នៅសប្តាហ៍នេះយើងមានជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ SilkAir ដែលមានការភ្ជាប់ពីភ្នំពេញទៅសិង្ហបុរីនៅថ្ងៃអង្គារ និងថ្ងៃអាទិត្យផងដែរ។

អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា ធ្លាប់បានឱ្យដឹងថា កន្លងមកនេះ ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងស្រុក បានជួបពិភាក្សាជាមួយនឹងរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលដើម្បីសម្រួលដល់វិធានការការពារ ដើម្បីឱ្យមានលទ្ធភាពដំណើរប្រតិបត្តិការហោះហើរបណ្តើរៗឡើងវិញ ។

លោកបន្តថា អ្នកដំណើរភាគច្រើនដែលធ្វើដំណើរតាមជើងហោះហើរនាពេលនេះ ជាធុរជន និងក្រុមជំនាញការប៉ុណ្ណោះ ខណៈទេសចរធម្មតា មិនទាន់មាននោះទេ ដែលទាមទាពេលវេលាយូរបន្តិចទៀត ឬ ជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រង និងមានថ្នាំវាក់សាំងព្យាលពេញលេញ។

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកកាលពីកន្លងមកថ្មីៗនេះ បានលើកយកបញ្ហាប្រឈមនានា ក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងស្នើសុំដល់រដ្ឋាភិបាលឱ្យមានការហោះហើរជាបណ្តើរៗតាមដែលអាចធ្វើបានក្នុងបណ្តាប្រទេសអាស៊ាន និងប្រទេសមួយចំនួន បន្ទាប់ពីមានការផ្អាកមួយរយៈធំ។

ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងស្រុកក៏ដូចក្រុមហ៊ុនអាកាសចរណ៍នានាទទួលរងនូវផលប៉ះពាល់ពីឥទ្ធិពលនៃជំងឺកូវីដ១៩ ផងដែរ តែរហូតមកដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនក្នុងស្រុកណាមួយប្រកាសពីក្ស័យធននោះទេ ខណៈមានការជ្រោមជ្រែងពីរដ្ឋាភិបាលកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here