រដ្ឋមន្ត្រីក្រសួងការងារៈកម្ពុជាចាំបាច់ត្រូវបង្កើនភាពទាក់ទាញការវិនិយោគថ្មីបន្ថែម

ចែករំលែក

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា កម្ពុជា ចាំបាច់ត្រូវតែខិតខំរិះរកដំណោះស្រាយ និងវិធីសាស្ត្រក្នុងការទាក់ទាញទុនវិនិយោគប្រភេទថ្មីៗបន្ថែមទៀត ដើម្បីផ្តល់ការងារ និងប្រាក់ចំណូលកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីរៈ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំលើកទី២ របស់ក្រុមការងារយន្ដការត្រីភាគីបូក សម្រាប់ពិភា  ​ក្សាការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារថា ដើម្បីជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរ រដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវតែខិតខំរកវិធីសាស្ត្រអូសទាញធុរជន និងទុនវិនិយោគថ្មីបន្ថែមទៀត។

លោកបន្តថា ស្របតាមវិធានការកែទម្រង់មុតស្រួចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រសួងការងារបានបង្កើតក្រុមការងារ សិក្សាលទ្ធភាពក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពី ការងារឱ្យស្របតាមបរិបទសេដ្ឋកិច្ច និងសង្គម ដោយបានបញ្ចប់ការសិក្សាជាបឋមលើភាពចាំបាច់ និងអត្ថប្រយោជន៍នៃការធ្វើវិសោធនកម្មច្បាប់ស្តីពី ការងារ ដោ​យបានសហការ ជាមួយអង្គការអន្តរជាតិខាងការងារ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដើម្បីពិភាក្សាអំពីលទ្ធភាពលើការធ្វើវិសោ​ធនកម្មច្បាប់ស្តីពីការងារ។

ផ្អែកលើលទ្ធផលនៃសិក្ខាសាលានេះ ក្រុមការងារយន្ដការត្រីភាគីបូក សម្រាប់ពិភា​ក្សាការធ្វើវិសោធនកម្មច្បាប់ស្តីពី ការងារត្រូវបានបង្កើតឡើង និងបានរៀបចំកិច្ចប្រជុំលើកទី១របស់ខ្លួន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ដើម្បីពិនិត្យនិងពិគ្រោះយោ​បល់​លើសេចក្តីព្រាងបឋម នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការងារ ដោយមានការចូលរួមយ៉ាងសកម្មពីសមាជិកទាំងអស់។

ផ្អែកលើលទ្ធផលនេះ លេខាធិការដ្ឋានគណៈកម្មការកសាងច្បាប់ និងលិខិតបទ   ​ដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំនូវសេចក្តីព្រាងច្បាប់ដំបូង ដែលជាកម្មវត្ថុនៃកិច្ចប្រជុំនាថ្ងៃនេះ ដោយបានបញ្ជូនទៅអង្គការអន្តរជាតិខាងការងារ ដើម្បីពិនិត្យផ្តល់យោបល់។

ដើម្បីជំរុញឱ្យកិច្ចប្រជុំនាថ្ងៃនេះ ទទួលបានូវលទ្ធផលដូចការរំពឹងទុក លោករដ្ឋម  ន្ត្រីបានបញ្ជាក់ជូនអង្គប្រជុំសាជាថ្មីលើការងារមួយចំនួនរួមមានទី១ការកែសម្រួលអត្រាប្រាក់ឈ្នួលការងារពេលយប់គឺដើម្បីបង្កើតនិងបង្កើនឱកាសការងារកាន់តែសម្បូរបែបជូនដល់ប្រជាពលរដ្ឋខ្មែរនិងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ចំណុចនៃវិសោធនកម្មនេះ មិនប៉ះពាល់ដល់ផលប្រយោជន៍របស់កម្មករ និយោជិត ដែលកំពុងបម្រើការងារជាការងារពេលយប់ម្តងម្កាល ឬឆ្លាស់វេនគ្នានោះទេ ដោយហេតុថាចំណុចនេះអនុវត្តន៍ ចំពោះតែកម្មករ និយោជិត ដែលបំពេញការងារពេលយប់ជាប្រចាំតែប៉ុណ្ណោះ។ សហគ្រាសដែលនឹងដំណើរការ២៤ម៉ោង ត្រូវតែផ្តល់ជូនកម្មករនិយោជិតធ្វើការងារពេលយប់ជាប្រចាំ នូវអត្ថប្រយោជន៍បន្ថែម ដែលជាលក្ខខណ្ឌអប្បបរមា និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ចំពោះប្រភេទកម្មករនិយោជិតនេះ ដូចដែលអនុសញ្ញាអន្តរជាតិខាងការងារលេខ១៧១ ស្តីពីការងារពេលយប់បានកំណត់។

ទី២ ការលុបការឈប់នៅថ្ងៃបន្ទាប់ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យ គឺមិនផ្ទុយនឹងអនុសញ្ញាអន្តរជាតិខាងការងារនោះទេ។ ការវិសោធនកម្មនេះ មានគោលបំណងជំរុញផលិតភាពការងារ និងលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជា ក្នុងការសម្រួល ដល់ការធ្វើវិនិយោគនិងការអភិវឌ្ឍប្រទេសជាតិ។ កម្ពុជានៅតែជាប្រទេសមួយដែលមានម៉ោងការងារតិចជាងបណ្តាប្រទេសនៅក្នុងតំបន់។

ទី៣ការពង្រីកវិសាលភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងការដោះស្រាយវិវាទការងារបុគ្គលគឺជាការចូលរួមពង្រឹងប្រសិទ្ធភាពយន្តការដោះស្រាយវិវាទការងារនៅកម្ពុជាដោយបង្កើតជាជម្រើសដល់ភាគីវិវាទក្នុងការជ្រើសរើសយន្តការដោះស្រាយវិវាទការងារដែលឆ្លើយតបនឹងស្ថានភាពជាក់ស្តែងរបស់ខ្លួន។

ការកែសម្រួលនេះ គឺស្របទៅនឹងគោលការណ៍ជាសកល ក្នុងការធ្វើយ៉ាងណាឱ្យគូភាគីវិវាទឆាប់ទទួលបានយុត្តិធម៌៕


ចែករំលែក