ការសិក្សាៈ ប្រជាជនរស់នៅទីក្រុងនិងទីប្រជុំជននានានៅកម្ពុជានឹងកើនដល់៧លាននាក់

ចែករំលែក

ដោយស៊ីវ ម៉េង

ភ្នំពេញ ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានរកឃើញថា ប្រជាជនរស់នៅទីក្រុង និងតាមទីប្រជុំជននានានឹងកើនដល់​៧លាននាក់នៅឆ្នាំ២០៣០ខាងមុខ។

តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនរគរូបនីយកម្ម និងសំណង់ដែលបា​ន​ចេញផ្សាយកាលពីពេលកន្លងមកបានឲ្យដឹងថា បើគិតចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០៣០ចំនួនប្រជាជននៅតាមទីប្រជុំជន និងទីក្រុងធំៗ និងកើនពី៤ទៅ៧លាននាក់។​ កំណើនប្រជាសាស្រ្តនេះ នឹងទាមទារឲ្យមានការផ្តត់ផ្គង់លំនៅដ្ឋានដ៏ច្រើន រហូតដល់៨៥ម៉ឺនខ្នងដល់ឆ្នាំ២០៣០ ពោលគឺការផ្គត់ផ្គង់ប្រចាំឆ្នាំត្រូវមានប្រមាណជាង៥​ម៉ឺនខ្នង។

ជាមួយគ្នានេះយោងតាមការសិក្សារបស់ក្រុមហ៊ុនUrban Living Solutionកាលពីឆ្នាំ២០១៨ក៏បានរកឃើញផងដែរថា នៅឆ្នាំ២០២៥ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ នឹងកើនដល់៤,៥លាននាក់ ជាពេលវេលាដែលធ្វើឲ្យប្រជាជនកាន់តែច្រើន នឹងរស់នៅតាមខុនដូ ដោយសារទី១ កំនើនប្រជាសាស្រ្តធ្វើឲ្យមានការកកស្ទះចរាចរណ៍ខ្លាំង ទី២ តម្លៃអ​ចលនទ្រព្យ ពិសេសលំនៅដ្ឋាននឹងមានតម្លៃខ្ពស់ ដែលប្រជាពលរដ្ឋថ្នាក់កណ្តាលមិនមាន​លទ្ឋភាពទិញលំនៅដ្ឋាននៅក្នុងទីក្រុងបាន តែពួកគេអាចទិញនៅជាយក្រុង ដែលលំបាកក្នុងការធ្វើដំណើរ។

ទី៣ ការរីកចម្រើនបច្ចេកវិទ្យា នឹងធ្វើឲ្យគុណភាពជីវិតប្រសើរឡើង ដោយអ្នករស់នៅតាមខុនដូ ឬលំនៅដ្ឋាននានាអាចកុំម៉ង់អាហារ ទទួលទានកាន់តែ​ងាយស្រួល និងទី៤ លក្ខខ័ណ្ឌកន្លែងការងារ ដែលប្រជាពលរដ្ឋមិនចង់រស់នៅឆ្ងាយពីការងារ ហើយពួកគេ​ងាកមករស់នៅខុនដូ ដែលស្ថិតនៅជិតកន្លែងការងាររបស់ពួកគេ។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានមានប្រសាសន៍ថា ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ មិនមានចំនួនច្រើននោះទេ គឺមួយគីឡូម៉ែត្រ មានតង់ស៊ីតេត្រឹមជាង២០០០នាក់ ប៉ុន្តែបញ្ហាកកស្ទះចរាចរណ៍មានការកើនឡើងខ្ពស់ ខុសពីបណ្តាប្រទេសក្នុងតំបន់ដូចជាទីក្រុងបាងកក ប្រទេសថៃ ទីក្រុងហូជីម៉ិញ​ប្រទេសវៀតណាម ដែលមានប្រជាជនរស់នៅចន្លោះ៤០០០ ទៅ៥០០០នាក់ក្នុងមួយគីឡូម៉ែត្រ តែបញ្ហាចរាចរណ៍ហាក់មិនអាក្រក់ណាស់ណានោះទេ។

អ្នកនាងបន្តថា “រដ្ឋាភិបាលគួរចាត់វិធានការណ៍ ទៅលើបញ្ហាសណ្តាប់ធ្នាប់ចរាចរ ណ៍ តាមរយៈការដាក់ចេញវិធានការណ៍អប់រំ និងជំរុញឲ្យអ្នកបើកបរគោរពច្បាប់ តាមរយៈការធ្វើយ៉ាងណាឲ្យពួកគេយល់ដឹងពីច្បាប់”៕


ចែករំលែក