ក្រុមហ៊ុនទេសចរណ៍នៅអូស្ត្រាលីដាក់រូបប្រាសាទអង្គរសំគាល់ប្រទេសវៀតណាម ក្រសួងទេសចរណ៍កំពុងជំរុញឲ្យកែសម្រួល

0

        ដោយគង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍របស់អូស្ត្រាលី ឈ្មោះ «Wendy Wu Tours» បានយករូបប្រាសាទអង្គរវត្តរបស់កម្ពុជាទៅដាក់សំគាល់ថា ស្ថិតនៅលើប្រទេស​វៀតណាម ភ្លាមៗនេះក្រសួងទេសចរណ៍បានស្នើឲ្យក្រុមហ៊ុននេះកែតម្រូវ។

«Wendy Wu Tours» ជាទីភ្នាក់ងារទេសចរណ៍ដ៏ល្បីមួយ របស់ប្រទេសអូស្ត្រាលី ដែលបាននាំភ្ញៀវទេសចរអន្តរជាតិ មកទស្សនាប្រទេសកម្ពុជាជាញឹកញាប់។ ថ្មីៗនេះ គេហទំព័ររបស់ទីភ្នាក់ងារទេសចរណ៍មួយនេះ បានបង្ហោះរូបភាពស្ដីពីតំបន់ទេសចរណ៍ជាច្រើននៅជុំវិញពិភពលោក ក្នុងនោះក៏មានរូបភាពប្រាសាទអង្គរវត្ត ដ៏ស្រស់ឆើតឆាយរបស់កម្ពុជាផងដែរ។ ប៉ុន្តែគេហទំព័រនេះបានបង្កើតនូវកំហុសឆ្គង ដោយអចេតនាមួយ គឺនៅនៅផ្នែកខាងលើនៃរូបភាពប្រាសាទអង្គរវត្ត គេបានសរសេរពាក្យថា «VIETNAM» ជាហេតុនាំឱ្យមានការយល់ច្រឡំថា ប្រាសាទអង្គរវត្ត ស្ថិតនៅប្រទេសវៀតណាម។

ប្រជាពលរដ្ឋកម្ពុជាបានផ្ទុះការរិះគន់ជុំវិញបញ្ហានេះ ទន្ទឹមនឹងនោះ មហាជន ក៏បានស្នើសុំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងក្រសួងទេសចរណ៍កម្ពុជា ចេញចំណាត់ការឱ្យបានម៉ឺងម៉ាត់ចំពោះកំហុសឆ្គងនេះ។

ក្រោយទទួលបានដំណឹងនេះហើយ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍បានទាក់ទ​ងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបានស្នើឱ្យទីភ្នាក់ងារ «Wendy Wu Tours» កែសម្រួលកំហុសឆ្គងនៅលើគេហទំព័ររបស់ខ្លួនជាបន្ទាន់។

លោកប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្រសួងទេសចរណ៍ បានថ្លែងនាព្រឹកថ្ងៃទី២២ ខែកញ្ញានេះថា ក្រសួងបានទាក់​ទងទៅកាន់ទីភ្នាក់ងារ Wendy Wu Tours រួចហើយ ដើម្បីឱ្យគេកែសម្រួលព័ត៌មាននោះឡើងវិញ។

លោកបន្តថា ទីភ្នាក់ងារក៏បានសម្ដែងនូវការសូមអភ័យ ទោសចំពោះកម្ពុជា និងយល់ព្រមកែសម្រួលឡើងវិញផងដែរ ដោយបានកែពីពាក្យVIETNAM មកដាក់ថា SOUTHEAST ASIA វិញ។

លោក ប្រាក់ វុទ្ធី បានពន្យល់ថា មូលហេតុដែលទីភ្នាក់ងារ Wendy Wu Tours មិនប្ដូរមកជាCAMBODIA វិញនោះ ក៏ដោយសារក្រុមហ៊ុនចង់បង្ហាញថា «ប្រាសាទអង្គរវត្តរបស់កម្ពុជា» ជានិម្មិតរូបតំណាងឱ្យតំបន់អាស៊ីអាគ្នេយ៍ លើនៅគេហទំព័ររបស់ខ្លួន ពី​ព្រោះប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិភណ្ឌដែលពិភពលោកស្គាល់ច្រើនជាងគេ។

ទោះបីជាទីភ្នាក់ងារ Wendy Wu Tours បានកែសម្រួលនៅលើទំព័រមុខនៃគេហទំព័ររបស់ខ្លួនរួចហើយក្ដី ប៉ុន្តែនៅមានមួយកន្លែងទៀត ដែលក្រុមហ៊ុនមិនទាន់បានកែសម្រួលអស់ គឺនៅពេលចូលទៅក្នុងផ្ទាំងBrochures គេនៅឃើញមានរូបប្រាសាទអង្គរវត្តដែលដាក់ពាក្យ VIETNAM នៅពីលើនៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here