ដោយៈ រ៉ាណេត
សៀមរាបៈ ក្រុមការងារគណ:កម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តសៀមរាបបានចុះពិនិត្យពីស្ថានភាពផ្លូវនៅក្នុងក្រុងសៀមរាប បន្ទាប់ពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចកញ្ចប់ថវិកាចំនួន១៥០លានដុល្លារអាមេរិក សម្រាប់ការស្ថាបនាផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងទេសចរណ៍មួយនេះ ។

ក្រោមកិច្ចដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការអន្ដរក្រសួងបានចុះពិនិ ត្យមើលស្ថានភាពផ្លូវជាច្រើនខ្សែ នៅក្រុងសៀមរាបរួមមាន ដើម្បីបានជ្រាបច្បាស់ពីស្ថានភាពជាក់ស្ដែង និងរៀបចំគម្រោងសាងសង់ឡើងវិញក្នុងពេលដ៏ខ្លីខាងមុខនេះ។
ផ្លូវដែលត្រូវបានគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យរួមមានដូចជា ផ្លូវហ្សាដឺ ហ្គោល ផ្លូវកូម៉ៃផ្លូវ ជាតិលេខ៦ ផ្លូវក្រវ៉ាត់ក្រុងសៀមរាប ផ្លូវអមមាត់ស្ទឹងសៀមរាប ផ្លូវឆ្ពោះទៅរមណីយដ្ឋានបារាយណ៍ទឹកថ្លា និងផ្លូវសំខាន់ៗជាច្រើនទៀតនៅក្នុងក្រុង ក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ក្នុងក្រុងសៀមរាប បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចកញ្ចប់ថវិកាចំនួន១៥០លានដុល្លារអាមេរិក សម្រាប់ការស្ថាបនាផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ បានសរសេរតាមបណ្ដាញទំនាក់ទំនងសង្គម ផ្លូវការរបស់សម្តេច ដោយបញ្ជាក់ថា ទោះបីពេលនេះប្រទេសជាតិយើង កំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិឡើយ ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការសម្រេចកញ្ចប់ថវិកា១៥០លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍កសាងផ្លូវនៅក្នុងទីរួមខេត្តសៀមរាប ។
សម្តេចតេជោបានបញ្ជាក់បន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំ ដែលមានចំនួន ៣៨ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ នៅក្រោយជំងឺកូវីដ១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ ហើយសង្ឃឹមថា នៅចុងឆ្នាំ២០២១ យើងនឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយនេះ។
សម្តេចបន្ថែមថា “សូមអរគុណចំពោះការរួមចំណែកពីគ្រប់ក្រសួង ស្ថាប័នទាំងអស់ដែលមិនខ្ជះខ្ជាយថវិកា ដែលធ្វើអោយយើងសន្សំបានថវិកាប្រមាណ៦០០លានដុល្លារអាមេរិក សម្រាប់យកមកអភិវឌ្ឍន៍ប្រទេស អរគុណសន្តិភាព”៕






