GMACមានសុទិដ្ឋិនិយមថាអាម៉េរិកនឹងបន្ថែមមុខទំនិញផ្សេងទៀតពីកម្ពុជាចូលទៅក្នុងបញ្ជី

ចែករំលែក

ដោយ:គង់ ម៉ាលីន

ភ្នំពេញ: សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បានលើកឡើងនូវការស្នើសុំឱ្យភាគីអាម៉េរិក ជួយពិចារណាឡើងវិញអំពីការបន្ថែមមុខទំនិញមួយចំនួនទៀត ពីកម្ពុជាចូលទៅក្នុងបញ្ជីទំនិញ ដែលអាចមានសិទ្ធិទទួលបានការរួចពន្ធ ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទូទៅ។

លោកកាំង ម៉ូនីកា អគ្គលេខាធិការរង នៃGMAC នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានលើកឡើងតាមរយៈជំនួបការងារ រវាងប្រមុខរដ្ឋាភិបាលកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាម៉េរក–អាស៊ានថា ទោះបីជាមានប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទូទៅក៏ដោយ ក៏មុខទំនិញពីកម្ពុជាជាង១០ភាគរយ មិនស្ថិតក្នុងបញ្ជីមុខទំនិញ ដែលមានសិទ្ធិទទួលបានការរួចពន្ធពីអាមេរិកនៅឡើយទេ។

លោកបន្តថា“មុខទំនិញទាំងអស់នោះភាគច្រើន ជាមុខទំនិញដែលផលិតនាំចេញជាចម្បងៗ ជាពិសេសដូចជាផលិតផលសម្លៀកបំពាក់ និងផលិតផលស្បែកជើង”។ លោ​កឱ្យដឹងទៀតថា “ផលិតផលធ្វើដំណើរយើងបានរួចពន្ធហើយ នៅសល់តែសម្លៀកបំពាក់និងស្បែកជើង អញ្ចឹងការស្នើសុំរបស់យើងពាក់ព័ន្ធ មុខទំនិញពីរប្រភេទនឹង ប៉ុន្តែយើងដឹងហើយថានៅក្នុងប្រភេទមុខទំនិញមួយៗ មានប្រភេទផ្សេងៗទៀត”។

ឧទាហរណ៍ផ្នែកសម្លៀកបំពាក់៖ខោប៊យអាវរងារ៉ូបខោអាវកូនក្មេងខោអាវពេទ្យខោអាវកីឡាខោអាវហែលទឹកនិងប៊ីគីនីជាដើម។ដូច្នេះអ្វីដែលជាការស្នើសុំទាំងនេះបើមិនបានទាំងស្រុងទេគឺសុំឱ្យបានផ្នែកខ្លះៗបន្ថែមទៀតក៏ជាការជួយទៅដល់ការពង្រីកដល់ការនាំចេញផងដែរ។

ពាក់ព័ន្ធនឹងជំនួបការងារ រវាងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក អាឡិចសាន់ដឺ ហ្វែលម៉េន (Alexzander Feldmen) ប្រធាននិងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក–អាស៊ានលោកម៉ូនីកាបានបញ្ជាក់ថាអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺការគូសបញ្ជាក់យ៉ាងច្បាស់លាស់ពីការតាំងចិត្តរបស់រដ្ឋាភិបាលដែលធ្វើកំណែទម្រង់កិច្ចសម្រួលពាណិជ្ជកម្មនិងកំណែទម្រង់រដ្ឋបាលសាធារណៈផ្សេងៗសំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា។

លោកបន្តថាលទ្ធភាពជាវិជ្ជមានកើតចេញពីកិច្ចការនេះកម្ពុជាគឺមានសមត្ថភាពក្នុងការទាក់ទាញអ្នកវិនិយោគថ្មីៗមិនថាត្រឹមតែមកពីអាម៉េរិកទេថែមទាំងមកពីប្រទេសផ្សេងៗផងដែរ។ឈរលើភាពប្រកួតប្រជែងរឹងមាំនេះកម្ពុជាក៏អាចមានសមត្ថភាពជំរុញលើការនាំចេញផងដែរដែលនេះមិនកំណត់ត្រឹមវិស័យកាត់ដេរនិងស្បែកជើងទេតែវិស័យអាទិភាពផ្សេងៗទៀតដែលរដ្ឋាភិបាលបានកំណត់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច។

លោកកាំង ម៉ូនីកាបានបន្តថា យើងអាចមើលឃើញថាសង្រ្គាមពាណិជ្ជកម្ម រវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន មានរយះពេលវែង ដែលនេះនឹងនាំឱ្យមានការបង្វែរការកម្ម៉ង់ទិញ ឬទីតាំងផលិតបន្ថែមទៀតចេញពីប្រទេសចិន ហើយអាស៊ានយើង គឺជាទិសដៅសក្តានុពលទីមួយ ក្នុងនោះកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានទាំងអស់។

លោកបានបន្ថែមថា នៅចំពោះមុខ កម្ពុជាបានទទួលផលជាវិជ្ជមានពីព្រឹត្តការណ៍នេះជាបណ្តើរៗរួចទៅហើយ តាមរយះកំណើនពាណិជ្ជកម្មទ្វេរភាគី រវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ក្នុងឆ្នាំ២០២០នេះ ដែលជាឆ្នាំកំពុងមានវិបត្តិនៅឡើយ។ យើងឃើញថា កំនើនមានប្រមាណ១៧ភាគរយ ជាកំណើនពាណិជ្ជកម្មទ្វេរភាគី។ ដោយឡែកការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គឺមានកំណើនរហូតជិត១០ភាគរយឯណោះ (០៨ខែ) ដែលជាអត្រាមួយគួរឱ្យកត់សម្គាល់ ខណៈដែលការនាំចេញទៅកាន់ទៅកាន់ទិសដៅផ្សេងៗទៀត ដូចជា សហភាពអឺរ៉ុប អង់គ្លេស ជប៉ុន និងកាណាដាជាដើមមានការធ្លាក់ចុះ៕


ចែករំលែក