ដោយ ៖ រ៉ាណេត
សៀមរាប ៖ គណៈកម្មការជំនាញអន្តរក្រសួងកំពុងពន្លឿនការសិក្សាលម្អិត និងដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធទៅនឹងគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនៅទូទាំងក្រុងសៀមរាបឱ្យបានរួចរាល់មុនខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីត្រៀមបើកបើកការដ្ឋានសាងសង់ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការអន្តរក្រសួងនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានជំរុញដល់អន្តរក្រសួង ជាពិសេសក្រុមការងារជំនាញពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ និងដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ឱ្យបានរួចរាល់នៅមុនខែវិច្ឆិកាខាងមុខនេះ។
សម្ដេចបានបញ្ជាក់ថា “គណៈកម្មការអន្តរក្រសួងដែលទទួលខុសត្រូវលើការស្ថាបនាផ្លូវទាំង៣៨ខ្សែ ត្រូវពន្លឿនការសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ដើម្បីត្រៀមបើកការដ្ឋានក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងស្ថាបនាផ្លូវថ្នល់ទំាង៣៨ខ្សែ នៅក្នុងខេត្តសៀមរាបនេះ រំពឹងថានឹងរួចរាល់ជាស្ថាពរតាមការគ្រោងទុកនៅក្នុងឆ្នាំ២០២១ខាងមុខ ដើម្បីកែប្រែមុខមាត់ថ្មី របស់ខេត្តសៀមរាបឲ្យកាន់តែល្អ ក្នុងគោដៅទាក់ទាញភ្ញៀវទេសចរ”។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការអន្ដរក្រសួងបានបញ្ជាក់ថា ក្រុមការងារជំនាញ បានចុះពិនិត្យមើលស្ថានភាពផ្លូវជាច្រើនខ្សែនៅក្រុងសៀមរាបដើម្បីបានជ្រាបច្បាស់ពីស្ថានភាពជាក់ស្ដែង និងរៀបចំគម្រោងសាងសង់ឡើងវិញក្នុងពេលដ៏ខ្លីខាងមុខនេះ។
ផ្លូវដែលត្រូវបានគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យរួមមានដូចជា ផ្លូវហ្សាដឺហ្គោល ផ្លូវកូម៉ៃផ្លូវ ជាតិលេខ៦ ផ្លូវក្រវ៉ាត់ក្រុងសៀមរាប ផ្លូវអមមាត់ស្ទឹងសៀមរាប ផ្លូវឆ្ពោះទៅរមណីយដ្ឋានបារាយណ៍ទឹកថ្លា និងផ្លូវសំខាន់ៗជាច្រើនទៀតនៅក្នុងក្រុងក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ក្នុងក្រុងសៀមរាបឲ្យកាន់តែល្អងាយស្រួលធ្វើដំណើរ។
គម្រោងស្ថាបនាផ្លូវទំាង៣៨ខ្សែក្នុងក្រុងសៀមរាបនេះបានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចកញ្ចប់ថវិកាចំនួន១៥០លានដុល្លារអាមេរិក សម្រាប់ការស្ថាបនាផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរតាមបណ្ដាញទំនាក់ទំនងសង្គម ផ្លូវការរបស់សម្តេច ដោយបញ្ជាក់ថា ទោះបីពេលនេះប្រទេសជាតិយើង កំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិឡើយ ហើយការអភិវឌ្ឍនេះដើម្បីធានាឱ្យទីក្រុងទេសចរណ៍ដ៏ធំនេះកាន់តែមានភាពទាក់ទាញ ល្អប្រណិត និងងាយស្រួលដល់ការធ្វើចរាចរណ៍៕






