ដោយ ៖ វុត្ថា
ភ្នំពេញ ៖ គណៈកម្មការអន្តរក្រសួងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូទាំងក្រុងសៀមរាបបានបង្ហាញរបាយការចុងក្រោយរបស់ខ្លួនថា គម្រោងស្ថាបនាផ្លូវទាំង ៣៨ ខ្សែនេះមានប្រវែងសរុប ១០០ គីឡូម៉ែត្រដោយអនុលោមទៅតាមប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាបចក្ខុវិស័យឆ្នាំ២០៣៥ ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលស្ថិតនៅក្នុងគណៈកម្មការអន្តរក្រសួង នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា មន្ត្រីជំនាញបានសិក្សា និងការងារវាស់វែងឋានលេខា ប្រមូលទិន្ន័យបឋមសម្រាប់ការសិក្សា និងការអនុវត្តគម្រោងស្ថាបនាទ្រង់ទ្រាយធំហេដ្ឋារចនាសមន្ធ័ផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ស្របតាមផែនការមេ និងតាមប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាបចក្ខុវិស័យឆ្នាំ២០៣៥។
ផែនការមេ និងប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាបចក្ខុវិស័យឆ្នាំ ២០៣៥ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយសេចក្តីសម្រេចលេខ ០០៤ សសរ ចុះថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៨ របស់គណៈកម្មការធិការរៀបចំដែនដី និងគរូបនីយកម្មថ្នាក់ជាតិ និងផែនការមេនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងសៀមរាប ខេត្តសៀមរាប។
គម្រោងស្ថាបនាផ្លូវទំាង៣៨ខ្សែក្នុងក្រុងសៀមរាបនេះបានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចទំលាក់កញ្ចប់ថវិកាចំនួន១៥០លានដុល្លារអាមេរិក កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ។
គម្រោងស្ថាបនាផ្លូវទំាង៣៨ខ្សែក្នុងក្រុងសៀមរាបនេះធ្វើឡើងក្នុងគោលដៅលើកកម្ពស់ការបំរើសេវាជូនប្រជាពលរដ្ឋទេសចរនៅក្នុងក្រុងសៀមរាប និងធ្វើឱ្យក្រុងសៀមរាបក្លាយទៅជាទីក្រុងទេសចរណ៍កម្រិតពិភពលោក ដោយនឹងត្រូវកែលម្អឡើងវិញទាំងអស់ឱ្យទៅជាផ្លូវដែលមានមេត្រីភាពជាមួយវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ និងស្របតាមរូបសាស្រ្តទីក្រុង។
បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងខាងលើនេះបានបញ្ជាក់ថា ការស្ថាបនាហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ចំនួន៣៨ខែ្ស នឹងត្រូវបើករដ្ឋានជាផ្លូវការនៅចុងឆ្នាំ ២០២០នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយអាចនឹងបញ្ចប់នៅចុងឆ្នាំ ២០២១ ខាងមុខ៕






