សម្តេចតេជោនឹងអញ្ជើញបើករដ្ឋានស្ថាបនាផ្លូវ ៣៨ ខ្សែនៅក្នុងក្រុងសៀមរាបនៅថ្ងៃទី១៦ខែវិច្ឆិកាខាងមុខនេះ

0

ដោយវុត្ថា
សៀមរាប៖ បើសិនជាគ្មានការប្រែប្រួលទេនោះ ផ្លូវទាំង៣៨ខ្សែនៅក្នុងក្រុងសៀមរាប និង ត្រូវបើកការដ្ឋានស្ថាបនាជាផ្លូវការដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២០ខាងមុខនេះ ។

នេះ គឺជាការលើកឡើងរបស់ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០នេះ ដោយបានដកស្រង់ប្រសាសន៍របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅខេត្តសៀមរាប ។

លោកថ្លែងថា ម៉្យាងទៀតនៅ ពេលដែលយើងកំពុងជួបវិបត្តិជម្ងឺកូវិដ១៩ យើងក៏មិនបន្ធូរក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសឡើយ ហើយពេលនេះក៏ជាឱកាស មួយដ៏ល្អសម្រាប់ខេត្តសៀមរាប ក្នុងការរៀបចំស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាប ក្នុងការ ស្តារឡើងវិញលើវិស័យទេសចរណ៍ នៅតំបន់អង្គរយើងនេះ ។

លោកទៀ សីហា បន្ថែមថា សម្តេចពិជ័យសេនាបានបញ្ជាក់ទៀតថា សម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គ្រោងបញ្ចប់ឲ្យបានរួចរាល់នៅឆ្នាំ២០២១ខាងមុខនេះ។ សម្តេចក៏បានអំពាវនាវ និងថ្លែងអំណរគុណទុកជាមុននូវស្មារតីចូលរួមរបស់ប្រជាពលរដ្ឋទាំងការុះរើសំណង់ ឬផលប៉ះពាល់នានាក្នុងពេលចាប់ដំណើរការអនុវត្តគម្រោង។

ផ្លូវទំាង៣៨ខ្សែនៅក្នុងក្រុងសៀមរាបនឹងត្រូវធ្វើការស្ថាបនា និង កែលម្អឡើងវិញ ទាំងអស់នឹងត្រូវធ្វើឱ្យក្លាយទៅជាផ្លូវដែលមានមេត្រីភាព ជាមួយវប្បធម៌ ប្រវត្តិសាស្រ្ត និង ទេសចរណ៍ និងស្របតាមរូបសាស្រ្តទីក្រុង។ ផ្លូវទាំងអស់ត្រូវគិតគូរជាប្រព័ន្ធ និងលើគ្រប់ទិដ្ឋភាព មានជាអាទិ៍ ប្រព័ន្ធ លូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវ សម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញានិងគំនូស ចរាចរណ៍ ប្រព័ន្ធកាមេរ៉ា សុវត្ថិភាព អាងចម្រោះទឹក កខ្វក់ និងការធ្វើសួន និងដាំដើមឈើ ។

លោកទៀ សីហា បន្ថែមថាសម្តេចពិជ័យសេនា បានជំរុញឱ្យតពន្លឿនការងាររៀបចំស្ថាបនាផ្លូវ៣៨ខ្សែដែល សម្តេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបញ្ចេញកញ្ចប់ថវិកាជាតិចំនួន១៥០លានដុល្លារសម្រាប់ស្ថាបនានេះឲ្យបានលឿនជាទីបំផុត

លោកបន្ថែមថា ផ្លូវដែលបានកំណត់ហើយនោះ គឺមានបញ្ហាមួយចំនួនដែលត្រូវចាត់វិធានការដោះស្រាយឲ្យបានលឿន ហើយប្រជាពលរដ្ឋទៅសង់សំណង់លើដីផ្លូវ ដែលត្រូវអាជ្ញាធរធ្វើការជូនដំណឹងទៅដល់ពួកគាត់ឲ្យធ្វើការរុះរើចេញ ឲ្យបានឆាប់ផងដែរ ។ រាល់ផលប៉ះពាល់ដីរបស់បងប្អូនក្នុងការស្ថាបនាផ្លូវនេះ គឺបងប្អូនបានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរហើយ ដែលមានភ្ជាប់ខ្លឹមសារនៅប័ណ្ណកម្មសិទ្ធិដីធ្លីដែលបងប្អូនបានកាន់កាប់នោះ ដែលជា ឯកសារមួយដ៏ត្រឹមត្រូវដែលរដ្ឋបានផ្តល់ជូន ។

គណៈកម្មការដែលមានសម្តេចពិជ័យសេនាទៀ បាញ់ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលបានសាងសង់សំណង់នៅលើដីផ្លូវរបស់រដ្ឋ គឺត្រូវប្រញាប់រុះរើឲ្យបានលឿនយ៉ាងយូររយៈពេល១៥ថ្ងៃ ទៅតាមការព្រមព្រៀងក្នុងដំណាក់កាលនីតិវិធីចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធថា នៅពេលរដ្ឋត្រូវការធ្វើផ្លូវពួកគាត់ និងរុះរើចេញដោយខ្លួនឯង៕

LEAVE A REPLY

Please enter your comment!
Please enter your name here