IMF នឹងតម្លើងការព្យាករណ៍សេដ្ឋកិច្ចពិភពលោកជាថ្មីនៅថ្ងៃទី ១៣ ខែតុលា ខាងមុខ

0

ដោយ ហ្សូលី

ភ្នំពេញ៖ សេដ្ឋកិច្ចពិភពលោកហាក់មានស្ថានភាពប្រសើរឡើង ដែលនេះជាលទ្ធផលល្អផ្ទុយពីការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីខែមិថុនា។ នេះបើតាមឱ្យដឹងពីអ្នកនាំពាក្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីយប់ទី ២៤ ខែកញ្ញា។

អ្នកនាំពាក្យលោក Gerry Rice បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ទិន្នន័យថ្មីបង្ហាញពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកក្នុងផ្លូវវិជ្ជមាន ទោះបីកាលពីខែមិថុនាអាចមានលក្ខណៈមិនល្អប្រសើរនៅក្នុងវិស័យសេដ្ឋកិច្ចយ៉ាងណាក្តី។ IMF បានបង្ហើបថា ស្ថាប័នខ្លួននឹងដំឡើងការព្យាករណ៍សេដ្ឋកិច្ចនៅខែតុលាក្រោយ ឆ្នាំ ២០២០។

មេដឹកនាំ IMF លោកស្រី Kristalina Georgieva និងប្រធានសេដ្ឋវិទូ Gita Gopinath បានមានប្រសាសន៍ថា រដ្ឋាភិបាលគួរតែបន្តគាំទ្រដល់កម្មករ និងអាជីវកម្ម ព្រោះលក្ខណៈដែលមិនធ្លាប់មានពីមុនមកនៃវិបត្តិនេះអាចបង្កឱ្យមានភាពក្ស័យធននិងការបំផ្លាញការងារ។ ដើម្បីធានាថាការងើបឡើងវិញនៅតែបន្ត វាចាំបាច់ណាស់ដែលការរឹតបន្តឹងមិនត្រូវដកចេញភ្លាមៗទេ។

នៅពេលមេរោគឆ្លងត្រូវបានសាយភាយពាសពេញពិភពលោក សេដ្ឋវិទូត្រូវបានបង្ខំឱ្យធ្វើការពិនិត្យឡើងវិញនូវការព្យាករណ៍របស់ពួកគេចំពោះកំណើនសេដ្ឋកិច្ចពិភពលោក។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គ្រោងនឹងធ្វើបច្ចុប្បន្នភាពទស្សនវិស័យសកលនៅថ្ងៃទី ១៣ ខែតុលា ខណៈអ្នកនាំពាក្យប្រចាំស្ថាប័នមិនបានបង្ហាញព័ត៌មានលម្អិតអំពីការព្យាករណ៍ថ្មីនៅឡើយ។

កាលពីខែមិថុនា មូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយថា ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនឹងធ្លាក់ចុះ ៤,៩ ភាគរយ ហើយវីរុសនេះនឹងបំផ្លាញប្រាក់ចំនួន ១២ ទ្រីលានដុល្លារអាមេរិក ក្នុងរយៈពេល ២ ឆ្នាំ។ ទោះយ៉ាងណាប្រទេសចិន និងប្រទេសមានសេដ្ឋកិច្ចជឿនលឿនមួយចំនួន កំពុងមានដំណើរការបានល្អប្រសើរជាងការរំពឹងទុកក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ ។

អ្នកនាំពាក្យ Gerry Rice បាននិយាយថា យើងកំពុងមើលឃើញសញ្ញានៃពាណិជ្ជកម្មពិភពលោកចាប់ផ្តើមងើបឡើងវិញយឺតៗ។ លោកមិនទាន់ហ៊ានប្រាកដថា ពិភពលោកនឹងធូរស្បើយ១០០ភាគរយទេ ប៉ុន្តែស្ថានភាពនេះស្ថិតនៅក្នុងការប្រឈមខ្លះ ហើយទីផ្សារកំពុងរីកចម្រើនអាចប្រឈមនឹងគ្រោះថ្នាក់នៅពេលណាមួយ។

សេដ្ឋកិច្ចវិទូព្រួយបារម្ភពីរលកទីពីរនៃការឆ្លងអាចបំផ្លាញដល់កំណើនសេដ្ឋកិច្ចពិភបលោក។ អាជីវកម្មនៅសហរដ្ឋអាមេរិកបន្តប្រឈមមុខនឹងបញ្ហានានា ប៉ុន្តែមូលនិធិនៅតែបន្តគាំទ្ររសារពើពន្ធបន្ថែមទៀតសម្រាប់សេដ្ឋកិច្ច៕ Strait Time

LEAVE A REPLY

Please enter your comment!
Please enter your name here