ដោយ ៖ វុត្ថា
សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចទុករយៈពេល ១០ ថ្ងៃឱ្យពលរដ្ឋរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ឱ្យដឹងថា ក្នុងគោលបំណងឱ្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ អាចប្រព្រឹត្តទៅបានដោយរលូន និងសម្រេចតាមផែនការ រដ្ឋបាលខេត្ត សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋសហការរុះរើសំណង់របស់ខ្លួនដោយខ្លួនឯង ក្នុងរយៈពេល ១០ ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ជាកំហិត ហើយមន្ត្រីជំនាញនឹងចុះសហការវាស់វែងជូនបងប្អូនប្រជាពលរដ្ឋចាប់ពីពេលចេញសេចក្តីជូនដំណឹងនេះ។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ក្នុងករណីពុំបានរុះរើតាមការកំណត់ រដ្ឋបាលខេត្តនឹងចាត់វិធានការរុះរើតាមនីតិវិធី និងច្បាប់ជាធរមានដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋឡើយ ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មការអន្តរក្រសួងសូមថ្លែងអំណរគុណចំពោះរាល់ស្មារតីចូលរួម ដើម្បីអនុវត្តការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ឱ្យប្រព្រឹត្តទៅបានរលូនស្របតាមផែនការ និងទាន់ពេលវេលា។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅខេត្តសៀមរាប បានចេញផែនការពន្លឿនការងាររៀបចំស្ថាបនាផ្លូវ៣៨ខ្សែដែល សម្តេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបញ្ចេញកញ្ចប់ថវិកាជាតិចំនួន១៥០លានដុល្លារសម្រាប់ស្ថាបនានេះឲ្យបានលឿនជាទីបំផុត
សម្តេចថ្លែងថា “ផ្លូវដែលបានកំណត់ហើយនោះ គឺមានបញ្ហាមួយចំនួនដែលត្រូវចាត់វិធានការដោះស្រាយឲ្យបានលឿន ហើយប្រជាពលរដ្ឋទៅសង់សំណង់លើដីផ្លូវ ដែលត្រូវអាជ្ញាធរធ្វើការជូនដំណឹងទៅដល់ពួកគាត់ឲ្យធ្វើការរុះរើចេញ ឲ្យបានឆាប់ផងដែរ ។
សម្តេចបន្ថែមថា “រាល់ផលប៉ះពាល់ដីរបស់បងប្អូនក្នុងការស្ថាបនាផ្លូវនេះ គឺបងប្អូនបានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរហើយ ដែលមានភ្ជាប់ខ្លឹមសារនៅប័ណ្ណកម្មសិទ្ធិដីធ្លីដែលបងប្អូនបានកាន់កាប់នោះ ដែលជា ឯកសារមួយដ៏ត្រឹមត្រូវដែលរដ្ឋបានផ្តល់ជូន” ។
សម្តេចក៏បានស្នើឲ្យប្រជាពលរដ្ឋដែលបានសាងសង់សំណង់នៅលើដីផ្លូវរបស់រដ្ឋ គឺត្រូវប្រញាប់រុះរើឲ្យបានលឿនយ៉ាងយូររយៈពេល១៥ថ្ងៃ ទៅតាមការព្រមព្រៀងក្នុងដំណាក់កាលនីតិវិធីចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធថា នៅពេលរដ្ឋត្រូវការធ្វើផ្លូវពួកគាត់ និងរុះរើចេញដោយខ្លួនឯង។
ទន្ទឹមនឹងនេះ សម្តេចក៏បានបញ្ជាក់ទៀតថា បើសិនជាគ្មានការប្រែប្រួលទេនោះ ផ្លូវទាំង៣៨ខ្សែនេះ និង ត្រូវបើកការដ្ឋានស្ថាបនាជាផ្លូវការដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២០ខាងមុខនេះ៕






