ដោយវុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុនធំៗចំនួន៦របស់សហរដ្ឋអាមេរិករួមមានក្រុមហ៊ុនConoco Phillips ក្រុមហ៊ុនAmazon ក្រុមហ៊ុនFord ក្រុមហ៊ុនBell Textron ក្រុមហ៊ុនVisa និងក្រុមហ៊ុនPernod Ricard បានបង្ហាញពីបំណងក្នុងការពង្រីកវិសាលភាព នៃការវិនិយោគរបស់ខ្លួននៅកម្ពុជាឱ្យបានខ្លាំងក្លាថែមទៀតទាំងលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា គ្រឿង យន្ត និងសេវាកម្មហិរញ្ញវត្ថុ និងក្រុមហ៊ុនផលិតនូវផលិតផល ប្រើប្រាស់ប្រចាំថ្ងៃ។
នេះ បើយោងតាមកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក អាស៊ាន តាមប្រព័ន្ធសន្និសីទវីដេអូ ពីទីស្ដីការក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះរវាង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការគាំទ្រចំពោះវត្តមាន និងការចង់ពង្រីកវិសាលភាពរបស់ក្រុមហ៊ុន ដោយសម្ដេច បានបន្ថែមថារាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ បាន និងកំពុងខិតខំប្រឹងប្រែងរៀបចំទាំងលើទិដ្ឋភាពគោលនយោ បាយច្បាប់ បទដ្ឋានគតិយុត្តិ ក៏ដូចជាការដាក់ចេញយន្តការអនុវត្តជាក់ស្ដែង ជាពិសេសយន្តការពង្រឹងការអនុវត្តច្បាប់ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវកត្តាសន្តិសុខដែលជាកត្តាគន្លឹះក្នុងការបង្កលក្ខណ្ឌអំណោយផលសម្រាប់ការទាក់ទាញការវិនិយោគមកពីក្រៅប្រទេស រួមទាំងសហរដ្ឋអាមេរិកឱ្យកាន់តែខ្លាំងក្លា រួមចំណែករក្សាលំនឹងសេដ្ឋកិច្ចនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកដែលមានកិច្ចសហប្រតិបត្តិការល្អជាមួយអង្គភាពចំណុះក្រសួងមហាផ្ទៃកម្ពុជា ក្នុងការពង្រឹងការងារមួយចំនួន រួមមានការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដោយសម្ដេចបានលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះបន្ថែមទៀត ជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។
សម្តេចបានបញ្ជាក់ថា ទោះបីជាស្ថិតក្នុងស្ថានភាពជំងឺកូវីដ១៩ក្ដី ប៉ុន្តែវាពិតជាមាន ភាពចាំបាច់ណាស់ដែលកម្ពុជា អាមេរិក និងកម្ពុជា អាស៊ាន ត្រូវតែបន្តកិច្ចសហប្រតិបត្តិការជិតស្និតជាមួយគ្នា លើវិស័យសំខាន់ៗ ដូចជាសន្តិសុខ ពាណិជ្ជកម្ម សុខាភិបាល ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាជាដើម៕






