ដោយ ហ្សូលី
ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញជំហររបស់ខ្លួនក្នុងការត្រៀមជួយដល់កម្ពុជាសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ នៅពេលវិបត្តិជំងឺ Covid-19 បញ្ចប់ការរីករាលដាល។ នេះបើតាមឱ្យដឹងពីលោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ប្រចាំប្រទេសកម្ពុជា។
មូលនិធិរូបិយវត្ថុកម្ពុជា IMF ត្រៀមខ្លួនរួចជាស្រេចចំពោះការចូលរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជា ស្របពេលពិភពលោករួមទាំងកម្ពុជាកំពុងប្រឈមនឹងវិបត្តិនៃការធ្លាក់ចុះសេដ្ឋកិច្ច។ នេះបើតាមអនុសាសន៍របស់លោក Yasuhisa ក្នុងឱកាសជំនួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ។
IMF នឹងដើរតួនាទីសហការនិងផ្តល់អនុសាសន៍ សម្រាប់ដំណើរការស្តារសេដ្ឋកិច្ចរបស់កម្ពុជាដែលកំពុងងើបឡើងវិញជាបណ្តើរៗ។
លោក Yasuhida កោតសរសើរចំពោះប្រសិទ្ធភាព នៃការបង្ការការឆ្លងជំងឺកូវីដ១៩ ទូទាំងប្រទេសកម្ពុជារបស់រាជរដ្ឋាភិបាល និងបង្ហាញការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងដំណាក់កាលនេះ ស្របពេលដែលប្រទេសនានាលើពិភពលោក កំពុងប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចនិងការរីករាលដាលនៃជំងឺកូវីដ១៩។
លោក ជា ចាន់តូ បានប្រាប់តំណាង IMF ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារកម្ពុជាក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០២០នេះថា អតិផរណាបន្តរក្សាបានក្នុងកម្រិតទាបប្រមាណ៣% ជាមួយនឹងស្ថិរភាពល្អនៃអត្រាប្តូរប្រាក់។ ទុនបម្រុងអន្តរជាតិបន្តកើនឡើង និងមានកម្រិតស្មើនឹង១០ខែនៃការនាំចូលទំនិញនិងសេវា។
លោកបន្តថា ចំពោះប្រព័ន្ធធនាគារវិញ គឺមានភាពរឹងមាំ និងបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចនិងជួយបន្ធូរបន្ថយការលំបាករបស់វិស័យនានា និងប្រជាជនដែលទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃការរីករាលដាលពីជំងឺកូវីដ១៩ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕






