ដោយវុត្ថា
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាបគគ្រោងដាក់ឱ្យដំណើរការផ្លូវមួយខ្សែចាប់ពីចំណុចផ្លូវជាតិលេខ៦ ឆ្ពោះទៅត្បូងរហូតដល់ផ្លូវ៧មករា នាពេលដ៏ខ្លីខាងមុខ បន្ទាប់ពីដោះស្រាយផលប៉ះពាល់មានចំនួន ៩៣ក្បាលដី និងសំណង់លើផ្លូវចំនួន ១០គ្រួសារ។

រដ្ឋបាលខេត្តសៀមរាបឱ្យដឹងនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា គិតមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ជាលទ្ធផលក្បាលដីដែលបានប៉ះពាល់មានចំនួន ៩៣ក្បាលដី និងសំណង់លើផ្លូវចំនួន ១០គ្រួសារ ត្រូវបានក្រុមការងាររដ្ឋបាលខេត្តសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋបានមួយចំនួនធំ ដោយនៅសល់តែសំណង់ចំនួន ០៣គ្រួសារទៀតតែប៉ុណ្ណោះ ដែលមិនទាន់បានរុះរើ ហើយក្រុមការងារនឹងបន្តធ្វើការសម្របសម្រួលជាមួយម្ចាស់សំណង់ទាំងនេះបន្ថែមទៀត ដើម្បីឲ្យពួកគាត់យល់ព្រមរុះរើសំណង់របស់ស្របតាមសេចក្តីជូនដំណឹង និងតាមគម្រោងផែនការដែលបានកំណត់។
រដ្ឋបាលខេត្តសៀមរាបបន្តថា ការចុះអនុវត្តការសាងសង់ផ្លូវនេះ គឺ បន្ទាប់ពីរដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០រួចមក ហើយក្រុមការងារចម្រុះដែលមានរដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ បានចុះពិនិត្យ និងជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវដែលគម្រោងនឹងបើកផ្លូវទំហំ ១៥ម៉ែត្រ ប្រវែង ១០៣០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់ផ្លូវ៧មករា។
ផ្លូវ១ខ្សែនេះ គឺមានតាំងពីសម័យសង្គមរាស្ត្រនិយម តែក្រោយថ្ងៃជ័យជម្នះ៧មករា ១៩៧៩ នៅពេលបងប្អូនបានវិលត្រឡប់ចូលមកកាន់ភូមិដ្ឋានវិញ បងប្អូនប្រជាពលរដ្ឋបាននាំគ្នាមករស់នៅធ្វើការសាងសង់លំនៅដ្ឋានពីលើទ្រូងផ្លូវទាំងមូល ដែលមានទទឹង ១៥ម៉ែត្រ បណ្តោយប្រវែង ១០៣០ម៉ែត្រ រដ្ឋបាលខេត្ត និងអាជ្ញារធរមូលដ្ឋានបាននឹងកំពុងរៀបចំសាងសង់ឡើងវិញ ដើមី្បបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការបញ្ជៀសនូវភាពកកស្ទះចរាចរណ៍ក្នុងក្រុង និងស្របតាមភាពរីកចម្រើនរបស់សង្គមជាតិ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះមានស្មារតីចូលរួមសហការក្នុងការអនុវត្តបើកផ្លូវតាមទំហំដែលបានកំណត់ ដែលនេះជាសកម្មភាពគំរូក្នុងការចូលរួមគិតគូរពីផលប្រយោជន៍សាធារណៈ ក៏ដូចជាសង្គមជាតិរបស់យើង។ ម្យ៉ាងការចូលរួមដែលសម្រេចបានជាសមិទ្ធផលនេះ គឺជាការផ្តល់ភាពជាគំរូដល់បងប្អូនប្រជាពលរដ្ឋដែលត្រៀមនឹងចូលរួមអនុវត្តការបើកផ្លូវទាំង ៣៨ខ្សែខាងមុខ ដែលនឹងសម្រេចបើកការដ្ឋានសាងសង់នាពេលដ៏ខ្លីខាងមុខនេះ៕






