ដោយ៖ វុត្ថា
ភ្នំពេញ៖ រដ្ឋបាលខេត្តកែបបាននឹងកំពុងជំរុញប្រែក្លាយំបន់ភ្នំវល្លិ៍ ជាអតីតកន្លែងកាន់កាប់ដោយពួកខ្មែរក្រហមឱ្យក្លាយជាតំបន់ ទេសចរណ៍ធម្មជាតិ កសិទេសចរណ៍ និងឧស្សាហកម្មប្រចាំខេត្ត ដោយបាននឹងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗឆ្ពោះទៅកាន់ទីនោះ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា រដ្ឋបាលខេត្ត បានបើកការដ្ឋានសាងសង់ និងជួសជុលកំណាត់ផ្លូវខេត្ត ១៣៣៥ ចេញពីផ្លូវជាតិលេខ ៣៣ A ឆ្ពោះទៅតំបន់ភ្នំវល្លិ៍ ដែលមានប្រវែង ១៩០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ក្រាលដោយកៅស៊ូ DBST ដើម្បីប្រែក្លាយ តំបន់នៅជុំវិញនោះឱ្យទៅជាទីកន្លែង ទេសចរណ៍ធម្មជាតិ កសិទេសចរណ៍ និងឧស្សាហកម្ម។
លោកថ្លែងថា “តំបន់ភ្នំវល្លិ៍នេះ គឺជាតំបន់ដែលខ្មែរក្រហមកាន់កាប់ដោយខ្មែរក្រហម ហើយជាទីតាំងបង្ហូរឈាមរវាងខ្មែរ និងខ្មែរ ដោយក្រោមនយោបាយឈ្នះឈ្នះ និងការលះបង់របស់ សម្តេចតេជោ ហ៊ុន សែន តំបន់នេះបានទទួលនូវសន្តិភាពពេញលេញនៅឆ្នាំ១៩៩៤ និងបាននឹងកំពុងប្រែក្លាយជាតំបន់កសិទេសចរណ៍ និងឧស្សាហកម្ម ។

លោកបន្តថា “កន្លែងហ្នឹង (ភ្នំវល្លិ៍)ជាកន្លែងទេសចរណ៍សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ ហើយ យើងបាននឹងកំពុងជំរុញឱ្យទៅជាតំបន់ឧស្សាហកម្ម មានផ្លូវ មានដំណាំប្រពៃណី ដំណាំម្រេច ដំណាំទុរ៉េន ដំណាំស្វាយ និងដំណាំផ្សេងៗ ទៀត ដើម្បីបំរើដល់វិស័យទេសចរណ៍ ដែលក្នុងន័យនេះ យើងប្រែក្លាយតំបន់សង្រ្គាមទៅជាតំបន់អភិវឌ្ឍន៍” ។
លោកបន្ថែមថា “ការស្ថាបនាផ្លូវមួយខ្សែនេះ និងធ្វើឱ្យតំបន់ភ្នំវល្លិ៍ ប្រែក្លាយពីទីតាំងដែលបង្ហូរឈាមគ្នាពីសម័យសង្រ្គាម ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ និងជាតំបន់កសិ-ឧស្សាហកម្ម ជាពិសេសដំណាំម្រេចតែម្តង”។
លោកបន្តថារដ្ឋបាលខេត្តបាននឹងកំពុងពង្រីកនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តទាំងមូលដែលជាខេត្តទេសចរណ៍ ដើម្បីធានាបាននូវភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ក្នុងការមកលេងកម្សាន្តនៅខេត្តទេសចរណ៍មួយនេះ ជាពិសេសនាថ្ងៃឈប់សម្រាកនាពេលខាងមុខ៕






