ដោយវុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «នីតិវិធីនៃការអនុវត្តពន្ធលើចំណេញមូលធន ក្នុងអត្រាពន្ធ២០%»នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ស្អែកនេះ បន្ទាប់ពីមានចម្ងល់ និងប្រតិកម្មពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសអ្នកជាប់ពន្ធនៅក្នុងប្រទេសកម្ពុជា។

សេចក្តីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា សន្និសីទនេះ មានគោលបំណង ដើម្បីបង្ហាញជូននៅសាធារណជន ឱ្យបានយល់ច្បាស់ពីវិធាន និងនិតិវិធីនៃការអនុវត្តពន្ធលើចំណេញមូលធន ក្នុងអត្រាពន្ធ ២០ភាគរយ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសឱ្យអនុវត្តកាលពីខែកក្កដា ឆ្នាំ ២០២០។
អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ លោកបណ្ឌិត កែន សម្បត្តិ បានធ្លាប់បានថ្លែងថា “ថ្មីៗក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុបានចេញនូវសេចក្ដី ប្រកាសស្ដីពី ពន្ធចំណេញមូលធន ។ លោកពន្យល់ថា ពាក្យថាចំណេញមូលធននេះ គឺសំដៅលើការយកពន្ធលើចំណេញទាំងឡាយណា សម្រេចបានពីការលក់ និងផ្ទេរមូលធន ហើយពន្ធនេះជាប្រាក់ចំណូលជាប់ពន្ធ ដែលបានមកពីការលក់ និងផ្ទេរមូលធនដកការកាត់កងចំណាយដែលអនុញ្ញាត”។
លោកបានបញ្ជាក់ថា ចំពោះការអនុវត្តពន្ធលើចំណេញមូលធននេះរួមមាន៦ផ្នែក ដូចជាទី១ ផ្នែកអចលនទ្រព្យ (ដី ផ្ទះ អគារ សំណង់ផ្សេងៗ) ទី២ផ្នែកភតិសន្យា (Leasing) ទី៣ ផ្នែកទ្រព្យវិនិយោគ (ភាគហ៊ុន សញ្ញាបណ្ណ មូលបត្រ) ទី៤ផ្នែកកេរ្តិ៍ឈ្មោះអាជីវកម្ម (អាជ្ញារប័ណ្ណ យីហោ) ទី៥ផ្នែកកម្មសិទ្ធិបញ្ញា (ម៉ាកពាណិជ្ជកម្ម ប្រកាសនីយបត្រ ជាដើម) ហើយទី៦ ផ្នែករូបិយបណ្ណបរទេស ។
លោកបានព្ន្យល់ថា ចំពោះអត្រានៃការបង់ពន្ធលើចំណេញមូលធន ២០ភាគរយនេះ គឺត្រូវធ្វើឡើងតែលើប្រាក់ចំណេញតែប៉ុណ្ណោះ ។ មានន័យថា ការគណនាពន្ធត្រូវបានធ្វើឡើងតែទៅលើតម្លៃ២០ភាគរយនៃប្រាក់សរុប។ ឧទាហរណ៍ ៖ តម្លៃផ្ទះដែលលក់បានជាក់ស្ដែងចំនួន១លានដុល្លារ ដូច្នេះ គេដកចំនួន៨០ម៉ឺនទុក ហើយនៅសល់២០ម៉ឺនត្រូវយកមកគិតអត្រាពន្ធដែលត្រូវបង់ចំនួន២០ភាគរយតែប៉ុណ្ណោះ ហើយប្រាក់ដែលត្រូវបង់ពន្ធលើចំណេញមូលធនគឺចំនួន៤ម៉ឹនដុល្លារ។
លោកបន្ថែមថា សម្រាប់រូបមន្ត្រនៃការគណនាទៅលើពន្ធលើចំណេញមូលធនចំនួន ២០ភាគរយនេះ ត្រូវបានធ្វើឡើងតាមរូបមន្តចំនួន២ផ្សេងគ្នា រវាងអ្នកដែលមានឯកសារដើមនៃតម្លៃទ្រព្យ និងអ្នកមិនមានឯកសារតម្លៃទ្រព្យដើម ដែលអ្នកត្រូវជាប់ពន្ធអាចជ្រើសរើសបាន៕






