ដោយ ៖ វុត្ថា
ព្រះសីហនុ ៖ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរីប្រចាំប្រទេសកម្ពុជា បានអះអាងថា នៅពេលដែល Covid ត្រូវបានបញ្ចប់ អ្នកវិនិយោគប្រទេសសឹង្ហបុរីនឹងមកកាន់កម្ពុជា ជាពិសេសនៅក្នុងខេត្តចំនួន៣រួមមាន ខេត្តព្រះសីហនុ កំពត និងកែប កាន់តែច្រើនបន្ថែមទៀត។

លោក Michael Tan ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរីប្រចាំប្រទេសកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០នេះ បានបញ្ជាក់ថា ក្រុមវិនិយោគសឹង្ហបុរី ក៏មកធ្វើការវិនិយោគនៅគំរោងប្រព័ន្ធទឹកកខ្វក់នៅខេត្តព្រះសីហនុ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធអាស៊ីទៅវិញទៅមកវាងព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តព្រះសីហនុ។
លោកថ្លែងថា ប្រទេសសឹង្ហបុរី ចង់ឃើញតំបន់ណាខ្លះដែលយើងធ្វើការអភិវឌ្ឍរួមគ្នា និងសង្ឃឹមថានៅពេលចប់ Covid នឹងមាននាវាទេសចរណ៍ធំៗយ៉ាងច្រើនចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពតផងដែរ ខណៈដែលខេត្តទាំងនេះ បាននឹងកំពុងមានការរីកចំរើន និងការអភិវឌ្ឍន៍។
លោក Michael Tan ថ្លែងថា ម្យ៉ាងទៀតឆ្នាំនេះជាខួបកាទូតទី៥៥ រវាងប្រទេសសឹង្ហបុរី និងប្រទេសកម្ពុជាដែលមានទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម ចំណេះដឹងជាដើម ។ល។ ក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសសឹង្ហបុរី និងកម្ពុជាមាន ៤,៨ពាន់លានដុល្លា ឆ្នាំ២០១៩ មាន ៤,២ពាន់លានដុល្លា ហើយក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២០ មាន ២ពាន់លានដុល្លា ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឱ្យដឹងដែរថា ប្រទេសសឹង្ហបុរី ជាស្ថាបនិកបង្កើតអាស៊ាន ហើយកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសសឹង្ហបុរី តាំងពីសម័យព្រះបរមរតនកោដ្ឋមកម្លេះព្រមទាំងបានជម្រាបជូនពីស្ថានភាពភូមិសាស្រ្តខេត្តព្រះសីហនុ មានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ មានកោះ ៣២ មានកំពង់ផែទឹកជ្រៅ មានទំនិញដឹកជញ្ជូនឆ្លងកាត់ទូទាំងប្រទេស ៧០ភាគរយ។

លោកបន្តថា រាជរដ្ឋាភិបាលបានកំណត់យកឆ្នាំ២០៣០ យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ថ្វីត្បិតការអភិវឌ្ឍខេត្តមានការយឺតយ៉ាវនៅហេដ្ឋារចនាសម្ព័ន្ធមិនទាន់ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍ ទើបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាកសាងផ្លូវ ៣៤ខ្សែ និងត្រូវបញ្ចប់នៅចុងខែមេសា ឆ្នាំ ២០២១ខាងមុខ និងការស្ដារអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ។
លោកអភិបាលខេត្តបន្តថា បច្ចុប្បន្នខេត្តមានកំពង់ផែទឹកជ្រៅអាចឱ្យនាវាដឹកជញ្ជូនចូលចតដែលមានជម្រៅទឹក ៨,៥០ម៉ែត្រ ។ រាជរដ្ឋាភិបាលមានកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA ជប៉ុនកសាងកំពង់ផែ ៤ ដំណាក់កាលបន្តទៀតគឺចាប់ពីឆ្នាំ២០២០ ដល់ ២០២៥ ពីរដំណាក់កាលបង្កើនសមត្ថភាពឱ្យនាវាមានជម្រៅទឹក ១៣ម៉ែត្រ ចូលចតធ្វើឱ្យតម្លៃនៃការដឹកជញ្ជូនប្រកួតប្រជែងមានការធ្លាក់ចុះជិតបួនដង នឹងបន្តទៅដំណាក់កាលទី៣ ទី៤ ឱ្យនាវាមានជម្រៅទឹក ១៤ម៉ែត្រចូលចត ។
ខេត្តព្រះសីហនុមានព្រលានយន្តហោះអន្តរជាតិអាចឱ្យយន្តហោះ 3E ចុះចតបាន និងបន្តពង្រីកដល់ 4E ដែលមានផ្លូវរត់រហូតដល់ ៣.២០០ម៉ែត្រ ហើយក៏ជាខេត្តផលិតថាមពលអគ្គិសនីចែកចាយទៅបណ្ដាញជាតិនៅតាមបណ្តាខេត្តមួយចំនួន ជាក់ស្ដែង បច្ចុប្បន្នខេត្តបានផលិតថាមពលអគ្គិសនីប្រមាណ១០០០មេហ្គាវ៉ាត់ សម្រាប់ប្រើប្រាស់នៅទូទាំងខេត្ត (ក្នុងរង្វង់តែ ១០០មេហ្គាវ៉ាត់) និងចែកចាយខេត្តដែលស្ថិតនៅក្បែរ។

លោកបន្ថែមទៀថា បញ្ហាទឹកស្អាត ដោយសារឆ្នាំកន្លងមកជួបបញ្ហាប្រឈមដោយសារកំណើនអ្នកវិនិយោគមកយ៉ាងកំហុក ក៏ប៉ុន្តែមកដល់បច្ចុប្បន្នយើងផលិតទឹកស្អាតបានរហូត ១០ម៉ឺនម៉ែត្រគីប ហើយបរិមាណទឹកប្រើប្រាស់សព្វថ្ងៃត្រឹមតែ ៧ម៉ឺនម៉ែត្រគីប រដ្ឋបាលខេត្តនឹងជំរុញឱ្យក្រុមហ៊ុនផលិតទឹកស្អាតរហូត ២០ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ។ ខេត្តបានសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ២កន្លែង ដោយមានការការសហការជាមួយក្រុមហ៊ុនសឹង្ហបុរីផងដែរ ។
លោកអភិបាលខេត្តបញ្ជាក់ទៀតថា ខេត្តព្រះសីនុជាតារារះនាទិសនារតី ដោយផ្ដើមចេញពីឆ្នេរសមុទ្រ សស្អាត ខ្យល់ អាកាសបរិសុទ្ធ គួបផ្សំនឹងសក្តានុពលដ៏សម្បូរបែបក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុមានការកើនឡើង ៕






