សម្ដេចតេជោ ដកតំណែងអភិបាលស្រុកកោះញែក ហើយមន្ត្រីធំៗមួយចំនួនទៀតកំពុងប្រឈមមុខផងដែរ

0

ដោយ ៖ គង់ ម៉ាលីន

មណ្ឌលគិរី ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យមួយ ដោយសម្រេចបញ្ចប់មុខតំណែងលោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយអោយមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃវិញ ។

នេះបើយោងតាមអនុក្រឹត្យ ដែល ទើបទទួលបាន នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ ។

ប្រភពព័ត៌មានច្បាស់ការណ៍ ទម្លាយអោយដឹងថា នៅមានមន្ត្រីគ្រាក់មួយចំនួនទៀត ក៏អាចប្រឈមនឹងការបញ្ចប់តំណែង ផងដែរ ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ បានចេញសេចក្តីសម្រេចមួយ ស្តីពី «ការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវ លើករណីការកាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី» ។

តាមប្រភពព័ត៌មានច្បាស់ការណ៍ មួយ បានអោយដឹងថា ការស៊ើបអង្កេតបទល្មើសនេះ កំពុងដំណើរការយ៉ាងក្តៅគគុក ខណៈមន្ត្រីគ្រាក់ៗប្រមាណ១០នាក់ នៅខេត្តមណ្ឌលគិរី ប្រឈមនឹងការអស់តំណែង ។

មន្ត្រីគ្រាក់ៗប្រមាណ១០នាក់ នៅខេត្តមណ្ឌលគិរី ដែលប្រឈមនឹងការអស់តំណែង នោះ រួមមាន ៖
១,លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ។
២,លោក ណយ ស្រុន សមាជិកព្រឹទ្ធសភាភូមិភាគទី៨ ។
៣,លោក ស៊ិន វណ្ណវុឌ្ឈ អភិបាលស្រុកកោះញែក ។
៤,លោក សៀក មុន្នី អភិបាលស្រុកអូរាំង ។
៥,លោកស្រី ថ្ចាន់ ត្រែល ចៅសង្កាត់សែនមនោរម្យ ។
៦,លោក ប៊ុត សំអែល មេឃុំស្រែខ្ទុម ។
៧,លោក ពឿប ពេ មេឃុំស្រែព្រះ ។
៨,លោក សុក សេរ៉ា នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ។
៩,លោកឧត្តមសេនីយ៍ ជេត ហ៊ាង មេបញ្ជាការរងកងឯកភាពស្ថាបនាថ្នល់លេខ៧១៦ ជាប្រធានការដ្ឋានខ្សែក្រវាត់ព្រំដែន ។
១០,លោក ថាន ប៊ុនធឿន មេបញ្ជាការសឹករងស្រុកកោះញែក ។

នេះគ្រាន់តែជាបញ្ជីឈ្មោះមិនផ្លូវការ ដែលប្រភពព័ត៌មានបង្ហើបប្រាប់តែប៉ុណ្ណោះ ដោយការសម្រេចយ៉ាងណា នោះ នឹងដឹងពិតប្រាកដ នាពេលឆាប់ៗខាងមុខនេះ ។

យោងតាមសេចក្តីសម្រេច របស់សម្តេចក្រឡាហោម ស ខេង បានអោយដឹងថា ក្រុមការងារនេះ មានតួនាទី និង ភារកិច្ច ដូចខាងក្រោម ៖
-ចុះសិក្សាស្រាវជ្រាវលើករណីនីមួយៗនៃការកាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី តាមរបាយការណ៍របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ អោយបានជាក់ស្តែង និង ប្រមូលឯកសារ និង ភស្តុតាង នានា ពាក់ព័ន្ធជាមួយមន្ត្រី និង អ្នកពាក់ព័ន្ធសកម្មភាព ទាំងនោះ ។
-សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងដំណើរការចុះស្រាវជ្រាវនេះ ។
-សិក្សានិងលើកយោបល់អំពីវិធានការដោះស្រាយសមស្របនានាចំពោះករណីនីមួយៗ តាមការជាក់ស្តែង ។
-រៀបចំរបាយការណ៍អំពីលទ្ធផលនៃការចុះពិនិត្យសិក្សា និង វិធានការដោះស្រាយនានា ដើម្បីគោរពស្នើសុំគោលការណ៍ពិនិត្យ និង សម្រេចដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ។
-អនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ជាការកត់សម្គាល់ សេចក្តីសម្រេចរបស់ សម្តេច ស ខេង នាពេលនេះ ធ្វើឡើងក្រោយពីសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនលោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ពាក់ព័ន្ធករណីឈូសឆាយ និង ទន្ទ្រានយកដីព្រៃចំការស្រស់សាធារណៈរបស់រដ្ឋ ប្រមាណ១ពាន់ហិកតាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ជាមួយគ្នានេះ ឯកសារមួយចំនួន ដែលពាក់ព័ន្ធគ្នា បង្ហាញពីការឃុបឃិតប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ មានតាំងពីមេភូមិ មេឃុំ អភិបាលស្រុកកោះញែក និង លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here