រដ្ឋាភិបាលចាប់ផ្តើមសិក្សាពីលទ្ធភាពលើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសម៉ុងហ្គោលី

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលបានចាប់ផ្តើមពិនិត្យលើទស្សនទាននៃការសិក្សាស្រាវជ្រាវពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ម៉ុងហ្គោលី ដើម្បីធ្វើពិពិធកម្មបើកច្រកទីផ្សារនឹងនាំឱ្យមានលំហូរពាណិជ្ជកម្មកើនឡើង និងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិវីរុសកូវីដ-១៩។

លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់គេហទំព័រ propertyearea.asia នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ក្រុមការងារចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កមម្ពុជា កាលពីម្សិលមិញនេះ បានកិច្ចប្រជុំអន្តរក្រសួងលើកទី១ នៃក្រុមការងារចរចាពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ម៉ុងហ្គោលី ដើម្បីសិក្សាស្រាវជ្រាវពីលទ្ធភាព ដើម្បីចុះកិច្ចព្រមព្រៀង។

លោកពន្យល់ថា ការសិក្សាស្រាវជ្រាវពីលទ្ធភាពចរចាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ម៉ុងហ្គោលី គឺជាការអនុវត្តស្របតាមយុទ្ធសាស្រ្ដចតុកោណដំណាក់ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មបើកច្រកទីផ្សារនឹងនាំឱ្យមានលំហូរពាណិជ្ជកម្មកើនឡើង និងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិវីរុសកូវីដ-១៩ ដែលមានលក្ខណៈមិនប្រកដប្រជា។

លោកបន្ថែមថា កិច្ចប្រជុំកាលពីម្សិលមិញនេះ មានគោលបំណង ពិភាក្សានិងប្រមូលធាតុចូលពីសមាជិកក្រុមការងារអន្តរក្រសួង លើឯកសារទស្សនទានដែលរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា (ERIA)។ ជាលទ្ធផល កិច្ចប្រជុំបានបញ្ចប់នូវការពិនិត្យលើឯកសារទស្សនទាន និងបានសម្រេចលើកសំណើទៅ ERIA ពន្លឿនបញ្ចប់របាយការណ៍ស្រាវជ្រាវរបស់ខ្លួន។

កម្ពុជា កាលពីកន្លងមកនេះ បានបញ្ចប់ការចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយនឹងប្រទេសចិន ដែលត្រៀមនឹងចុះហត្ថលេខាជាផ្លូវការនាពេលខាងមុខដ៏ខ្លីផងដែរ ។ បន្ថែមពីនេះ កម្ពុជា ក៏បានបើកកិច្ចចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកូរ៉េ ផងដែរ ដើម្បីធ្វើយ៉ាងបង្កើនទំហំពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចកាន់តែមានភាពទូលំទូលាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here