ដោយ ៖ វុត្ថា
ពិភពលោក ៖ វិនិយោគិនអន្តរជាតិបានកាត់បន្ថយការចំណាយយ៉ាងច្រើនលើការទិញអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បើធៀបទៅនឹងតំបន់ផ្សេងទៀត ស្របពេលដែលមាការរីករាលដាលនៃជំងឺ Covid-19 និងនៅតែជាបញ្ហាប្រឈម។

យោងតាមរបាយការណ៍មួយដែលបានចុះផ្សាយដោយសារព័ត៌មាន Bloomberg បានបង្ហាញថា ទំហំសរុបនៃការទិញអចលនទ្រព្យពាណិជ្ជកម្មរួមមានអគារការិយាល័យ ការិយាល័យលក់រាយ និងសណ្ឋាគារមានការថយចុះប្រមាណ ៦៥ភាគរយ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។ ផ្ទុយទៅវិញបរិមាណនៅទ្វីបអាមេរិចបានធ្លាក់ចុះត្រឹមតែ ២៥ភាគរយ ក្នុងឆមាសទី ១ នៃឆ្នាំនេះ ខណៈនៅទ្វីបអាហ្រ្វិក ទ្វីបអឺរ៉ុប និងមជ្ឈឹមបូព៌ាមានការធ្លាក់ចុះបន្តិចបន្តួច។
ធនាគារអន្តរជាតិ Bank for International Settlements ដែលមានមូលដ្ឋាននៅក្នុងប្រទេសស្វីស ដែលបានចេញផ្សាយនូវបាយការណ៍នេះបានឱ្យដឹងថា វិនិយោគិនអន្តរជាតិ ត្រូវបានហាមឃាត់ដោយសារប្រឈមនឹងទៅនឹងការផ្ទុះឡើងនូវជំងឺ Covid-19 ជាសកល ដែលជំរុញឱ្យពួកគេមិនហ៊ានចំណាយលើការទិញអចលនទ្រព្យពាណិជ្ជកម្មនៅក្រៅប្រទេស។
ធនាគារអន្តរជាតិ BIS បានបន្តថា កំណើននៃចំនួនមនុស្សឆ្លងនូវជំងឺ Covid-19 ជាច្រើនករណីបានបង្ខំឱ្យប្រទេសនានាដូចជាប្រទេសចិន និងសឹង្ហបុរី បានរឹតត្បិតចេញចូលតាមព្រំដែន និងបិទប្រទេសទាំងស្រុងនៅក្នុងដំណាក់កាលនៃការផ្ទុះឡើងនូវចំនួនមនុស្សឆ្លងនៅក្នុងប្រទេសខ្លួន ដែលធ្វើឱ្យវិនិយោគិនពិបាកចុះកិច្ចព្រមព្រៀងទិញលក់អចលនទ្រព្យពាណិជ្ជកម្ម។
ទោះបីប្រទេសទាំងនេះ បានបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនវិញជាបណ្តើរៗក៏ដោយ ក៏ប្រទេសទាំងនោះនៅតែមានការប្រុងប្រយ័ត្នក្នុងការរឹតបន្តឹងចំពោះការធ្វើដំណើររបស់វិនិយោគិនអន្តរជាតិ ខណៈចំនួនករណីមនុស្សឆ្លងជំងឺ Covid-19 ថ្មីនៅក្នុងពិភពលោកនៅតែមាន ដែលគំរាមកំហែងដល់កិច្ចប្រឹងប្រែងដល់ការទប់ស្កាត់របស់ប្រទេសទាំងនោះ។
ដោយមើលឃើញពីសារៈសំខាន់នៃអចលនទ្រព្យចំពោះសេដ្ឋកិច្ចនៅក្នុងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី អ្នកធ្វើគោលនយោបាយបានពិចារណាលើការកាត់បន្ថយភាពប្រែប្រួលនៃទីផ្សាររួមទាំងការរឹតត្បិតលើលំហូរចូលបរទេស។ របាយការណ៍បានរកឃើញថា តម្លៃអចលនទ្រព្យពាណិជ្ជកម្ម គឺស្មើនឹងជាង ១០០ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅទីក្រុងហុងកុង និងប្រហែល ៤៧ ភាគរយនៅប្រទេសសិង្ហបុរី។
ទំហំហិរញ្ញវត្ថុឆ្លងកាត់ព្រំដែនដូចជាមូលនិធិអចលនទ្រព្យ និងការវិនិយោគលើអចលនទ្រព្យបានបង្ហាញពីការធ្លាក់ចុះដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយធ្លាក់ចុះដល់ ៦១ ភាគរយនៃប្រតិបត្តិការទាំងអស់នៅក្នុងឆមាសទីមួយនៃឆ្នាំនេះពី ៧៤ ភាគរយកាលពីឆ្នាំមុន។
ធនាគារអន្តរជាតិ BIS បន្ថែមថា បរិមាណលុយដុល្លារអាមេរិកបានធ្លាក់ចុះពី ២៩ ពាន់លានដុល្លារមកនៅត្រឹម ១៨ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការវិភាគទិន្នន័យរបស់ក្រុមហ៊ុន Real Capital Analytics ។
របាយការណ៍បានរកឃើញដែរថា ប្រទេសជប៉ុនមានការការទិញលំនៅដ្ឋានពហុគ្រួសារកាន់តែច្រើនឡើង ៗ ពីសំណាក់វិនិយោគិនអន្តរជាតិជាពិសេសពីសហរដ្ឋអាមេរិកដែលបានដកថយពីតំបន់ផ្សេងទៀត។
របាយការណ៍នេះបញ្ជាក់ថា សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែបន្តមានបញ្ហាប្រឈមលើប្រតិបត្តិការទិញលក់អចលនទ្រព្យពាណិជ្ជកម្ម។ នៅក្នុងរយៈពេលមធ្យម ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតអាចទទួលនូវរងផលប៉ះពាល់ដោយសារបញ្ហាប្រាក់កម្ចី និងការធ្លាក់ចុះសកម្មភាពនៅក្នុងវិស័យអចលនទ្រព្យពាណិជ្ជកម្ម ប្រសិនបើជំងឺ Covid-19 នៅតែបន្តមានរយៈពេលយូរ ហើយរដ្ឋាភិបាលបានបញ្ចប់ការគាំទ្រដល់ការចុះកិច្ចសន្យាមុនពេលសេដ្ឋកិច្ចងើបឡើងវិញ៕






