ដោយ៖វុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ការអភិវឌ្ឍន៍ម មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដើម្បីលើកស្ទួយវិស័យដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោកទាំងតម្លៃ និងសេវាកម្ម ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រាប់អភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនាថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ជាមួយនឹងការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ គឺជាទិសដៅក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោករដ្ឋមន្ត្រី បន្តថា ក្រសួងនិងក្រុមហ៊ុនYCH និងក្រុមហ៊ុន IA បានពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងក្របខណ្ឌសម្រាប់អភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ក៏ដូចជាប្រមូលធាតុចូលបន្ថែមពីគ្រប់ស្ថាប័នពាក់ព័ន្ធ សំដៅឱ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារជាគតិយុត្តិគ្រប់ជ្រុងជ្រោយ អាចទទួលយកបានពីគ្រប់ភាគី ជាពិសេស បម្រើឱ្យប្រយោជន៍ជាតិជារួម ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។
លោកបន្តថា ដើម្បីជំរុញឱ្យគម្រោងនេះមានដំណើរការកាន់តែរលូន និងឆ្ពោះទៅមុខ តាមផែនការ ក្រសួងកំពុងស្វែងរកដៃគូអភិវឌ្ឍន៍ ហើយធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីទទួលបានការណែនាំនិងចង្អុលបង្ហាញបន្ថែម មុនចាប់ផ្តើមកិច្ចប្រជុំលើកក្រោយ។
លោកបញ្ជាក់ទៀតថា ក្រសួងនិងក្រុមហ៊ុនYCH និងក្រុមហ៊ុន IA បានផ្ដល់ធាតុចូលដ៏មានតម្លៃ ក្នុងបុព្វហេតុរៀបចំកិច្ចព្រមព្រៀងនេះឱ្យមានសង្គតភាព ស្របតាមបរិបទច្បាប់ សង្គម និងសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងបានណែនាំឱ្យក្រុមការងារចំពោះកិច្ចធ្វើការងារនេះឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ និងក្រុមហ៊ុនវិនិយោគ ដើម្បីជំរុញឱ្យគម្រោងនេះដំណើរការរលូនស្របតាមកាលវិភាគ ដែលបានគ្រោងទុក៕






