ថៃពង្រីកអាកាសយានដ្ឋានសុវណ្ណភូមិ ត្រៀមទទួលអ្នកដំណើររហូតដល់ ១៥លាននាក់ ក្នុងឆ្នាំ ២០២១

0

ដោយ ៖ ហ្សូលី

បាងកក ៖ ការពង្រីកស្ថានីយ៍អ្នកដំណើររបស់អាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ បានបញ្ចប់ជាស្ថាពរ ក្រោយពីការផ្អាកសាងសង់អំឡុងពេលជំងឺ Covid-19 រាតត្បាតកាលពីពេលកន្លងទៅថ្មីៗ។

យោងតាមប្រធានអាកាសយានដ្ឋានប្រទេសថៃ លោក Nitinai Sirismatthakarn បានឱ្យដឹងថា ស្ថានីយ៍អ្នកដំណើរមួយនេះត្រៀមដាក់ឱ្យដំណើរការប្រើប្រាស់នៅក្នុងខែមេសា ឆ្នាំ២០២១ខាងមុខ។ វាមិនត្រឹមតែកាត់បន្ថយភាពអ៊ូអរប៉ុណ្ណោះទេ តែបង្កើនសមត្ថភាពបន្ថែមដែលអាចទទួលអ្នកដំណើរប្រមាណ ១៥លាននាក់សម្រាប់អាកាសយានដ្ឋានទាំងមូល។

គម្រោងពង្រីកអាកាសយានដ្ឋាននេះនឹងមានចំណតរថយន្ត ២៨ កន្លែង កាត់បន្ថយការកក់ស្ទះ និងអនុញ្ញាតឱ្យមានទីតាំងធំទូលាយងាយស្រួលធ្វើដំណើរ។ អ្នកជំនាញព្យាករណ៍ថា អាកាសយានដ្ឋានសុវណ្ណភូមិ មានសមត្ថភាពផ្ទុកអ្នកដំណើររហូតដល់ ១៥ លាននាក់ ក្នុងមួយឆ្នាំ។

ឧបករណ៍ទំនើបៗដូចជា ប្រព័ន្ធរថភ្លើងអេឡិចត្រូនិច ផ្លូវដើរស្វ័យប្រវត្តិ អាចដឹកជញ្ជូនអ្នកដំណើរប្រមាណ ៦០០០នាក់ ក្នុងមួយម៉ោង ដោយប្រើប្រាស់ផ្លូវក្រោមដីតភ្ជាប់ទៅកាន់ស្ថានីយ៍អ្នកដំណើរផ្ទាល់។

មេរោគរាតត្បាតបង្អាក់ដំណើរការសាងសង់អាកាសយានដ្ឋាននេះ នាំឱ្យការផ្គត់ផ្គង់សម្ភារៈមានភាពយឺតយ៉ាវក្នុងការដឹកជញ្ចូន ចំណែកឯអ្នកជំនាញមកពីក្រៅប្រទេសមិនអាចចូលមកក្នុងប្រទេសបាន ដោយសារការរឹតបន្តឹងការធ្វើដំណើរ។

សំណង់អគារស្ថានីយ៍ទាំងមូលបានចប់សព្វគ្រប់អស់ហើយ នៅសល់តែការរចនាម៉ូដ និងការតុបតែងផ្នែកខាងក្នុងប៉ុណ្ណោះ ដែលស្ថិតនៅក្នុងការពិភាក្សាសម្រេចបញ្ចប់។ អាកាសយានដ្ឋានថៃកំពុងធ្វើការនៅលើប្រព័ន្ធ APM ដែលបំពាក់នៅអគារផ្កាយរណប ហើយបច្ចុប្បន្នដំណើរការសាងសង់ប្រមាណ ៧០ ភាគរយ។

បើគិតសរុបទាំងអគារផ្កាយរណប អាចនឹងរួចរាល់នឹងក្នុងខែមេសា ឆ្នាំ ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here