ដោយ ៖ រ៉ាណេត
ពោធិ៍សាត់ ៖ រដ្ឋបាខេត្តពោធិ៍សាត់គ្រោងសាងសង់ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារៈមន្ទីរខេត្តពោធិ៍សាត់ ជាលើកដំបូងរបស់ខ្លួន ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និងសម្រួលដល់ការធ្វើដំណើរព្រមទាំងគ្រោះថា្នក់ចរចរណ៍។

ក្រុមការងារបច្ចេកទេសរដ្ឋបាលខេត្តពោធិ៍សាត់ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន ស្ពេក មេឌៀ ( SPACE MEDIA ) នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ បានចុះពិនិត្យ និងសិក្សាផ្ទាល់ពីទីតាំងជាក់ស្ដែងសម្រាប់សាងសង់ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារៈមន្ទីរខេត្ត ដែលសាងសង់ឡើងនៅពេលខាងមុខនេះ។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ធ្លាប់បានមានប្រសាសន៍ថា ស្ពានអាកាសថ្មើរជើងនេះ ត្រូវបានពិនិត្យ និងអនុម័តស្ថាបនា ក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី១២ ឆ្នាំទី១ អាណត្តិទី៣ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ នៅវេទិកាសាលាខេត្តពោធិ៍សាត់ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពក្រុងពោធិ៍សាត់ និងដើម្បីសម្រួលដល់ការធ្វើដំណើរ របស់អ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវនេះផងដែរ។
ស្ពានអាកាសថ្មើរជើង ថ្មីស្រឡាងនេះ នឹងត្រូវសាងសង់ឡើងក្នុងឆាប់ៗខាងមុខ ស្របពេលដែលច្រាំងស្ទឹង និងសួនច្បារ ១៤មករា ទើបតែត្រូវបានស្ថាបនា និងកែលម្អថ្មី។ ជាមួយនឹងវត្តមានស្ពានអាកាសនេះ នឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់សោភ័ណភាព និងមុខមាត់ខេត្តពោធិ៍សាត់ មិនតែប៉ុណ្ណោះក៏បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពេលអ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវនេះ។
ខេត្តពោធិ៍សាត់ ក៏មានគម្រោងកែលម្អសោភ័ណភាពក្រុងឱ្យមានលក្ខណៈទាក់ទាញ និងស្រស់បំព្រង តាមរយៈការដាក់ភ្លើងបំភ្លឺផ្លូវសំខាន់ៗ តាមទីសាធារណៈក្នុងក្រុងពោធិ៍សាត់ ព្រមទាំងមានគម្រោងបន្ថែម ជុំវិញការដាំដើមឈើ នៅអមសង្ខាងផ្លូវវៀងក្រុងផងដែរ៕






