ឧកញ៉ា​លឹម ហេង៖ វិស័យសំខាន់ៗចំនួន២របស់​កម្ពុជា​កំពុងមាន​សក្តានុពល​ខ្ពស់នាពេល​បច្ចុប្បន្ន

0

ដោយៈ​វុត្ថា

ភ្នំពេញៈ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹម ហេង បាន​មើល​ពី​សក្តានុពលសំខាន់ៗចំនួន២ ដែល​កំពុងមាន​សក្តានុពល​ខ្ពស់ និង​មានការ​ទាក់​លើ​ការ​វិនិយោគិន​អន្តរជាតិ​នាពេល​បច្ចុប្បន្នេះ បើទោះបី​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩។

លោក​ឧកញ៉ា លឹម ហេង បាន​ប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២០កន្លងមក​ឱ្យដឹងថា នាពេល​បច្ចុប្បន្ននេះ វិស័យសំខាន់ៗដែល​កំពុង​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង​របស់​កម្ពុជា រួមមាន វិស័យ​ឧស្សាហកម្ម ដូច​កាបូប ស្បែកជើង និង កង់ និង​ជាពិសេស​វិស័យ​កសិកម្ម ដែល​កំពុងមាន​ការចាប់​អារម្មណ៍​លើក​វិនិយោគ​ទាំង​វិនិយោគិន​ជាតិ និង​អន្តរជាតិ។

លោក​ថ្លែងថា “នៅក្នុង​សម័យ​កូ​វីដ​នេះ យើង​ឃើញ​វិស័យ​កសិកម្ម កំពុង​កំរើក​ខ្លាំង ហើយ​នេះ គឺជា​ក្តីសង្ឃឹម​របស់​កម្ពុជា” ។ លោក​បន្តថា “ខ្ញុំ​បាន​ជួប​ក្រុមហ៊ុន​អាមេរិក​ជាច្រើន បានបង្ហាញ​បំណង​ពី​ការវិនិយោគ​លើ​វិស័យនេះ​នៅ​កម្ពុជា ទាំង​ក្រុមហ៊ុន​កូរ៉េ ក្រុមហ៊ុន​ជប៉ុន ជាពិសេស​ក្រុមហ៊ុន​ចិន ដែល​បង្ហាញ​ឆ​ន្ទះ​ក្នុងការ​វិនិយោគ​ជាងគេ” ។

លោក​បន្តថា ក្រៅពីនេះ​យើង​ឃើញ​វិស័យ​ឧស្សាហកម្ម ដែល​កំពុង​មានការ​កំ​រើ​ក​ខ្លាំង​ដែរនោះ ដូចជា ផលិត​កាបូប (ផលិតផល​ធ្វើដំណើរ) ស្បែកជើង និង​កង់  ដែលមាន​ការនាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស​បាន​ច្រើន ក្នុងចំណោម​វិស័យ​ផ្សេងទៀត ។

លោក​បញ្ជាក់ទៀតថា “អ្វីដែល​ប៉ះពាល់​ខ្លាំង នៅក្នុង​អំឡុងពេល​មាន​វិបត្តិ​នេះ វិស័យ​ទេសចរណ៍ បានទទួល​រង​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង ដោយសារ​គ្មាន​លំហូរ​ភ្ញៀវទេសចរ​ពី​ក្រៅប្រទេស តែ​សម្រាប់​ទេសចរណ៍​ក្នុងស្រុក មាន​កំណើន​ឡើងវិញ​ដោយសារ​អ្នក​ដែលមាន​ធនធាន មិនអាច​ទៅ​ដើរលេង​នៅ​ស្រុក​ក្រៅ​បាន។ អ៊ីចឹង មានតែ​ដើរលេង​នៅក្នុង​ស្រុក ដែល​ជំរុញ​ឱ្យ​វិស័យនេះ មាន​កំណើន​ឡើងវិញ” ។

បើទោះបី​វិស័យ​មួយចំនួន​មាន​សក្តានុពល​ខ្ពស់ ដូចជា វិស័យ​កសិកម្ម​ជាដើម​របស់​កម្ពុជា ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន​កាលពីពេល​ថ្មី​នេះ បានដាក់​ចេញ​វិធានការ​បន្ថែម ដើម្បី​បន្ត​គ្រប់គ្រង ផលប៉ះពាល់​លើ​វិស័យសំខាន់ៗ នៃ​សេដ្ឋកិច្ច​នៅក្នុង បរិការណ៍​នៃ​វិបត្តិ និង​ការស្ដារ​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ-១៩ ។

រដ្ឋាភិបាល​បញ្ជាក់ថា មកដល់​បច្ចុប្បន្ន​ការខិតខំ អភិវឌ្ឍន៍​វ៉ាក់សាំង​បង្ការ​កំពុងមាន វឌ្ឍន​ភាពល្អ​គួរ​ជាទី​សង្ឃឹម ប៉ុន្តែ​គ្មាន​នរណា​ដឹងថា ពេលណា​វិបត្តិ​នៃ​ជំងឺ​កូ​វីដ-១៩ នេះ នឹង​បញ្ចប់​ហើយក៏​គ្មាន​នរណា អាច​ទស្សន៍ទាយ អំពី​ផលប៉ះពាល់​មកលើ​គ្រប់​ទិដ្ឋភាព នៃ​ជីវភាព​រស់នៅ​របស់​ស​ង្គ​ម​ជាតិនីមួយៗ បាន​ជាក់ច្បាស់​នោះដែរ។

រាជរដ្ឋាភិបាល​បន្ដថា នៅ​កម្ពុជា​វិបត្តិ​កូ​វីដ-១៩ នៅតែ​បន្ត​មាន​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​មក​លើ​ស្ថានភាព​សង្គម-សេដ្ឋកិច្ច ទោះបីជា​រាជរដ្ឋាភិបាល​បាន និង​កំពុង​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​នេះ ប្រកបដោយ​ប្រសិទ្ធភាព​ក៏ដោយ។ ក្រោម​ស្មារតី​បុ​រេ​សកម្ម និង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ពី​សំណាក់ ប្រជាជន វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា វិធានការ​ចំនួន៥ជុំ​ត្រូវបាន​ដាក់ចេញ និង​បានផ្តល់​លទ្ធផល​វិជ្ជមាន ដូចដែល​បាន​ព្រាងទុក។

ជាក់ស្តែង លំនឹង​ជីវភាព​របស់​ប្រជាជន ក៏ដូចជា​សកម្មភាព​ផលិតកម្ម និង​អាជីវកម្ម​ក្នុង​វិស័យ​ដែល​បាន រង​ផលប៉ះពាល់ ក៏​ចាប់ផ្តើម​មាន​ស្ថិរភាព និង​ប្រតិបត្តិការ​ឡើងវិញ។ទោះបីជា​យ៉ាងនេះ​ក្ដី វិស័យ​សំខាន់ ៗមួយចំនួន រួមមាន​ដូចជា៖ វិស័យ​កាត់ដេរ-វាយ​ន​ភណ្ឌ ,វិស័យ​ទេសចរណ៍ និង​វិស័យ​អាកាសចរណ៍​ជាដើម នៅតែ​រង​ផលប៉ះពាល់ ខ្លាំងជាងគេ ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ-១៩ នេះ ។ ស្របពេល​នេះដែរ គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​មួយចំនួន​ក៏​នៅ​កំពុង​បន្ត​ប្រឈម​នឹង​បញ្ហាលំបាក ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ផងដែរ។

រាជរដ្ឋាភិបាល​នឹង​បន្ត​តាមដាន ជាប្រចាំ​នូវ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ-១៩ , ស្ថានភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ក្របខណ្ឌ​តំបន់ និង​សកលលោក ដើម្បី​ពិនិត្យ និង​វាយតម្លៃ​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ-១៩ មកលើ​វិស័យសំខាន់ៗនៃ​សេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅ​ធ្វើ​បច្ចុប្បន្នភាព​សម្រាប់​វិធានការ​ចាំបាច់ ដែល​បាន​ដាក់ចេញ ព្រមទាំង​ត្រៀម​ដាក់ចេញ​នូវ​វិធានការថ្មីៗប ក្រោម​ក្របខណ្ឌ​យុទ្ធសាស្ត្រ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ ជំងឺ​កូ​វីដ-១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here