អនុប្រធាន​សភាពាណិជ្ជកម្ម​រំពឹងថា​នឹង​ទទួលបាន​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​សំណង់ពី​កូរ៉េ​កាន់តែច្រើន

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្ថិតនៅក្នុង​កំឡុងពេល​នៃ​ការរៀបចំ​គោល​កា​រ៍ សម្រាប់​បន្ត​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា-កូរ៉េ​ជុំ​ទី៣ខាងមុខនេះ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានបង្ហាញ​ពី​ក្ដី​រំពឹងថា កម្ពុជា​នឹង​ទទួលបាន​ក្រុមហ៊ុន​វិនិយោគ ផ្នែក​សំណង់ និង​អចលនទ្រព្យថ្មីៗពី​កូរ៉េ​បន្ថែម ក្រោយ​កិច្ចចរចារ​ដ៏​មាន​សារសំខាន់​មួយ​នេះ ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ថា ភាពល្អប្រសើរ និង​ផលប្រយោជន៍​ជាច្រើន​ដែល​កម្ពុជា នឹង​ទទួលបាន​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា-កូរ៉េ ដែល​ក្រៅពី​មាន​ភាពងាយស្រួល ក្នុង​ធ្វើ​ពាណិជ្ជ​ទ្វេភាគី​ក្រោម​ការ​រួចផុត​របាំង​ពន្ធ កម្ពុជា​ក៏​អាច​ទទួលបាន​គម្រោង​វិនិយោគថ្មីៗទៀត នៅក្នុង​វិស័យ​សំណង់ បន្ថែម​ពីលើ​ក្រុមហ៊ុន​ដែលមាន​ស្រាប់។

លោក​ឧកញ៉ា​បញ្ជាក់ថា “ក្រោម​ឥទ្ធិពល​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-កូរ៉េ ភាគី​នៃ​ប្រទេស​ទាំង២ នឹង​ទទួលបាន​ផលប្រយោជន៍​រួមគ្នា​ជាច្រើន ដែល​ក្រៅពី​បង្កើន​កិច្ចសហប្រតិបត្តិការ ក្នុងនាម​ជា​ប្រទេស​ក្នុង​តំបន់ ថែមទាំង​មានលទ្ធភាព​ខ្ពស់​ក្នុង​ការពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ផងដែរ។ នៅក្នុង​នោះ វិស័យ​សំណង់​ក៏​ទទួលផល​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​នេះ​ផងដែរ” ។

កាលពីពេល​កន្លងទៅ ក៏ដូចជា​នៅពេល​បច្ចុប្បន្ន សម្រាប់​វិស័យ​សំណង់​នៅ​កម្ពុជា យើង​ឃើញ​មាន​ក្រុមហ៊ុន​កូរ៉េធំៗជាច្រើន ដែល​បណ្តាក់​វិនិយោគ ដោយផ្ទាល់​លើ​ការអភិវឌ្ឍន៍​នៅក្នុង​វិស័យ​មួយ​នេះ ដូចជា​គម្រោង​សំណង់​អគារ Golden Tower 42, គម្រោង​ទីក្រុង Star City Cambodia, គម្រោង Booyoung Town ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី គម្រោង​ក្រុង​រណប Camko City នៅ​ខណ្ឌ​ឬ​ស្សី​កែវ រួម​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍​សំណង់ អគារ​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់​ជាច្រើន​ទៀត ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ និង​ជាប់​លំដាប់​ទី៣លើ​ការវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍​បន្តថា “វា​ជា​ការពិត ក្រោយពេល​បញ្ចប់​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ​ប្រកបដោយ​ភាពជោគជ័យ យើង​មិន​ត្រឹមតែ​ទទួលបាន​ផលចំណេញ លើ​ការនាំចេញ​ផលិតផល​ទៅកាន់​ប្រទេស​កូ​រ៉​នោះទេ” ។ លោក​បន្តថា “ប៉ុន្តែ​ថែមទាំង​អាច​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​វិស័យ​សំណង់ មកពី​បណ្តា​ប្រទេស​នានា​ជាច្រើន​ទៀត​ឱ្យ​កាន់​កម្ពុជា ដើម្បី​ធ្វើជា​ទីតាំង​ផលិត សម្រាប់​នាំចេញ​ផលិតផល​សម្រេច​ទៅកាន់​ទីផ្សារ​កូរ៉េ តាមរយៈ​ការកាត់បន្ថយ​របាំង​ពន្ធគយ និង​របាំង​មិនមែន​ពន្ធគយ” ។

លោក​បន្តថា “ដូច្នេះ​សម្រាប់​អត្ថប្រយោជន៍​របស់​កម្ពុ​ជា គឺ​ចំណេញ​លើ​ចំណេញ​ទ្វេដង” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here