ដោយវុត្ថា
ភ្នំពេញ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា កិច្ចព្រមព្រៀងក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា បានជំរុញឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងគ្នាមួយសម្រាប់ការអនុវត្តស្តង់ដារយានយន្តសហរដ្ឋអាមេរិកនៅលើទីផ្សារកម្ពុជា ខណៈដែលកម្ពុជាបាននឹងកំពុងពង្រឹងលើការអនវត្តស្តង់ដារនេះ ។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាកាលពីម្សិលមិញនេះ បានពិភាក្សាផ្តោតលើការយកចិត្តទុកដាក់ទលើវឌ្ឍនភាពនៃការអនុវត្តស្តង់ដារយានយន្តសហរដ្ឋអាមេរិក នៅលើទីផ្សារកម្ពុជា ការពង្រឹងវិស័យសហគ្រាសខ្នាតតូចនិងមធ្យម ក៏ដូចជាវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញាជាដើម ។
លោកថ្លែងថា កិច្ចខិតខំប្រឹងប្រែងនៃក្រុមបច្ចេកទេសភាគីទាំងពីរ (កម្ពុជា-អាមេរិក) សម្រេចបាននូវកិច្ចព្រមព្រៀងគ្នាមួយសម្រាប់ការអនុវត្តស្តង់ដារយានយន្តសហរដ្ឋអាមេរិកនៅលើទីផ្សារកម្ពុជា តាមរយៈយន្តការប្រើប្រាស់កិច្ចព្រមព្រៀងក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា ។
លោកបន្តថា ក្នុងនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានវិទ្យាស្ថានស្តង់ដារកម្ពុជាជាសេនាធិការជំនាញ និងដោយឈរលើគោលជំហរការអនុវត្តក្របខណ្ឌនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ក្រសួងបានធ្វើប្រកាសថ្មីស្តីពីការពន្យាពេលអនុវត្តក្នុងការទទួលយកវិញ្ញាបនបត្របញ្ជាក់អំពីការបញ្ចេញសារធាតុបំពុលខ្យល់ពីយានយន្តរបស់ភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិកក្នុងប្រការ៣ នៃប្រកាស លេខ:205 MIH/2019 ដោយផ្អែកលើសារាចរលេខ:០១សរ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជំនាញ ដើម្បីឲ្យការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីអាចដំណើរការទៅបានសម្រាប់ការចរាចរណ៌ផលិតផលយានយន្តស្តង់ដារសហរដ្ឋអាមេរិកលើទីផ្សារកម្ពុជា ។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានមើលលឃើញពីសមិទ្ធផលរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យប្រកាសនីយបត្រតក្កកម្ម (Patent Cooperation ) ជាមួយបណ្តាប្រទេសជាច្រើនក្នុងតំបន់ និងជាមួយសហគមន៍អឺរុប ។
លោកថ្លែងថា កិច្ចការនេះសហរដ្ឋអាមេរិក ពិតជាមានបំណងធ្វើជាមួយកម្ពុជា សម្រាប់ក្របខណ្ឌកិច្ចការពារវិស័យកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិកនៅកម្ពុជាផងដែរ។
ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា កម្ពុជាបានអនុវត្តធ្វើកិច្ចសហប្រតិបត្តិការលើវិស័យប្រកាសនីយបត្រតក្កកម្ម (Patent Cooperation ) ជាមួយប្រទេសជាច្រើនរួចទៅហើយ រួមមាន៖ជាមួយសឹង្ហបុរី ចិន កូរ៉េ ជប៉ុន និងសហគមន៍អឺរ៉ុប ដើម្បីអនវត្តការចុះបញ្ជីការពារសុពលភាពប្រកាសនីយបត្រតក្កកម្ម (Patent ) ក្នុងន័យការពារនូវការលួចចម្លងបច្ចេកវិទ្យារបស់ប្រទេសទាំងនោះ ដែលដាក់ការវិនិយោគនៅកម្ពុជា ។
ភាគីទាំងពីរបានឯកភាពគ្នាថានឹងខិតខំធ្វើការរួមគ្នាដើម្បីអាចចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ក្នុងឱកាសនៃការប្រារព្វពិធីខួបលើកទី៧០ នៃទំនាក់ទំនងវិស័យការទូតរវាងកម្ពុជា-សហរដ្ឋអាមេរិក នាពេលខាងមុខ ៕






