ដោយវុត្ថា
ភ្នំពេញៈ យន្តការភាពជាដៃគូគយ-ផ្នែកឯកជន ត្រូវបានបង្កើតឡើងដោយប្រកាសលេខ ៩០៦ សហវ.ប្រក ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការសម្រេចដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីលើកទឹកចិត្តឲ្យមានការចូលរួមរបស់ផ្នែកឯកជន ក្នុងការជម្រុញនូវអនុលោមភាពច្បាប់ និងប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។

-->
យន្តការនេះ ត្រូវបានប្រកាសជាផ្លូវការនាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១០ ក្នុងគោល បំណងលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចល្អ ប្រកបដោយសមធម៌សម្រាប់ផ្នែកឯកជនបន្ថែមទៀត។
ដើម្បីបង្កើនប្រសិទ្ធភាពនៃដំណើរយន្តការនេះ ដោយឈរលើស្មារតីភាពជាដៃគូស្នើភាពគ្នារវាងគយ និងផ្នែកឯកជន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចចេញប្រកាសលេខ ៣២០ សហវ.ប្រក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលសមាសភាពនិងកិច្ចដំណើរការភាព ជាដៃគូគយ-ផ្នែកឯកជន ដោយកែសម្រួលឲ្យមានសហប្រធានជាតំណាង អគរ និងផ្នែកឯកជនក្នុងសមសភាពថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសទាំងបី ។
ក្រុមការងារបច្ចេកទេសទាំងបីមាន ៖
១. ក្រុមការងារគយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យកាត់ដេរ
២. ក្រុមការងារគយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យមិនមែនកាត់ដេរ
៣. ក្រុមការងារគយ-ធុរកិច្ចបម្រើទីផ្សារក្នុងស្រុក
យន្តការភាពជាដៃគូគយ-ផ្នែកឯកជន ជាយន្តការសម្របសម្រួល ឲ្យមានកិច្ចសហការ និងការយោគយល់គ្នាទៅវិញទៅមក រវាងរដ្ឋបាលគយ និងផ្នែកឯកជន ពាក់ព័ន្ធដើម្បីដោះស្រាយរាល់បញ្ហាពាក់ព័ន្ធ នឹងគយឲ្យអស់លទ្ធភាពជាមុន មុននឹងឈានទៅដោះស្រាយកម្រិតអន្តរក្រសួង ឬដាក់ជូនវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
នេះគឺជាកត្តាមួយដ៏សំខាន់ ក្នុងការធានានូវប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយនៃកិច្ចសម្រួល ពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីបង្កើនប្រសិទ្ធភាព នៃការអនុវត្តយន្តការភាពជាដៃគូគយ និងផ្នែកឯកជនប្រកបដោយប្រសិទ្ធភាព តម្រូវឲ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយ នូវរាល់បាតុភាពអសកម្ម ដែលនាំឲ្យកំណើនសេដ្ឋកិច្ចជាតិមិនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕