ដោយយិន លាងគង់ ស្ថាបនិកគេហទំព័រ Propertyarea.asia
ភ្នំពេញៈ ការបោះឆ្នោតនៅអាមេរិក ដើម្បីជ្រើសរើសប្រធានាធិបតីមហាអំណាចមួយនេះ បានដល់ពេលរាប់ថយក្រោយហើយ ខណៈបេក្ខជនមកពីគណបក្សទាំងពីរកំពុងបង្ហាញក្តីសង្ឃឹមរៀងៗខ្លួន។
ប៉ុន្តែការឆ្លងមេរោគ Covid-19 របស់ប្រធានាធិបតីបច្ចុប្បន្ន បានធ្វើឲ្យឆាកសម្តែងលែងសូវល្អមើល ខណៈការតស៊ូមតិដ៏ក្តៅគគុក បានទាក់ទាញការចាប់អារម្មណ៍ ហើយការលើកឡើងរបស់លោក Joe Biden បានធ្វើឲ្យប្រជាប្រិយភាពរបស់លោក Trump ធ្លាក់ចុះ។
ការបោះឆ្នោតដែលទាក់ទាញ ចំណាប់អារម្មណ៍ពីមនុស្ស មកពីជុំវិញពិភពលោកនេះ បានធ្វើឲ្យប្រែប្រួលគោលនយោបាយសង្គម សេដ្ឋកិច្ច និងយោធាក្នុងពិភពលោក ហេតុនេះការជាប់ឆ្នោតរបស់អ្នកណាម្នាក់ ក្នុងចំណោមបេក្ខភាពដ៏មានសក្តានុពលទាំងពីរបាននិងកំពុងក្លាយជាចំណោទមួយ នៃគោលនយោបាយកាទូតរបស់ពួកគេ។
ប្រធានាធិបតីលោក Donald Trump
ប្រធានាធិបតីរូបនេះ ទំនងជាមនុស្សមានភាពចម្រូងចម្រាស់ច្រើនជាងគេ ក្នុងចំណោមប្រធានាធិបតីអាមេរិកទាំងអស់ សំរាប់សហគមន៍អន្តរជាតិ ដោយសារលោកបានដាក់ចេញនូវគោលនយោបាយ អាមេរិកជាអាទិភាព (American First) ដែលគោលនយោបាយនេះ សំដៅធ្វើឲ្យអាមេរិកមានសេដ្ឋកិច្ច និងអ្វីៗគ្រប់យ៉ាងមានភាពអស្ចារ្យ ប៉ុន្តែលទ្ឋផលទទួលបាន គឺធ្វើឲ្យសេដ្ឋកិច្ចរបស់មហាអំណាចនេះងើបឡើងមួយរយៈខ្លីប៉ុណ្ណោះ។
ផ្ទុយទៅវិញប្រធានាធិបតីរូបនេះ បានធ្វើឲ្យសហគមន៍អន្តរជាតិក្តៅក្រហាយ តាមរយៈការដកខ្លួនចេញពីសទ្ឋិសញ្ញានានា ការដាក់ទ័ណ្ឌកម្មជាឯកតោភាគី ដោយមិនគោរពតាមគោលការណ៍អង្គការសហប្រជាជាតិ ការដាក់ទ័ណ្ឌកម្មលើប្រទេសជាច្រើន ពិសេសបង្កើតសង្គ្រាមពាណិជ្ជកម្មជាមួយមហាយក្សចិនជាដើម។
គោលនយោបាយរបស់ Donald Trump
ក្តីសង្ឃឹម ដែលសេដ្ឋកិច្ចនឹងងើបឡើងវិញឆាប់ៗ កំពុងបាត់បង់បន្តិចម្តង។ អ្នកបោះឆ្នោតគាំទ្រលោក Donald Trump កំពុងងឿងឆ្ងល់ថា តើប្រធានាធិបតី Donald Trump ឬអតីតៈអនុប្រធានាធិបតី Joe Biden មានផែនការល្អប្រសើរជាងមុន ដើម្បីធ្វើឱ្យសេដ្ឋកិច្ចឆ្លងផុតពីការរាតត្បាត និងវិលត្រឡប់មករកភាពរឹងមាំឡើងវិញ។
ផែនការរបស់ពួកគេមិនអាចខុសគ្នាច្រើនទេ។ ផ្អែកលើការវិភាគរបស់យើង លោក Biden មានផែនការត្រឹមត្រូវ ហើយ Trump មានផែនការមិនត្រឹមត្រូវ។ ផែនការរបស់លោក Trump គឺសាមញ្ញ – បង្កើនធ្វើការងារទ្វេដងលើគោលនយោបាយ ដែលលោកបានធ្វើនៅក្នុងអាណត្តិដំបូងរបស់លោក។
ការដែលលោក Trump ធ្វើបែបនេះ ដោយសារតែលោកគិតថាលោក បានស្តារសេដ្ឋកិច្ចមុនពេលមានជំងឺរាតត្បាត ដូច្នេះលោកគិតថាលោកអាចស្ដារវាម្តងទៀត។ បញ្ហាជាគឺលោកគិតថា សេដ្ឋកិច្ចកំពុងតែដំនើរការល្អ នៅពេលដែលលោកចូលកាន់ដំណែងតែប៉ុណ្ណោះ។
លោក Joe ជាអ្នកណា និងដាក់ចេញគោលនយោបាយបែបណា?
តើលោក Joe Bidn eជាអ្នកណា? លោក Joe Biden (ឈ្មោះពេញ Joseph Robinette Biden Jr) កើតនៅថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ១៩៤២ គឺជាអ្នកនយោបាយអាមេរិក ដែលបានបម្រើការជាអនុប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិកឆ្នាំ ២០០៩ ដល់ឆ្នាំ២០១៧ និងបានធ្វើជាតំណាងឱ្យរដ្ឋ Delaware នៅព្រឹទ្ធសភាអាមេរិកពីឆ្នាំ១៩៧៣ ដល់ ២០០៩ ។
ជាសមាជិកម្នាក់ នៃគណបក្សប្រជាធិបតេយ្យ លោក Biden គឺជាបេក្ខជនដែលបានតែងតាំងជាអ្នកតំណាងបក្សប្រជាធិបតេយ្យ ដើម្បីឈរឈ្មោះជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ២០២០ ។ លោកមិនទទួលបានជោគជ័យ ក្នុងការតែងតាំងប្រធានាធិបតីប្រជាធិបតេយ្យនៅឆ្នាំ១៩៨៨ និងឆ្នាំ ២០០៨ នោះទេ។
លោក Biden ត្រូវបានចិញ្ចឹមបីបាច់នៅទីក្រុង Scranton រដ្ឋ Pennsylvania និងទីក្រុង New Castle County រដ្ឋ Delaware ។ គាត់បានសិក្សានៅសាកលវិទ្យាល័យUniversity of Delaware មុនពេលគាត់បានទទួលសញ្ញាប័ត្រច្បាប់ ពីសាកលវិទ្យាល័យSyracuse University ។
លោកបានក្លាយជាមេធាវីនៅឆ្នាំ១៩៦៩ ហើយត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា New Castle County Council នៅឆ្នាំ ១៩៧០ ។ លោក Joe Biden ត្រូវបានជ្រើសរើសជាថ្មីចំនួន៦ដង និងជាសមាជិកព្រឹទ្ធសភាជាន់ខ្ពស់បំផុតទី៤ នៅពេលដែលគាត់បានលាលែងពីតំណែង ដើម្បីកាន់តំណែងជាអនុប្រធានាធិបតីនៅឆ្នាំ ២០០៩ ។
ការចរចាររបស់លោកជាមួយ សមាជិកសភាសាធារណរដ្ឋ បានជួយរដ្ឋបាលលោក អូបាម៉ា អនុម័តច្បាប់រួមមានការបន្ធូរបន្ថយពន្ធ ការធានារ៉ាប់រងភាពគ្មានការងារធ្វើឡើងវិញនិង ច្បាប់បង្កើតការងារឆ្នាំ២០១០ ដែលបានដោះស្រាយការជាប់ពន្ធ។ ច្បាប់ត្រួតពិនិត្យថវិកាឆ្នាំ២០១១ ដែលបានដោះស្រាយវិបត្តិបំណុលឆ្នាំនោះ និងច្បាប់ផ្តល់ជំនួយដល់អ្នកជាប់ពន្ធអាមេរិកឆ្នាំ២០១២ ដែលបានដោះស្រាយអំពីសារពើពន្ធ ដែលជិតមកដល់។ លោកអូបាម៉ា និងលោក Biden ត្រូវបានជ្រើសរើសជាថ្មីក្នុងឆ្នាំ ២០១២ ។
នៅខែតុលាឆ្នាំ ២០១៥ បន្ទាប់ពីមានការសង្ស័យជាច្រើនខែ លោក Biden បានប្រកាសថា លោកនឹងមិនស្វែងរកតំណែងប្រធានាធិបតី នៅក្នុងការបោះឆ្នោតឆ្នាំ២០១៦ទេ។ នៅខែមករាឆ្នាំ ២០១៧ លោកអូបាម៉ា បានប្រគល់មេដាយសេរីភាពប្រធានាធិបតីដល់លោក។ បន្ទាប់ពីបញ្ចប់អាណត្តិទីពីររបស់លោក ជាអនុប្រធានាធិបតីលោក Joe Biden បានចូលរួមជាមួយមហាវិទ្យាល័យ នៃសាកលវិទ្យាល័យ Pennsylvania ជាកន្លែងដែលលោក ត្រូវបានគេដាក់ឈ្មោះជាសាស្ត្រាចារ្យ Benjamin Franklin នៃការអនុវត្តប្រធានាធិបតី។
លោកបានប្រកាសបេក្ខភាពជាប្រធានាធិបតី របស់លោកនៅឆ្នាំ២០២០ នៅថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០១៩ ដោយចូលរួមជាមួយបេក្ខជនប្រជាធិបតេយ្យជាច្រើន ដើម្បីស្វែងរកការតែងតាំងគណបក្ស។
សារនយោបាយ និងយុទ្ឋសាស្ត្រលោក Joe Biden
លោក Biden សន្យាអនុវត្តន៍ ផ្ទុយពីគោលនយោបាយជាច្រើនរបស់ Trump ។ លោកបានសន្យាថា លោកនឹងបន្តជំរុញប្រជាជនចិន ឱ្យគោរពតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ ប៉ុន្តែលោកនឹងធ្វើដូច្នេះដោយចូលរួមឡើងវិញ ជាមួយអង្គការពាណិជ្ជកម្មពិភពលោក និងអនុវត្តយុទ្ធសាស្ត្រពហុភាគីផ្សេងទៀត។
លោក Biden បាននិយាយអំពីលទ្ធភាព នៃការផ្តល់អនុសាសន៍ទៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាព ជាដៃគូអន្តរប៉ាស៊ីហ្វិក ជាមួយនឹងបទប្បញ្ញត្តិពលកម្ម និងបរិស្ថានតឹងរឹងជាងមុន។ TPP គឺជាកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅ ប៉ាស៊ីហ្វិកផ្សេងទៀត ដែលមិនរាប់បញ្ចូលប្រទេសចិន ពីព្រោះប្រទេសចិនមិនមានភាពយុត្តិធម៌ក្នុងការធ្វើពាណិជ្ជកម្មជាមួយទេ។
រដ្ឋបាលលោក Obama បានព្រមព្រៀងជាមួយ TPP ប៉ុន្តែលោក Trump បានដកខ្លួនចេញពីបទបញ្ជាមួយ ក្នុងចំណោមបទបញ្ជាប្រតិបត្តិដំបូងរបស់លោក។
លោក Biden ក៏នឹងធ្វើឱ្យមានការអន្តោប្រវេសន៍ពីបរទេសវិញ តាមរយៈការផ្តល់ក្តីតាមរយៈការផ្តល់ សញ្ជាតិ និងអនុញ្ញាតឱ្យជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនចូលមកអាមេរិក និងគាំទ្រច្បាប់កំណែទម្រង់អន្តោប្រវេសន៍ ដែលស្ទើរតែចូលជាធរមាននៅក្នុងអាណត្តិទី២របស់អូបាម៉ា។
ផែនការរបស់លោក Biden នឹងបង្កើនការចំណាយរបស់រដ្ឋាភិបាលយ៉ាងខ្លាំង។ លោកស្នើឱ្យមានការវិនិយោគធំៗ លើហេដ្ឋារចនាសម្ព័ន្ធរួម ដោយសង្កត់ធ្ងន់ជាធម្មតាលើ ផ្លូវថ្នល់ និងស្ពាន ប៉ុន្តែក៏ថាមពលស្អាត ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដូចជា បច្ចេកវិទ្យា5G បច្ចេកវិទ្យាផ្ទុកថាមពល និងបញ្ញាសិប្បនិម្មិត (AI)។ ការវិនិយោគលើវិស័យអប់រំក៏នឹងទទួលបានការជម្រុញដ៏ធំមួយផងដែរ រួមមានការអប់រំកុមារតូចៗ ការបង់ថ្លៃសិក្សានៅតាមមហាវិទ្យាល័យ សាធារណៈឥតគិតថ្លៃសម្រាប់និស្សិត ដែលមានប្រាក់ចំណូលទាប និងមធ្យម និងការដោះស្រាយបំណុលប្រាក់កម្ចីរបស់និស្សិត។
បណ្តាញសុវត្ថិភាពសង្គម ក៏នឹងកាន់តែរឹងមាំផងដែរ ដោយមានថវិកាកាន់តែច្រើនសម្រាប់ការថែទាំសុខភាពការថែរក្សាកុមារ និងមនុស្សចាស់ផ្ទះនិងសន្តិសុខសង្គម។
ការស្ទង់មតិ
ការស្ទង់មតិជាច្រើនលើកដែលធ្វើឡើង នៅតាមស្ថាប័នធំៗរបស់អាមេរិក បានរកឃើញថា ប្រធានាធិបតី Trump ទំនងគ្មានវាសនាជាប់ឆ្នោតទៀតនោះទេ ប៉ុន្តែភាពចម្រូងចំរាស់នៃការបោះឆ្នោតលើកនេះ ទំនងជាធ្វើឲ្យលទ្ឋផលចាញ់ឈឈ្នះ កាន់តែពិបាក ដោយសារប្រព័ន្ឋបោះឆ្នោតតាមប្រៃសណីយ៍ ត្រូវបានត្រាំចោទថា មានការលួចបន្លំសន្លឹកឆ្នោតច្រើន ហើយលោកទំនងជានឹងមិនចុះចេញពីដំណែង ប្រសិនជាលោកគិតថា លទ្ឋផលឆ្នោតមិនមានភាពប្រក្រតី។
ជាមួយគ្នានឹងការប្រកាសថា លោកនឹងមិនចុះចេញពីដំណែង ប្រសិនជាលទ្ឋផលឆ្នោតមានការលួចបន្លំច្រើន មេដឹកនាំយោធាដ៏មានឥទ្ឋិពលនៅអាមេរិក បានអះអាងរួវចហើយថា ពួកគេនឹងមិនលូកដៃចូលក្នុងការបោះឆ្នោតនាពេលខាងមុខនោះទេ។
ជាមួយនឹងប្រព័ន្ឋបោះឆ្នោត ដែលផ្អែកលើសម្លេងប្រតិភូធំជាង សម្លេងប្រជាពល រដ្ឋ លទ្ឋផលឆ្នោតពិតជាពិបាកប៉ាន់ស្មាន ហើយអ្នកណាជាប់ឬធ្លាក់ពិតជាពិបាកក្នុងការទស្សន៍ទាយយ៉ាងពិតប្រាកដ។
ចរិកបេក្ខជនទាំងពីរ
ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ពិសេសប្រតិភូនៅតាមបណ្តារដ្ឋនិមួយៗនៅសហរដ្ឋអាមេរិក ពិតជាសំខាន់ណាស់ ដើម្បីកំណត់វាសនាមហាអំណាចមួយនេះ ក៏ដូចការប្រែប្រួលនៃពិភពលោកទាំងមូល។
ការបង្កើតនូវវប្បធ៌មគាំពារនិយម ជាការទាត់ចោលសាកលភាវូបនីយកម្ម ដែលពិភពលោកកំពុងត្រូវការ ការមិនទទួលយកកំហុស ហើយចូលចិត្តទម្លាក់កំហុសឲ្យអ្នកដទៃ ចូលចិត្តសម្លុតគំរាម និងការដាក់ទ័ណ្ឌកម្មលើបណ្តាប្រទេសនានា ដែលមិនសហការជាមួយខ្លួនគឺជាចរិករបស់ Trump ។
ជាលទ្ឋផលក្នុងកំឡុងលោកកាន់អំណាច ប្រទេសជាច្រើនត្រូវបានដាក់ទណ្ឌកម្ម ដោយអាមេរិក មានដូចជាប្រទេស Balkans, Belarus, Burundi, Central African Republic, Cuba, Democratic Republic of Congo, Hong Kong, Iran, Iraq, Lebanon, Libya, Mali, Nicaragua, North Korea, Somalia, Sudan, South Sudan, Syria, Ukraine/Russia, Venezuela, Yemen, and Zimbabwe ។
ការបង្កើតឲ្យមានដោយចេតនា នូវការរើសអើងជាតិសាសន៍ ដែលធ្វើឲ្យមានប្រតិកម្ម ពីអតីតប្រធានាធិបតីខ្មែរខ្មៅដំបូងគេ ក្នុងប្រវត្តិសាស្ត្រអាមេរិក លោក Barack Obama និងប្រធានាធិបតី Bush ពិសេសសហគមន៍ស្បែកខ្មៅនៃសហរដ្ឋអាមេរិក ការគ្រប់គ្រងជំងឺ Covid-19 មិនបានល្អ កំពុងធ្វើឲ្យ Trump ធ្លាក់ប្រជាប្រិយភាពទាំងនៅអាមេរិក និងសហគមន៍អន្តរជាតិ។
ផ្ទុយទៅវិញលោក Joe Biden ជាមនុស្សមានចិត្តត្រជាក់ ជាមួយគោលនយោបាយដាក់ចេញច្បាស់លាស់ មានភាពទន់ភ្លន់ ការជាប់ឆ្នោតរបស់លោកទំនង ជាធ្វើឲ្យសហគមន៍អន្តរជាតិ ពិសេសមហាមិត្តចិនទំនងជាសម្បាយចិត្ត ដោយសារលោកមានគោលនយោបាយសហវិជ្ជមាន និងជ្រើសរើសសាកលភាវូបនីយកម្ម ជាជាងការគាំពារនិយមឬឯកតោភាគី។
ក្នុងពេលឈរដំណែងជាអនុប្រធានាធិបតី លោក Joe បានជួយលោក Barack Obama ជាច្រើន លើការរៀបចំគោលនយោបាយនានាទាក់ទងនឹងសង្គម សេដ្ឋកិច្ច ការកាត់បន្ថយភាពគ្មានការងារធ្វើ គោលនយោបាយគាំពារសង្គមជាដើម។
ការសម្រេចចិត្តចុងក្រោយ
ប្រជាពលរដ្ឋ និងប្រតិភូនៅតាមបណ្តារដ្ឋនិមួយៗរបស់អាមេរិក បាននិងកំពុងឈានដល់ការទាត់បាល់ប៉េណាល់ទី ដើម្បីវាស់ពីកម្រិតសមត្ថភាពនៃការវិនិច្ឆ័យរបស់ពួកគេ ប៉ុន្តែការវិនិចឆ័យដែលនឹងបង្ហាញលទ្ឋផលក្នុងរូបភាពពីរ ដែលឆ្លុះបញ្ចាំងពីចរិកប្រជាជាតិអាមេរិក។
ទី១ ប្រសិនជាប្រធានាធបតី Trump ជាប់ឆ្នោតជាថ្មី វានឹងបង្ហាញថាប្រជាជនអាមេរិកមិនមែនជាមនុស្សស៊ីវិល័យទៀតទេ ពួកគេចាប់ផ្តើមមានគំនិតអញនិយមកាន់តែខ្លាំង ហើយសង្គមអាមេរិកនឹងចាប់ផ្តើមបែកបាក់ នឹងដួលរលំកាន់តែឆាប់រហ័ស ពិសេសធ្លាក់ចេញពីដំណែងលេខ១របស់ពិភពលោក។
ទី២ ប្រសិនជាលោក Joe Biden ជាប់ឆ្នោត ដែលលោកមានគោលនយោបាយទន់ភ្លន់ និងលើកកំពស់នូវសាកលភាវូបនីយកម្ម វានឹងបង្ហាញថាប្រជាជនអាមេរិក ជាជនជាតិដែលមានភាពស៊ីវិល័យ ជាជាតិសាសន៍ដែលមានអរិយធ៌ម ជាជនដែលគួរឲ្យគោរពមិនមែនជាមនុស្សគួរឲ្យភ័យខ្លាចនោះឡើយ៕