ដីទំហំជាង២៣ម៉ឺនហិកតា ក្នុងខេត្តសៀមរាបត្រូវបានរក្សាទុកជាតំបន់ការពារធម្មជាតិ

0

ដោយ ៖ រ៉ាណេត

សៀមរាប ៖ ផ្ទៃដីទំហំសរុបជាង ២៣ ហិកតា នៅក្នុងខេត្តសៀមរាប ត្រូវបានរដ្ឋាភិបាលកំណត់រក្សាទុក និងអភិរក្សជាតំបន់ការពារធម្មជាតិប្រកបដោយចីរភាព បន្ទាប់ពីបានធ្វើការសិក្សាលម្អិត និងបែងចែកដាច់ដោយឡែកពីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់។

នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រុមការងារ និងមន្ត្រីជំនាញ បានបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាព ការពិនិត្យ ការសិក្សា និងចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង ការប្រើប្រាស់ដីរបស់កងទ័ពក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ការរៀបចំដីបម្រុងទុកសម្រាប់ការអភិវឌ្ឍន៍ក្រុង ស្រុក ខេត្តសៀមរាប។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សៅ សុភាព បានមានប្រសាសន៍កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅថា ការអនុវត្ត ការធ្វើទិន្នន័យប្រជាពលរដ្ឋ ដែលបានកាន់កាប់ និង អាស្រ័យផលជាក់ស្តែង ដើមី្បធ្វើការទប់ស្កាត់ការរុករានទន្រ្ទានដីរដ្ឋគ្រប់ប្រភេទ សំខាន់នៅតំបន់ឧទ្យានជាតិ ភ្នំគូលែន និង ដែនជម្រកសត្វព្រៃព្រហ្មទេព។

លោកបានបន្តទៀតថា តំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តសៀមរាបមានចំនួន៨កន្លែង ដែលមានផ្ទៃដីសរុបប្រមាណ ២៣៣ ៦៨៨ហិកតា ក្នុងនោះតំបន់ការពារទេសភាពអង្គរមានទំហំ ១០ ៨០០ ហិកតា , ឧទ្យានជាតិព្រះជ័យវរ័្មន.នរោត្តម (ភ្នំគូលែន) មានទំហំ ៣៧ ៣៧៣ ហិកតា (ក្នុងនោះដីអាស្រ័យផលមាន ១៥៣ ហិកតា , ដីចំការ ២ ៨៥៣ ហិកតា , ការសង់ខ្ទម និងបោះបង្គោលរបងអាណាធិបតេយ្យ ១៥៨ខ្នង , ដែនជម្រកសត្វព្រៃគូលែន.ព្រហ្មទេព ទំហំ ៤២ ៩០៣ ហិកតា , ដែនជម្រកសត្វព្រៃបឹងពែរ ទំហំ ៣៧ ៤៦៩ ហិកតា ដែនជម្រកសត្វព្រៃភ្នំត្នោត. ភ្នំពកទំហំ ១៧ ៥៦៩ ហិកតា , តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប (សត្វខឹ្សប) ទំហំ ៤ ៨៧១ ហិកតា , តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ទំហំ ៧៧ ៧០៣ ហិកតា និងតំបន់ស្នូលបឹងទន្លេឆ្នា (តំបន់រ៉ាមសារ) ទំហំ ៥ ០០០ ហិកតា ។

ក្នុងនោះដែរក៏មានសហគមន៍ការពារធម្មជាតិ ចំនួន១០កន្លែង មានផ្ទៃដីសរុប ១២ ៩៨៤ ហិកតា មានប្រជាពលរដ្ឋ ៣ ០៩៩ គ្រួសារ ដែលបានគ្រប់គ្រងដីព្រៃសហគមន៍តំបន់ការពារធម្មជាតិឱ្យមាននីរន្តរភាព។ ក្នុងនោះដែរលោក ក៏បានលើកនូវបទពិសោធន៍ និងវិធានការល្អៗមួយចំនួនក្នុងការធ្វើទិន្នន័យដីធ្លីឱ្យបានចប់សព្វគ្រប់ ដើមី្បបញ្ចប់នូវបញ្ហាវិវាទដីធ្លីង និងការរុករានទន្រ្ទានដីរដ្ឋដោយខុសច្បាប់ ។

អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានធ្វើការជម្រុញដល់អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ និងមេភូមិ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការរុករាន ក្នុងតំបន់ការពារធម្មជាតិ ដើម្បីវាតទីយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន សូមត្រូវចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ គឺយើងត្រូវតែពន្លឿនក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីនៅតាមស្រុកនីមួយៗឱ្យបានរួចរាល់ក្នុងឆ្នាំ២០២១ខាងមុខនោះជាកំហិត។

លោកបានបន្តឱ្យដឹងទៀតថា ពេលនេះជាឱកាសដែលអាជ្ញាធរមូលដ្ឋាន គឺត្រូវគ្រប់គ្រងដីធ្លីនៅក្នុងដែលសមត្ថកិច្ចរដ្ឋបាលខ្លួនគ្រប់គ្រងឱ្យបានជាក់ច្បាស់ ដើមី្បក្នុងការធ្វើសម្រងទិន្នន័យឱ្យបានត្រឹមត្រូវ ព្រមទាំងធ្វើការស្រាវជ្រាវពីប្រវត្តិសាវតាប្រជាពលរដ្ឋបានច្បាស់ ដើមី្បធ្វើការស្នើសុំទៅរាជរដ្ឋាភិបាលស្នើសុំធ្វើការឆ្វៀលដីជូនពួកគាត់ទៅតាមការជាក់ស្តែង។

នៅក្នុងពេលនេះការធ្វើទិន្នន័យបានច្បាស់លាស់នឹងផ្តល់ជូនពួកគាត់ហើយនោះ តែបែរជាពួកគាត់នៅតែបំពានរុករានយកដីរដ្ឋបន្តនោះ នឹងត្រូវចាត់ការអនុវត្តទៅតាមច្បាប់រដ្ឋបាលផងដែរ ។ ម៉្យាងទៀតអាជ្ញាធរមូលដ្ឋានទាំងអស់ ក៏ត្រូវធ្វើការពន្លឿនក្នុងការធ្វើទិន្នន័យប្រជាពលរដ្ឋឱ្យបានចប់សព្វគ្រប់ ដើមី្បបានទិន្នន័យសម្រាប់ជាធាតុចូលក្នុងការកំណត់បែងចែកតំបន់ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here