ដោយ ហ្សូលី
ភ្នំពេញ៖ កូរ៉េខាងត្បូងត្រៀមបើកការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ជុំទី ៣ នៅក្នុងសប្តាហ៍នេះ ដើម្បីរៀបចំផែនការលម្អិតបន្ថែម ស្របតាមការខិតខំរបស់ក្រុងសេអ៊ូក្នុងការធ្វើពិពិធកម្មផលប័ត្រនាំចេញទៅកាន់តំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមឱ្យដឹងពីភាគីកូរ៉េខាងត្បូងនៅថ្ងៃ០៥ ខែតុលា ឆ្នាំ ២០២០នេះ។

យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូងបានឱ្យដឹងថា កិច្ចប្រជុំនឹងប្រព្រឹត្តឡើងរយៈពេល ៣ថ្ងៃ តាមប្រព័ន្ធវីដេអូ ចាប់ផ្តើមនៅថ្ងៃអង្គារ ទី ០៦ ខែតុលា ឆ្នាំ ២០២០ ជាមួយនឹងគោលដៅពិនិត្យលើសេចក្តីព្រៀងចុងក្រោយនៃកិច្ចព្រមព្រៀងសម្រាប់ចុងឆ្នាំ ២០២០នេះ។
ប្រទេសកម្ពុជា និងកូរ៉េខាងត្បូង បានបើកកិច្ចចរចាលើកទី ១ របស់ខ្លួនកាលពីខែកក្កដា កន្លងទៅ បន្ទាប់មកមានការចរចាជុំទី ២ នៅថ្ងៃទី ៣១ ខែសីហា រហូតដល់ថ្ងៃទី ០២ កញ្ញា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ប្រទេសកម្ពុជាបានបង្ហាញពីកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ ៧ ភាគរយ ចាប់តាំងពីឆ្នាំ ២០១១មក។ កម្ពុជាជាប្រទេសដែលមានសក្តានុពលកំណើនខ្ពស់ ជាមួយនឹងកត្តាប្រជាសាស្រ្តដែលអត្រាប្រជាជនអាយុត្រឹម ៣៥ ឬក្រោម ៣៥ មានចំនួន ៧២ ភាគរយនៃប្រជាជនសរុប។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង និងកូរ៉េខាងត្បូង-អាស៊ាន នឹងបង្កើតភាពអំណោយផលបរិយាកាសពាណិជ្ជកម្ម និងបង្កើនការប្រកួតប្រជែងរវាងក្រុមហ៊ុនកូរ៉េខាងត្បូង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីសំណើររៀបចំពាណិជ្ជកម្មសេរីទ្វេរភាគី កាលពីអំឡុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជេអ៉ីន នៅទីក្រុងភ្នំពេញ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ។
ប្រទេសទាំងពីរបានចាប់ផ្តើមសិក្សារួមគ្នាលើកិច្ចព្រមព្រៀងនេះចាប់តាំងពីខែមករាដល់ខែឧសភាឆ្នាំនេះ ហើយបានប្រកាសថា ប្រទេសទាំងពីរបានចាប់ផ្តើមដំណើរការលើកិច្ចព្រមព្រៀងជាផ្លូវការនៅក្នុងខែកក្កដា។

ទំហំពាណិជ្ជកម្មរួមគ្នារវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុតគឺ ១,០៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ដែលកើនឡើង ៦ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ការនាំចេញសម្រេចបាន ៦៩៧ លានដុល្លារកើន ៥,៥ ភាគរយធៀបនឹងឆ្នាំមុន។ ប្រទេសកម្ពុជាគឺជាទិសដៅនាំចេញធំជាងគេទី ៥៨ សម្រាប់ប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០១៩ ។ កូរ៉េខាងត្បូងភាគច្រើននាំចេញរថយន្តដឹកទំនិញភេសជ្ជៈនិងវាយនភ័ណ្ឌមកកម្ពុជា ខណៈនាំចូលទំនិញពីកម្ពុជាមានដូចជា សម្លៀកបំពាក់ និងស្បែកជើង។
ទីក្រុងសេអ៊ូលបាននិងកំពុងដាក់ចេញនូវគោលនយោបាយថ្មីភាគខាងត្បូងដែលមានគោលបំណងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរបស់ទីក្រុងសេអ៊ូលជាមួយដៃគូអាស៊ីដែលកំពុងរីកចម្រើន និងកាត់បន្ថយការពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រទេសចិនឬសហរដ្ឋអាមេរិក។

ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេពីរនៅលើពិភពលោកមានចំនួនប្រហែល ៤០ ភាគរយនៃការនាំចេញសរុបរបស់កូរ៉េខាងត្បូងដែលធ្វើឱ្យកូរ៉េខាងត្បូងងាយរងគ្រោះពីការធ្លាក់ចុះសេដ្ឋកិច្ចពីភាពតានតឹងដែលកំពុងកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោននិងប៉េកាំង។
នៅពេលដែលកតិកាសញ្ញានេះត្រូវបានចុះហត្ថលេខាប្រទេសកម្ពុជានឹងត្រូវបញ្ចូលទៅក្នុងបញ្ជីដៃគូពាណិជ្ជកម្មសេរីដាច់ដោយឡែករបស់កូរ៉េខាងត្បូងប្រចាំតំបន់អាស៊ីអាគ្នេយ៍ដែលបច្ចុប្បន្នគ្របដណ្តប់លើប្រទេសវៀតណាម និងសិង្ហបុរី៕ Yonhap






