ដោយ : ដួង ចន្រ្ទា
ភ្នំពេញ : រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុគ្រោង នឹងរៀបចំគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍នាគរាជ នៅខេត្តព្រះសីហនុ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរពីជុំវិញពិភពលោកចូលមកកំសាន្ត និងស្នាក់នៅកាន់តែយូរនៅកម្ពុជា។
ទីតាំងដែលរដ្ឋាភិបាលគ្រោងបង្កើត ជាតំបន់អភិវឌ្ឍន៍ទេសចរណ៍នាគរាជនេះមានទំហំ២២១១ហិកតា មានទីតាំងនៅភូមិសាស្ត្របឹងកង្កែប និងតំបន់ពយម៉ាចូវ(ក្នុងភូមិគគីរឃុំបិតត្រាំង)នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានមានប្រសាសន៍ឲ្យដឹង ក្នុងកិច្ចប្រជុំកាលពីពេលថ្មីនេះថា គោលដៅសំខាន់នៃការបង្កើតតំបន់ទេសចរណ៍នាគរាជនេះ ធ្វើឡើងដើម្បីបង្កើនឱ្យមានការទាក់ទាញភ្ញៀវទេសចរអន្តរជាតិនានា មកពីជុំវិញពិភពលោក ចូលមកកំសាន្តនៅកម្ពុជាជាពិសេសខេត្តព្រះសីហនុ និងស្នាក់នៅកាន់តែយូរនៅកម្ពុជា។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអះអាងថា “ខេត្តព្រះសីហនុ អនាគតនឹងមានភ្ញៀវមកច្រើន និងមានការអភិវឌ្ឍលឿនជាងគេ ដោយហេតុថាខេត្តព្រះសីហនុ មានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗទៀត”។ លោកបន្តថា “សម្រាប់ដំណាក់កាលនេះ ក្រុមការងារពិសេសេថ្នាក់ក្រសួង និងថ្នាក់ខេត្តព្រះសីហនុ នឹងចុះកំណត់ទីតាំងជាក់ស្តែងនៃទីតាំង គ្រោងអភិវឌ្ឍជាតំបន់ទេសចរណ៍នាគរាជ ការរស់នៅ កាន់កាប់ដីធ្លីក្នុងតំបន់នោះរបស់ប្រជាជន និងសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គម ដើម្បីរកដំណោះស្រាយជូនពួកគាត់ ឱ្យទទួលបានផលប្រយោជន៍ដោយសមធម៌។