ធនាគារពាណិជ្ជចិនដ៏ធំមួយទៀត ចូលមកកាន់ទីផ្សារកម្ពុជា

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ធនាគារពាណិជ្ជមកពីប្រទេសចិនដ៏ធំមួយទៀត បានមកបណ្តាក់ទិនវិនិយោគនៅក្នុងទីផ្សាររួមនៃប្រទេសកម្ពុជា និងប្រកាសធ្វើប្រតិបត្តិការជាផ្លូវការ ក្រោយពីទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។

ក្រុមហ៊ុន យូណានជីងចេង ដែលមានមូលដ្ឋានក្នុងប្រទេសចិន បានបង្កើតធនាគារពាណិជ្ជ ដែលមានឈ្មោះថា ធនាគារ រួយលី ខេមបូឌា ម.ក និងបានប្រកាស
ដំណើរការជាផ្លូវការនៅកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅនេះ ក្រោមវត្តមានរបស់ទេសាភិបាលធនាគារជាតិនៃកម្ពុជាផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនយូណានជីងចេង ដែលជាក្រុមហ៊ុនមេរបស់ធនាគារ រួយលី នៅកម្ពុជា បានឱ្យដឹងថា ការបង្កើតធនាគារពាណិជ្ជរួយលី នៅកម្ពុជា ដើម្បីបន្តជំរុញផែនការសហប្រតិបត្តិការលើ គ្រោង ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ប្រទេសចិន។

លោក Dong Le Cheng ស្ថាបនិកក្រុមហ៊ុន យូណានជីងចេង បានលើកឡើងថា កាលពីខែតុលា ឆ្នាំ២០១៨ ក្រុមហ៊ុនបានចាប់ផ្តើមវិនិយោគបង្កើតធនាគារ រួយ លី (ខេមបូឌា) ម.ក ហើយនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំដដែល ក្រុមហ៊ុនបានទទួលការយល់ព្រមជាគោលការណ៍ពីធនាគារជាតិនៃកម្ពុជា និងបានស្ថាបនាទីតាំងអាជីវកម្ម អភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងរបស់ធនាគារ ក៏ដូចជាទិញបរិក្ខារឧបករណ៍ ព្រមទាំងជ្រើសរើសបុគ្គលិក និងបណ្តុះបណ្តាលជាបន្តបន្ទាប់។

លោក បានបន្តទៀតថា នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការធនាគារពាណិជ្ជកម្ម ដែលចេញដោយធនាគារជាតិនៃកម្ពុជា ហើយបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី៧ ខែវិច្ឆិកា ដើម្បីផ្ដល់សេវាធនាគារដល់ប្រជាជនកម្ពុជា ក៏ដូចជាវិនិយោគិនដទៃទៀតដែលមានវត្តមានក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះ ធនាគារ រួយ លី (ខេមបូឌា) ម.ក បានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង (Core System)ដែលមានភាពជឿនលឿនរបស់ប្រទេសចិន ដើម្បីផ្ដល់ភាពងាយស្រួល និងធានាសុវត្ថិភាពប្រតិបត្តិការជូនអតិថិជន។ ដើម្បីធានាសុវត្ថិភាពលើប្រព័ន្ធប្រតិបត្តិការរបស់ធនាគារ ក៏ដូចជាសុវត្ថិភាពទឹកប្រាក់ និងព័ត៌មានរបស់អតិថិជន ធនាគារបានជ្រើសគ្រឿងបរិក្ខារម៉ាកយីហោជួរមុខ ដូចជា Huawei, NSFOCUS និង360ជាដើម ហើយក្រុមការងារប្រកប ដោយវិជ្ជាជីវៈរបស់ធនាគារ នឹងផ្តល់ជូនសហគ្រាស និងបុគ្គលគ្រប់រូបនូវសេវាកម្មហិរញ្ញវត្ថុដែលមានគុណភាពល្អ ប្រសិទ្ធភាពខ្ពស់ និងទូលំទូលាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here