ដោយ ៖ ហ្សូលី
ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនត្រូវបានកត់ត្រាក្នុងទឹកប្រាក់ចំនួន ១.៥៤៨ លានដុល្លារក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ពោលគឺធ្លាក់ចុះ ២៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យបានមកពីអង្គការជប៉ុន Jetro។
យោងតាមតួលេខពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បង្ហាញថា គិតចាប់តាំងពីខែមករាដល់ខែកញ្ញាឆ្នាំ២០២០ ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ១.២០៨ លានដុល្លារទៅជប៉ុន ដែលជាការធ្លាក់ចុះប្រចាំឆ្នាំ ៥,៦ ភាគរយ។
ទន្ទឹមនឹងនេះដែរប្រទេសកម្ពុជាបាននាំចូលទំនិញពីប្រទេសជប៉ុនចំនួន ៣៣៩ លានដុល្លារ ពោលគឺធ្លាក់ចុះ ១៤,៨ ភាគរយ។
យោងតាមក្រសួងពាណិជ្ជកម្ម ផលិតផលសក្តានុពលរបស់កម្ពុជាដែលនាំចេញទៅទីផ្សារជប៉ុនមានដូចជា សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិក។
កាលពីឆ្នាំ ២០១៩ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងប្រមាណ ១៣ ភាគរយស្មើនឹងប្រមាណ ២,២៩២ លានដុល្លារអាមេរិក៕






